ដំណឹងថ្មីៗ


រឿងអាស្រូវរបស់ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ កំពុងបើកកកាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 796

 

ភ្នំពេញ៖រហូតមកដល់ពេលនេះ រឿងអាស្រូវ របស់លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កំពុងតែបើកកកាយ យ៉ាងសុះសាយ បន្ទាប់ពីសារព័ត៌មាន ជាច្រើនបានសរសេរ លាតត្រដាង។

តាមប្រភពពីមន្ត្រីរាជការ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ការដែលលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិត បើកដៃពី ថ្នាក់លើផងដែរ។ជាក់ស្ដែងផ្លូវក្នុងរាជធានីភ្នំពេញ ជាច្រើនខ្សែធ្វើមិនទាន់ រួចរាល់ផងក៏ខូចទៅវិញអស់ ដោយសារតែផ្លូវទាំងនោះ គ្មានគុណភាពនិងធ្វើ មិនត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស។

ប្រភពខ្លះបានឲ្យដឹងថា ដោយសារភាពមិនក្រក្រតី ចាក់ស្ដើងស៊ីក្រាស់ ឬធ្វើផ្លូវជាប់រហូតទើបផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ កំពុងខូចវិញជា បន្តបន្ទាប់។

គួររំលឹកដែរថាកាល ពីអំឡុងដើមខែមេសា ឆ្នាំ២០១៦ កន្លងទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានខ្លាំងៗ ទៅលើលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលធ្វើផ្លូវគ្មានគុណភាពហើយ សូម្បីតែជួសជុលផ្លូវឡើងវិញ ក៏មិនបានល្អដែរ។

ប៉ុន្តែរហូតមកដល់ ពេលនេះលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ចាត់វិធានការទៅ លើភាពអសកម្មនិងខ្វះការទទួលខុស ត្រូវរបស់លោក សាំ ពិសិដ្ឋ នៅឡើយទេហើយលោក សាំ ពិសិដ្ឋ នៅតែកាន់កាប់តំណែង ជាប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ យ៉ាងសុខស្រួល។

ថ្មីៗនេះបណ្ដាញព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយ ពីភាពអសកម្ម របស់លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលល្បីល្បាញខាងធ្វើផ្លូវ ជួសជុលផ្លូវគ្មានគុណភាព។

មានការអំពាវនាវឲ្យលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើលឡើងវិញ អំពីភាពអសកម្ម របស់លោកសាំ ពិសិដ្ឋ ដើម្បីកុំឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះក្រសួងសាធារណការ និងដឹកជញ្ជូន។
គេហទំព័រសៀមរាបប៉ុស្ដិ៍ មិនអាច ទាក់ទង លោកសាំ ពិសិដ្ឋ ដើម្បីពន្យល់ជុំ វិញបាតុភាព ខាងលើនេះ បាននោឡើយទេ ដោយមិនមាន លេខទូរសព្ទ៕SRដោយកញ្ញា ស្រីមុំ


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 940 នាក់
ម្សិលមិញ : 23,362 នាក់
សរុប : 36,840,593 នាក់