Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់
ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា
ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម
ផ្ទះឡានម៉ូតូឆេះទាំងស្រុង និងមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ករណីអគ្គីភ័យនៅស្រុកសូទ្រនិគម
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៦

តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់

ខេត្តសៀមរាប៖លោក ឌុច គឹមដម នាយករងរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃ គណៈខេត្តលោក សុខ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់ ក្រុមការងារស្រុកនិងតំណាងអង្គការ NIBC នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចុះសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌មួយចំនួន មកចែកជូនដល់បងប្អូនគ្រួសារភៀសសឹកសរុបចំនួន ៩០៤ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកក្នុង ភូមិសាស្ត្រស្រុក រួមមាន មណ្ឌលវត្តធម្មរង្សីសំពៅលូន មណ្ឌលវត្តពោធិក្រឡាញ់ ឃុំក្រឡាញ់ មណ្ឌលវត្តភ្នំទ្រង់ បាត ឃុំកំពង់ថ្កូវ មណ្ឌលភៀសសឹកវត្តបូរណ៍ខ្នារតេជោ ឃុំចន្លាស់ដៃ និងមណ្ឌលភៀសសឹកវត្តបូទុម្មរតណញ្ញាណ ឃុំស្រណាល។

សូមបញ្ជាក់ថាបងប្អូនគ្រួសារភៀសសឹកសរុបចំនួន ៩០៤ គ្រួសារ​ ដោយក្នុង១គ្រួសារទទួលបាន​អង្ករ១០គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង២.៥ខាំ និងខ្ទឹមសរ កន្លះគីឡូ និងមានសៀវភៅ ខ្មៅដៃ នំ និងស្ករគ្រាប់ មួយចំនួន ដោយឡែកសម្រាប់៤០០នាក់ ជួយដល់កុមារដែលមកជាមួយ គ្រួសារនីមួយៗ ផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ NIBC​ ដែលបានផ្តល់នូគ្រឿងឧបភោគបរិភោគដល់បងប្អូនគ្រួសារភៀសសឹកសរុបចំនួន ៩០៤ គ្រួសារ​ ដែលកំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៦

ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា

អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម ទេព អាស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia”។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។

តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែតWSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។

ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

ក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មានសូមរំលឹកជូនផងដែរថា បន្ទាប់ពីកាសែតWSJ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “How Cybercrime Became a Leading Industry in ‘Scambodia’” ក្រសួងព័ត៌មានបានចាត់វិធានការឆ្លើយតបភ្លាមៗ ព្រោះអត្ថបទនេះបានប្រើប្រាស់ពាក្យពេចន៍ខ្វះវិជ្ជាជីវៈ និងមានចរិតលក្ខណៈវិទ្ធង្សនាលើកិត្តិយសជាតិកម្ពុជា។

ជាមួយលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានស្នើសុំការកែតម្រូវជាផ្លូវនូវកំហុសវិជ្ជាជីវៈ និងស្នើផ្សាយអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមលើនេះទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការយកឈ្មោះប្រទេសកម្ពុជា ទៅលេងសើចភ្ជាប់នឹងបញ្ហាឧក្រិដ្ឋកម្មសកល ដែលទង្វើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៦

សម្តេចហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ អ្វីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ចាមនេះសាជាថ្មី។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។

សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំភ្លេចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។

សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន។

នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ចាម ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៦

ផ្ទះឡានម៉ូតូឆេះទាំងស្រុង និងមនុស្សចំនួន៤នាក់រងរបួសធ្ងន់ស្រាល ករណីអគ្គីភ័យនៅស្រុកសូទ្រនិគម

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ៤ នាក់ បានរងរបួសធ្ងន់ស្រាលនិងទ្រព្យសម្បត្តិមានរថយន្តម៉ូតូ សម្ភារៈ ទាំងផ្ទះរួមនិងតូបចាប់ហួយត្រូវបានអគ្គីភ័យឆាប់ឆេះទាំងស្រុង។ នេះបើតាមរបាយការណ៍ព័ត៌មានបឋម។

ហេតុការណ៍អគ្គីភ័យនេះ វេលាម៉ោង ១២និង២០នាទី រំលង អធ្រាត្រ និងរលត់ស្ថាពរម៉ោង ៣និង៥០នាទី ព្រឹក នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម។

