ដំណឹងថ្មីៗ


ទីបំផុតអាជ្ញាធរ បើកយុទ្ធនាការកម្ទេច សំណង់ខុសច្បាប់នៅ ក្នុងឧទ្យានអង្គរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 10193

 ខេត្តសៀមរាប៖នៅទីបំផុតដូចអ្វីដែល អាជ្ញាធរបាន ប្រកាសទុកឧិសានវាទ ដល់ប្រជាពលរដ្ឋ ឲ្យរុះរើសំណង់ ខុសច្បាប់នានា នៅតំបន់ឧទ្យានអង្គរ ត្រឹមថ្ងៃ៩សីហាម្សិលមិញ បើមិនរុះរើនោះទេ នឹងប្រើធម៌ក្ដៅ វាយកម្ទេចចោល ដោយមិនទទួលខុសត្រូវ លើការខូចខាតនោះឡើយ។

ជាក់ស្ដែកនៅថ្ងៃទី១០ខែសីហាព្រឹកមិញ ក្រុមគណៈកម្មការចម្រុះ រួមមានអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធផ្សេងៗ បានចាប់ផ្តើមអនុវត្តការ ចុះរុះរើសំណង់ ខុសច្បាប់ក្នុង ