ដំណឹងថ្មីៗ


ប៉េអឹមខេត្តស្ទឹងត្រែង ចាប់រថយន្តដឹកឈើ មួយគ្រឿង បែកធ្លាយប៉ូលិសសេដ្ឋកិច្ចខេត្តម្នាក់ ជាអ្នករត់ឲ្យក្រុមឈ្មួញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 365

 
ខេត្តស្ទឹងត្រែង៖មន្ត្រីនគរបាលសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តស្ទឹងត្រែងម្នាក់ បានទទួលរងនូវការចោទប្រកាន់ថា បានរត់ការឲ្យក្រុមឈ្មួញរកស៊ី នៅខេត្តស្ទឹងត្រែង ផ្គើនទៅនឹងបទបញ្ជាថ្នាក់លើ

ការបែកធ្លាយបែបនេះ បន្ទាប់ពីកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់រថយន្តដឹកឈើមួយគ្រឿង របស់ឈ្មួញម្នាក់ជាជនជាតិវៀតណាម ឈ្មោះលី វ៉ាង។

មន្ត្រីអាវុធហត្ថ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងហេតុការណ៍បង្ក្រាបនោះ សមត្ថកិច្ច ឃាត់រថយន្តសាំយ៉ុងមួយគ្រឿងនិងមនុស្ស២នាក់ ខណះពួកគេព្យាយាមដឹកឆ្លងពីដែនដីខេត្តស្ទឹងត្រែង គ្រោងនឹងនាំឆ្ពោះទៅកាន់ខេត្តរតនគិរី។ កាលពីម៉ោងរំលងអាធ្រាត្រ យប់ថ្ងៃ៨សីហា ឈានចូលថ្ងៃ៩សីហា២០១៧នេះ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនឈានដល់បង្ក្រាបការ ដឹកជញ្ជូនឈើតាម រថយន្តសាំយ៉ុង១គ្រឿង និងឃាត់ខ្លួនជនសង្ស័យពីរនាក់នោះ គឺកម្លាំងកងរាជអាវុធហត្ថ បានធ្វើការដេញប្រផាប់ចាប់ប្រភីង ហើយនៅក្នុងពេលនោះផងដែរ គេបានឃើញរថយន្ត របស់មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ក៏មានវត្តមាននៅលើដងផ្លូវនោះដែរ។

សេចក្តីរាយការណ៍បានបន្តថា មន្ត្រីនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចរូបនោះ បានរងការចោទពីឈ្មួញឈើថាបានបង់លុយទៅឲ្យ មន្ត្រីនគរបាលម្នាក់ ឈ្មោះ ហាន វិច្ឆិកា ហៅ « ម៉ូវ » ជាអ្នករត់ការបង់លុយ ទៅឲ្យមន្ត្រីសំខាន់ៗ ដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែ លោកម៉ូវ បានស៊ីដាច់លុយ សំរាប់រត់ការនោះ ទើបរថយន្តដឹកឈើ ត្រូវបានគេចាប់ ដោយទាំងអ្នកបើកបរម្នាក់ និងព្រូម្នាក់ផងដែរ។

ប្រភពបានទម្លាយថា ឈើទាំងនេះគេបានប្រមូលទិញ ពីក្នុងខេត្តស្ទឹងត្រែង នាំយកទៅកាន់ខេត្តរតនគិរី និងយកទៅលក់នៅក្នុងប្រទេសវៀតណាម។ ចំណែក រថយន្តដឹកឈើផ្សេងទៀត ឈ្មួញទាំងអស់សុទ្ធតែឲ្យលោក ហាន វិច្ឆិកា ហៅ ម៉ូវនោះ ជាអ្នករត់ការ និងមើលផ្លូវឲ្យទាំងអស់។

ជុំវិញការចោទប្រកាន់នេះ មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តម្នាក់ លោកសក្តិ២ ហាន វិច្ចិកា ហៅ ម៉ូវ បានប្រាប់សៀមរាបប៉ុស្ដិ៍ថា លោកមិនបានជាប់ពាក់ព័ន្ធ ទៅនឹងការរត់ការ រថយន្តដឹកឈើ របស់ឈ្មោះលី វ៉ាងនោះទេ។ លោកថាក្រៅពីឈ្មោះលីវ៉ាង លោកក៍មិនដែលបាន រត់ការឲ្យឈ្មួញផ្សេងដែរ។ នៅពេលសៀមរាបប៉ុស្ដិ៍សួរថា? តើក្រៅពីលោកមិនជាប់ពាក់ព័ន្ធ ទៅនឹងការរត់ការរថយន្តដឹកឈើ នានា នៅខេត្តស្ទឹងត្រែង តើលោកមានការយកលុយពីឈ្មួញឈើដែរឬទេ? លោកហាន វិច្ចិកា ហៅ ម៉ូវ ថា៖មិនដែលបាន យកលុយពីឈ្មួញឈើនោះទេ។ យ៉ាងនេះក្ដីលោកហាន វិច្ចិកា ហៅ ម៉ូវ ប្រាប់ថាបើចង់ដឹង សួរទៅមេរបស់លោកទៅ។

ពាក់ព័ន្ធរឿងអាស្រូវបែបនេះ កន្លងទៅថ្មីៗនេះ ក៍មានការបែកធ្លាយ ថាមន្ត្រីនគរបាល សេដ្ឋកិច្ច ខេត្តស្ទឹងត្រែង មួយចំនួនបានយកតួនាទីរបស់ខ្លួន រត់ការឲ្យក្រុមឈ្មួញឈើ ជាថ្នូរតាមរបៀបពុករលួយ ដូច្នេះលោកស្នងការ ខេត្តស្ទឹងត្រែងម៉ៅ តារា មិនត្រូវមើលរំលងនោះទេ។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា លោកមានប្រសា សន៍ឲ្យដឹងតាមទូរសព្ទ ប្រាប់អ្នកកាសែតថា លោកមិនទាន់ទទួលបានដំណឹងជុំវិញរឿងនោះទេ ហើយលោកនឹងបើកការស្រាវជ្រាវភ្លាម។

លោកថា ប្រសិនបើរឿងនេះកើត មានដូចការចោទនោះមែន លោកហាន វិច្ឆិកា នោះនឹងត្រូវប្រឈមនឹងការដាក់ទោស តាមវិន័យរដ្ឋបាលរបស់នគរបាលជាតិ ហើយក៏អាចប្រឈមនឹងការដកសក្តិ និងបណ្តេញចេញពីគ្របខ័ន្ធនគរបាលជាតិផងដែរ។

ដោយឡែក រថយន្តដឹកឈើដែលរងការបង្ក្រាបនោះ កម្លាំងអាវុធហត្ថបានប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្តនោះហើយ នៅព្រឹកថ្ងៃ៩សីហានេះ ចំណែក ជនសង្ស័យពីរនាក់ ដែលរងការឃាត់ខ្លួននោះ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងអាវុធហត្ថនៅឡើយ។

ប្រភពបានទម្លាយថា សកម្មភាពប្រមូលទិញឈើនៅក្នុងខេត្តស្ទឹងត្រែង នាំយកទៅខេត្តរតនគិរីសព្វថ្ងៃនេះ គឺមានឈ្មួញវៀតណាម ៥នាក់ ហើយត្រូវគេស្គាល់ឈ្មោះ ដុង ឈ្មោះប៉ាវ ឈ្មោះជីវ ឈ្មោះឡេង និងឈ្មោះលី វ៉ាង ។ សកម្មភាពរបស់ឈ្មួញវៀតណាមទាំងនេះ អាជ្ញាធរមានសមត្ថកិច្ច និងសមត្ថកិច្ចជំនាញ គ្រប់ប្រភេទ មិនគួរមើលរំលងនោះឡើយ ហើយក្រុមឈ្មួញឈើទាំងនោះបានដឹកជញ្ជូនឈើប្រណិត តាមរយះរថយន្ត សាំយ៉ុង កាមរីឆ្លាម កាមរីបាឡែន ស្ទើរតែរាល់យប់ថ្ងៃ៕SR

(នគរបាលសេដ្ឋកិច្ចឈ្មោះហាន វិច្ឆិកា ហៅម៉ូវ)

(ឈ្មួញឈើឈ្មោះលី វ៉ាង ជនជាតិវៀតណាម)


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 931 នាក់
ម្សិលមិញ : 23,362 នាក់
សរុប : 36,840,584 នាក់