ម្ចាស់ផ្ទះឈ្មោះ ហេង ឡាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ ស្ថិតនៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម។

សមត្ថកិច្ចបានប្រាប់ថា អគ្គីភ័យនេះ បណ្តាលឲ្យរងការខូចខាតទាំងស្រុង ផ្ទះ ០១ខ្នង ទំហំ ០៨ម៉ែត្រ x ១២ម៉ែត្រ ឈើលើថ្មក្រោមដំបូលប្រក់ក្បឿង និងសង្ក័សី ព្រមទាំងតូបលក់ចាប់ហួយ ០១ខ្នង ប្រក់សង្ក័សី ទំហំ ៦ x ១២ ម៉ែត្រ រួមទាំង :
-ឆេះរថយន្ត ០១គ្រឿង ម៉ាកតាកូម៉ា
-ឆេះម៉ូតូ ០៤គ្រឿង និង ម៉ូតូសណ្ដោងរឺម៉ក ០២
-របួសម្ចាស់ផ្ទះ ០៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម (ធ្ងន់ ០១នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប)
-សម្ភារ និងទ្រព្យសម្បត្តិផ្សេងៗទៀតពុំទាន់វាយតម្លៃបាន។

សមត្ថកិច្ចបានបន្តថាកិច្ចប្រតិបត្តិការសហការជាមួយអធិការដ្ឋាននគរបាលស្រុកបាគង ឡានអគ្គិភ័យ ០១គ្រឿង និង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឡានអគ្គិភ័យ៣គ្រឿង ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ស្មើនឹងចំនួន ៦៦០០០លីត្រ។ មូលហេតុ គ្រោះគ្រោះអគ្គីភ័យនេះ បណ្ដាលមកពីផ្ទុះសេខ្សែភ្លើង៕SRP

Like 199
Comment 0
Share ចែកចាយ
Views 46.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៦

កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះបានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។

ជាការឆ្លើយតប, សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។

សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានលើកពីកាលានុវត្តភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់អំពីបទពិសោធន៍ និងភាពខ្លាំងរបស់លីទុយអានី ដែលបានអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមានការរីកចម្រើនដូចសព្វថ្ងៃ។ ចំពោះកម្ពុជា, សម្តេចធិបតីបានគូសរំលេចពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យថាមពល ដែលមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតរហូតដល់ ៦២% និងមានគោលដៅបង្កើន ឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ, យន្តការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលឱ្យមានសន្ទុះខ្លាំងក្លា និងប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចធិបតីបានគូសរំលេចថា កម្ពុជា និងលីទុយអានី មានកាលានុវត្តភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យថាមពល។

មុននឹងបញ្ចប់, សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោក ដោយបានបង្ហាញនូវការយល់ស្របគ្នាចំពោះសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនប្រេីប្រាស់កម្លាំង។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការគាំទ្រ និងគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ ដែលជំហរនេះក៏ស្របទៅនឹងជំហររបស់សាធារណរដ្ឋលីទុយអានីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៦

ក្រសួងមហាផ្ទៃ បង្គាប់ឲ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋាន

ភ្នំពេញ៖មានបុណ្យស័ក្តិ តួនាទី ជាអ្នកអនុវត្តច្បាប់ ត្រូវបម្រើការពារប្រជាពលរដ្ឋ តែបុគ្គលជានាយនគរបាល ស័ក្តិ៥ ប្រើសំដីអសីលធម៌ គំរាមចាប់គេដាក់គុក គ្រាន់តែករណីគ្រោះថ្នាក់ចរាចរណ៍សោះ។

ក្រសួងមហាផ្ទៃ បង្គាប់ឲ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចលើរឿងនេះ។

សូមបញ្ជាក់ថាក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុក ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន ខណៈអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងមានចំណាត់ការលើករណីនេះដូចគ្នា។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦យ៉ាងដូច្នេះថា «យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះ ឲ្យបានសព្វគ្រប់ជ្រុងជ្រោយ។ ចំពោះសាមីខ្លួន គឺអាចសរសេររបាយការណ៍បំភ្លឺមកអង្គភាពខ្លួន និង/ឬអង្គភាពខ្លួនមានសមត្ថកិច្ចឲ្យសាមីខ្លួនបំភ្លឺរឿងហេតុនេះ ដើម្បីមានមូលដ្ឋានធ្វើមូលវិចារណ៍។ ទន្ទឹមនឹងនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចដូចគ្នា»។

