ដំណឹងថ្មីៗ


ឧកញ៉ាសឹង សំអុល ហ៊ានផ្គើនបទបញ្ជារបស់សម្ដេច បន្តរកស៊ីឈើ មិនញញើតច្បាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 397

 ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បានឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញ សឹង សំអុល (ឧកញ៉ា សឹង សំអុល) នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើ ចេញទៅវៀតណាមយ៉ាងរលូនដោយគ្មានមន្ត្រីជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធ ណាហ៊ានចាត់វិធាន ការទប់ស្កាត់ឡើយ។ ការដែលឧកញ៉ារូបនេះ ហ៊ានបន្តរកស៊ីឈើ បែបនេះ ត្រូវបានមជ្ឍដ្ឋានានាលើកឡើងថា កំពុងតែផ្គើនទៅនឹងបញ្ជារបស់ ប្រមុខដឹកនាំកម្ពុជា សម្ដេចហ៊ុនសែន យ៉ាងច្បាស់ក្រឡែត។ ជាមួយគ្នានេះកន្លងទៅ រាជរដ្ឋាភិបាល បានដាក់បម្រាមការនាំឈើ ទៅវៀតណាមផងដែរ។

សេចក្ដីរាយការណ៍ ខ្លះបានឲ្យដឹងថាមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើដែលក្រុមហ៊ុនឌីធីស៊ី ដេញថ្លៃបានដោយប្រើប្រាស់ រថយន្តយីឌុបធំៗដឹកចូលទៅចម្ការ ម្រេចរបស់ក្រុមហ៊ុនរូលប៉ាយអូ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចតូចតាច ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ភាគច្រើននៃឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនយ៉ាងពេញបន្ទុកនោះគឺគេសង្ស័យ ជាឈើខុសច្បាប់ ព្រោះឈើដែលក្រុមហ៊ុនឌីធីស៊ី ដេញថ្លៃបានពុំមាននៅសល់ទៀតទេ។

ឈ្មួញតូចតាចដែលស្និទ្ធនឹងមេឈ្មួញ សឹង សំអុល បានឲ្យដឹងថា ការដែលឧកញ៉ាម្នាក់នេះអាចដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេងគឺ ដោយសារអាងមានមន្ត្រីជាន់ខ្ពស់ ជាខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។

ប្រភពបានឲ្យដឹងទៀតថា ឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនសព្វថ្ងៃនេះមិនមែនជាឈើជន្លង់ម្រេចសម្រាប់ បម្រើសេចក្ដីត្រូវការ របស់ក្រុមហ៊ុនរូលបាយអូ ដែលកំពុងដាំម្រេចនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នោះទេប៉ុន្តែជាឈើប្រភេទសុក្រំ គគីរ ផ្ចឹក ដែលគេកាប់ក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ និងព្រៃដែនជម្រកសត្វក្នុងខេត្តមណ្ឌលគិរី ហើយដឹកចេញឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ចេញទៅវៀតណាម និងទៅតាមបណ្ដាខេត្តផ្សេងៗទៀត។

មន្ត្រីអាជ្ញាធរឃុំស្រែសង្គម ស្រុកកោះញែក បានឲ្យដឹងថាមេឈ្មួញ សឹង សំអុល ជាម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដែលមានដីសប្បទានសេដ្ឋកិច្ច ក្នុងមូលដ្ឋាននេះ ហើយចាត់តាំងមេការឈ្មោះ ម៉ុក ឲ្យមេខុសត្រូវ ការងារក្រុមហ៊ុន។

ប្រភពបានឲ្យដឹងទៀតថាមេការឈ្មោះ ម៉ុក រស់នៅក្នុងភូមិទី១ ឃុំស្រែសង្គម ស្រុកកោះញែក កំពុងតែកៀងគរ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យ ចូលព្រៃកាប់ឈើនិង ដឹកជញ្ជូនឈើមកលក់ឲ្យក្រុមហ៊ុនម៉ាស្ទ័រខេសាន់ សម្រាប់ដឹកជញ្ជូនចេញទៅវៀតណាម។

មន្ត្រីអាជ្ញាធរឃុំស្រែសង្គម បានឲ្យដឹងទៀតថា មេការក្រុមហ៊ុនរបស់មេឈ្មួញ សឹង សំអុល ប្រមូលទិញឈើ ពីប្រជាពលរដ្ឋប្រភេទសុក្រំ ក្នុង១ម៉ែត្រគូបពី៣៥ទៅ៤០ម៉ឺនរៀល ហើយប្រជាពលរដ្ឋមួយចំនួន កំពុងសម្រុកកាប់ឈើ ក្នុងព្រៃការពារនិង ព្រៃសហគមន៍ស្ទើររលាយអស់ទៅហើយ។
សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកឧកញ៉ាសឹង សំអុល ដើម្បីពន្យល់ ជុំវិញករណីនេះ បាននៅឡើយទេ ដោយទូរសព្ទលោកឧកញ៉ា នៅក្រៅតំបន់សេវា៕SRដោយហេង សីហា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,996 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,897,805 នាក់