សូមជម្រាបថា នគរបាលពាក់ស័ក្ដិ៥ម្នាក់ មានតួនាទីជាអនុប្រធាននាយកដ្ឋាន ក្នុងអង្គភាពចំណុះក្រសួងមហាផ្ទៃ បានរងការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គម ដែលប្រើប្រាស់ពាក្យសម្ដីគំរាមចាប់វាយខ្នោះពលរដ្ឋ ក្រោយជិះឡានប៉ះឡានរបស់ខ្លួនពាក់ផ្លាកលេខនគរបាលដែលចតនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មានឈ្មោះ ខៀវ សុងច័ន្ទសុធា ពាក់ស័ក្ដិ៥ ឋានៈជាអនុប្រធាននាយកដ្ឋាន បានបើករថយន្ដមួយគ្រឿងម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខនគរបាល2-0798 ចតនៅខាងស្ដាំដៃនៃផ្លូវ ពេលនោះស្រាប់តែមានរថយន្ដមួយគ្រឿងទៀត ម៉ាក Chevrolet Tracker ពណ៌ស (អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង) បើកមកប៉ះខាងក្រោយផ្នែកខាងឆ្វេង បណ្ដាលឲ្យបែកស្ដុប និងកំបិតកាងខាងក្រោយ។

បើទោះបីអ្នកបើកបររថយន្ដ Chevrolet Tracker ស្ថិតក្នុងស្ថានភាពស្រវឹងក៏ពិតមែន ប៉ុន្ដែមិនបានគេចវេសពីកន្លែងកើតហេតុនោះ ពោលបានព្យាយាមសម្របសម្រួលដោះស្រាយជាមួយរថយន្ដនគរបាលខាងលើ ដោយចេញថ្លៃសំណងចំនួន៥០០ដុល្លារ។ ក្រោយមក ម្ចាស់រថយន្ដ Chevrolet Tracker បានទាក់ទងទៅក្រុមគ្រួសារដើម្បីយកលុយមកសងសំណងដល់ឡាននគរបាល។

ពេលកំពុងឈរចាំនោះ ស្រាប់តែម្ចាស់រថយន្ដដែលជានគរបាលនោះ បានស្រែកគំរាមឲ្យនគរបាលដែលចុះទៅអន្ដរាគមន៍នៅកន្លែងកើតហេតុ ចាប់វាយខ្នោះ ដាក់គុកអ្នកបើករថយន្ដ ដែលប៉ះរថយន្ដរបស់ខ្លួនតែម្ដង ទើបក្រោយមកមានការប៉ះទង្កិចគ្នាដោយពាក្យសម្ដីផងដែរ។ ក្រោយស្រែកគំរាមរួច នគរបាលរូបនោះ បានលូកដៃយកបារីអេឡិចត្រូនិកនៅក្នុងហោប៉ៅ ជក់នៅមុខមហាជន ដែលបារីអេឡិចត្រូនិកនេះ ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ក្នុងការប្រើប្រាស់ ហើយកន្លងមកសមត្ថកិច្ចក៏បានបង្ក្រាបទីតាំងលក់ចែកចាយជាច្រើនផងដែរ។

សម្រាប់បុរសភាគីម្ខាងទៀត យើងទទួលស្គាល់ថា គាត់បានបើកឡានទៅកៀរឡានស្លាកលេខនគរបាលរបស់មន្រ្តីនគរបាលស័ក្តិ៥ បណ្តាលឲ្យខូចខាតខាងក្រោយ តែសម្រាប់បុរសរូបនេះទំនងជាមន្រ្តីរាជការផងនោះ គាត់មិនបានគេចវេសពីកន្លែងកើតហេតុ ហើយនៅចាំទទួលដោះស្រាយជាមួយម្ចាស់ឡានពាក់ស្លាកលេខនគរបាល។ តែសម្រាប់លោកនគរបាលពាក់ស័ក្តិ៥ ប្រើសម្ដីមកសុទ្ធតែយកទៅដាក់គុក តើនេះជាការដោះស្រាយបញ្ហារបស់នគរបាលជាតិមួយរូប នៅពេលជួបបញ្ហាជាមួយពលរដ្ឋ?

តើគាត់ចេះច្បាប់ទម្លាប់បែបណា និងកម្រិតណាដែរ ឬបានតែប្រើអំណាចសំដីដោយអាងលើស័ក្តិរបស់គាត់ និងតួនាទីជាមន្រ្តីនគរបាលជាតិ? បើសិនយើងស្វែងរកខុសត្រូវវិញ តើគាត់ចតឡានលើចិញ្ចើមផ្លូវបែបនេះ តើត្រូវច្បាប់ទេ? តើគាត់ប្រើឡានស្លាកលេខនគរបាល ក្នុងម៉ោងការងារ ឬយ៉ាងណា? បូករួមទាំងសកម្មភាព (ជក់បារីអេឡិចត្រូនិក) និងកាយវិការហាក់មិនសមរម្យ ក៏ជាហេតុផលមួយ សម្រាប់ថ្នាក់ដឹកនាំពិចារណា ស្រាវជ្រាវ និងការវាយតម្លៃលើបុគ្គលិកលក្ខណ:របស់មន្រ្តីនគរបាលរូបនេះ។

យ៉ាងណាមិញ សកម្មភាពទាំងអស់នេះរបស់នគរបាល ខៀវ សុងច័ន្ទសុធា បានរងនូវការរិះគន់ជាបន្ដបន្ទាប់ពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គម បានស្រាវជ្រាវរកឃើញទៀតថា កន្លងមកនគរបាលរូបនេះក៏ធ្លាប់មានរឿងអាស្រូវជេរប្រមាថទៅលើអ្នកដឹកជញ្ជូនទំនិញ ដែលខ្លួនបានបញ្ជាទិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៦

អាជ្ញាធរខេត្តសៀមរាបបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ
ប្រយុទ្ធប្រឆាំងបទល្មើសOnline Scams ដោយម៉ឺងម៉ាត់

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនកា ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែ មេសាឆ្នាំ២០២៦ នេះ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍សូមឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានយកចិត្តទុកដាក់បន្ថែម លើការងារប្រយុទ្ធប្រឆាំងបទល្មើស Online Scams គឺអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ អនុក្រឹត្យ បទបញ្ជានានា ពាក់ព័ន្ធបទល្មើល Online Scams និងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ដោយបន្តធ្វើរដ្ឋបាលចំហរ និងមានវិធានការចំពោះទីតាំងប្រមូលផ្តុំ ខុនដូ ផ្ទះជួល ឬ ទីតាំងអាជីវកម្មបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋានដោយមិនមានការយោគយល់។ ត្រូវមានកិច្ចសហការល្អដោយស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីបង្កើនសមត្ថភាព ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាក្នុងការតាមដាន និងកំណត់ទីតាំងជនល្មើស និងជនបរទេសដែលមកស្នាក់នៅក្នុងខេត្តសៀមរាប ត្រូវពង្រឹងការគ្រប់គ្រង និងតាមដានប្រព័ន្ធបច្ចេកវិទ្យា នៅគ្រប់គោលដៅ ពិសេសត្រូវធ្វើការណែនាំដល់ក្រុមហ៊ុនសេវាទូរស័ព្ទ ឱ្យរឹតបន្តឹងការចុះឈ្មោះការប្រើស៊ីមកាត និងតាមដានការប្រើប្រាស់អ៊ីនធឺណិតតាមទីតាំងជួលធំៗ។ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ អំពីបញ្ហាបទល្មើស Online Scams ដល់ប្រជាជន និងព្រមទាំងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពដោយបញ្ជ្រាបចំណេះដឹងផ្នែកឌីជីថលដើម្បីកុំឱ្យពលរដ្ឋចាញ់បោកការល្បួងតាម Telegram, WhatsApp ឬ App ក្លែងក្លាយហើយមន្ត្រីអនុវត្តច្បាប់ត្រូវតែស្អាតស្អំ និងមិនអនុញ្ញាតឱ្យមានការយោគយល់ ឬការពារជនល្មើសជាដាច់ខាត។

លោក សំកុល សុចិត្រា បានមានប្រសាសន៍បន្ថែមទៀតថា ខេត្តសៀមរាបគឺជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូចនេះ ចំពោះបញ្ហាបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានដល់កម្រិតអតិបរិមា ក្នុងគោលបំណងរក្សាការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការទប់ស្កាត់បទល្មើសនានា និងសុវត្ថិភាពសាធារណៈផងដែរបើពុំដូច្នោះទេ មុខមាត់របស់ខេត្តសៀមរាបនឹងមានការខូចខាត ហើយបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។

ក្នុងងនោះផងដែរឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាក៍នផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាពអំពីការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាណែនាំអំពីល្បិចកល និងវិធីការពារខ្លួនដល់សាធារណជន ប្រជាពលរដ្ឋ ជាពិសេសយុវជន អោយបានទូលំទូលាយ ដោយក្នុងនោះដែរកងកម្លាំងនគរបាលជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវសហការគ្នាអោយបានល្អ ក្នុងការបែងចែកការ ទទួលខុសត្រូវ ដើម្បីគ្រប់គ្រង កំណត់ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។ត្រូវពង្រឹងការត្រួតពិនិត្យការស្នាក់នៅ ការហូរចូល និងធ្វើការងាររបស់ជនបរទេសឱ្យស្របតាមច្បាប់អន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៍បានមានប្រសាសន៍ជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងទាំងបី សូមបន្តចូលរួមធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ អំពីកលល្បិចការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសាឆ្នាំ២០២៦កន្លងទៅថ្មីៗ ឲ្យមានប្រសិទ្ធភាពខ្ពស់ សំខាន់លើការអប់រំប្រជាពលរដ្ឋ និង ស្រទាប់យុវជន និង ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ និង អ្នកមានការពាក់ព័ន្ធ ដើមី្បយកមកធ្វើការផ្តន្ទាទោសតាមច្បាប់ផងដែរ ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៦

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី

ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញបញ្ចុះបឋមសិលា ក្រុងពាលីតម្លើងរូបសំណាកនាគព័ន្ធថ្មី និងស្រោចស្រង់បើកព្រះនេត្រនាគ  នៅចំណុចរង្វង់មូលនាគព័ន្ធចាស់ (ទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ) ស្ថិតនៅភូមិនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ មន្ត្រីរាជការ បាននិមន្តព្រះសង្ឃជ័យន្តោ ទៅតាមកិច្ចតាមសាសនា ដើម្បី ឧទ្ទិសបួងសួងសុំដល់ម្ចាស់ ទឹកដី សូមពរសេចក្ដីសុខ សេចក្ដីចំរើន ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ក៏ដូចជា ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរ ឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ផងដែរ។

បើតាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា រូបសំណាកនាគព័ន្ធនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលតំណាងឲ្យអត្តសញ្ញាណរបស់ខេត្តកំពង់ចាម ។ សមិទ្ធផលនេះ បានសាងអំពីស្ពាន់សុទ្ធ មានទម្ងន់ ៨តោន កំពស់ ១០ម៉ែត្រ (បូកទាំងជើងទម្រ ៣ម៉ែត្រ) ផង ។ រូបសំណាកថ្មីនេះ បានកសាងឡើង ទៅតាមទម្រង់ចាស់ទាំងស្រុង ដោយប្តូពីស៊ីម៉ង់ត៍ មកជាស្ពាន់សុទ្ធវិញ និងមានទំហំធំជាងមុន ដោយបានកែជើងទម្របែបថ្មី មានទំហំរហូតដល់ទៅ ១៧ម៉ែត្រ×១៧ម៉ែត្រ ឯណោះ។

សូមជម្រាបដែរថា រូបសំណាកនាគព័ន្ធថ្មីនេះ បានសាងសង់នៅលើបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតនៅចំណុចទល់មុខក្លោងទ្វារចូល វត្តប្រាសាទនគរបានជ័យ ក្នុងភូមិនគរបាជ័យ ស្រុកកំពង់សៀម ។ ហើយសំណង់នេះ ក៏ស្ថិតនៅជាមួយគម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់ចំណុចគល់ស្ពានគីស្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងអនុវត្ត ដោយក្រុមហ៊ុន CRBC ប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានដំណើរសាងសង់ នាចុងឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នាឆ្នាំ២០២៧ ខាងមុខនេះ ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៦

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបឯកឧត្តម វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកឯកឧត្តមជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។សម្ដេចបានសង្កត់ធ្ងន់ថាទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ។

ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរនៅពេលនេះ។ ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ចិន។ ឯកឧត្តមក៏នាំមកជាមួយនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះសម្ដេចតេជោផងដែរ។ ឯកបានលើកឡើងថា ឯកឧត្តមប្រធានាធិបតីក៏បានដឹងថា សម្ដេចតេជោ ថ្មីៗនេះបានទៅកាន់ប្រទេសចិនក្នុងការតាមដានអំពីព្រះរាជសុខភាពរបស់ព្រះព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ ឯកឧត្តមក៏បានសង្កត់នូវពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានលើកឡើងថា មិត្តភាពដែកថែបនេះ ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។
ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានប្រជុំជជែកពិភាក្សាគ្នា និងបានសម្រេចបានលទ្ធផលល្អៗជាច្រើនក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តម វ៉ាង យី។ សម្ដេចក៏បានផ្ដាំតាមរយៈឯកឧត្តម វ៉ាង យី ក្នុងការសួរសុខទុក្ខទៅកាន់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីផងដែរ ដែលបានសួរសុខទុក្ខដល់សម្ដេច។
សម្ដេចតេជោរីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជានេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត ហើយឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ អ្វីដែលជាការកត់សម្គាល់សម្ដេចតេជោបានជំរុញទៅកាន់ភាគីចិន គឺស្នើឱ្យភាគីចិនបន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺទៅលើសេដ្ឋកិច្ចដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះឱ្យបានកាន់តែរឹងមាំ។ សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមកជាពិសេសគឺការផ្ដល់ជំនួយក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលការជួយរបស់ចិនបានចូលរួមចំណែកនៅក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរឹងមាំ។

ឯកឧត្តម វ៉ាង យី ក៏បានលើកឡើងដោយសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានសរសើរពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ជាពិសេសគឺមានអគារខ្ពស់ៗ អគារធំៗជាច្រើនដែលកើតមានឡើង ហើយរដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍ជោគវាសនារួមដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏ស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម វ៉ាង យី បំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៦

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

នៅវិមានសន្តិភាពនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួបពិភាក្សាការងារ, ឯកឧត្តម វ៉ាង យី (Wang Yi) និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន (Dong Jun) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះ សម្ដេចធិបតី។

ឯកឧត្តម វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរសម្ដេចធិបតី ដែលបានដឹកនាំប្រទេសឱ្យសម្រេចបាននូវសន្ទុះអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់ឯកឧត្តម និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន ក្នុងយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្តម វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្ដេចធិបតីក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង។ សម្ដេចធិបតីបានអបអរសាទរសមិទ្ធផលដ៏អស្ចារ្យដែលប្រទេសចិនសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែទាំ ព្យាបាលព្រះរោគ និងផ្តល់បដិសណ្ឋារកិច្ចកក់ក្តៅ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ សម្ដេចធិបតីបានគូសរំលេចជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចធិបតីក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

សម្ដេចធិបតី និងឯកឧត្តម វ៉ាង យី រួមជាមួយឯកឧត្តមនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។  សម្ដេចធិបតី ឯកឧត្តម វ៉ាង យី និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន ក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី ឯកឧត្តមនាយឧត្តមនាវី តុង ជុន  និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៦

ប្រជាការពារសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរក្រុង

បងប្អូនកម្លាំងប្រជាការពារសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបខេត្តសៀមរាបចំនួន៣០នាក់ នៅរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៦ បានទទួលអំណោយជាគ្រឿង ឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ពីព្រះចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរក្រុងដើម្បីលើកទឹកចិត្តដល់ពួកគាត់ ក្នុងការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាបក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ការចែកជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណរបស់ព្រះសង្ឃ និងអាជ្ញាធរក្រុង ជូនដល់កម្លាំងបងប្អូនប្រជាការពាររៀបចំសណ្តាប់ធ្នាប់ ដែលជាកម្លាំងដ៏សំខាន់ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តពេលវេលាដើម្បីចូលរួមការងារសង្គមនិងជួយសម្រួលដល់ការលំបាកក្នុងការបំពេញការងារ ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្តថា បើគ្មានការចូលរួមពីបងប្អូនប្រជាការពារទេគឺការរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងនិងជួបការលំបាក ដែលទង្វើនេះ បង្ហាញឱ្យឃើញនូវគំរូវីរភាពដ៏ល្អមួយដែលបង្ហាញពី ស្មារតីស្នេហាជាតិ និងសាមគ្គីភាពដ៏រឹងមាំនៅក្នុងមូលដ្ឋានយើង។

ក្នុងនាមរដ្ឋបាលក្រុង លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប ក៍បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការលះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់បងប្អូនកម្លាំងប្រជាការពាររៀបចំសណ្តាប់ធ្នាប់ទាំងអស់ ក្នុងការចូលរួមថែរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរបស់យើង។

លោកបន្តថា ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ បងប្អូនតែងតែមានវត្តមាននៅតាមដងផ្លូវ តាមទីសាធារណៈ ដើម្បីជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយហើយការចូលរួមយាមល្បាត និងតាមដានសភាពការណ៍ក្នុងភូមិ/សង្កាត់ គឺបានជួយកាត់បន្ថយបទល្មើសផ្សេងៗ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត ដោយបងប្អូនមានស្មារតីសហការនិងបានបង្ហាញនូវសាមគ្គីភាពយ៉ាងល្អប្រសើរជាមួយអាជ្ញាធរ ក្នុងការបម្រើផលប្រយោជន៍រួមដោយមិនគិតពីការនឿយហត់។

លោកអភិបាលរងក្រុងសៀមរាបបានមានប្រសាសន៍បញ្ជាក់បន្ថែមថាការរៀបចំសណ្តាប់ធ្នាប់សាធារណៈល្អ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ គឺកើតចេញពីការចូលរួមចំណែកដោយស្ម័គ្រចិត្ត និងការទទួល ខុសត្រូវខ្ពស់របស់បងប្អូនទាំងអស់គ្នា ។

លោក ហាយ យង់ បានមានប្រសាសន៍សង្ឃឹមថាបងប្អូនកម្លាំងប្រជាការពារសណ្តាប់ធ្នាប់សាធារណៈរបស់រដ្ឋបាលក្រុងសៀមរាបនឹងបន្តស្មារតីដ៏ល្អប្រពៃនេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់យើងឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពជានិច្ចផងដែរ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 9.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៦

អង្គភាពប្រឆាំងអំពើពុករលួយ សម្រេច
បញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅតុលាការនៅរសៀលថ្ងៃនេះ

បើតាមការបញ្ជាក់របស់ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងប្រាប់ សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនខ្លួនអគ្គនាយករងអន្តោប្រវេសន៍ និងស្នងការរងនគរបាលរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀតទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។

ឧត្ដមសេនីយ៍​ឯក​ អ៊ុក​ ហៃសិឡា​ អគ្គនាយក​រង​ នៃ​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​ លោកឧត្ដមសេនីយ៍​ទោ​ ស​ សំណាង​ ស្នងការ​ររងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។

បើតាម លោកទេសរដ្ឋមន្រ្តី មនុស្ស២នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមាន អ្នកស្រី អស កូ ពិសី ជាប្រពន្ធ លោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។

ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ បើតាម លោកទេសរដ្ឋមន្រ្តី ករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល២០ថ្ងៃមកហើយ។ លោកបញ្ជាក់ថា ប្រតិបត្តិការ២០ថ្ងៃ នឹងបញ្ជាក់លម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការរួចរាល់។

ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ បើតាម លោកទេសរដ្ឋមន្រ្តី ករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល២០ថ្ងៃមកហើយ។ លោកបញ្ជាក់ថា ប្រតិបត្តិការ២០ថ្ងៃ នឹងបញ្ជាក់លម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការរួចរាល់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 6.8K
Sponsored
Sponsored
Older posts
Page1 Page2 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់ តំណាងអភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំអំណោយជូន គ្រួសារភៀសសឹកចំនួន ៩០៤គ្រួសារ កំពុងស្នាក់នៅក្នុងស្រុកក្រឡាញ់ ចុះផ្សាយថ្ងៃទី ២៥ មេសា ២០២៦
ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា ចុះផ្សាយថ្ងៃទី ២៥ មេសា ២០២៦
ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម ប្រមុខរដ្ឋស្ដីទី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ចាម ចុះផ្សាយថ្ងៃទី ២៥ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×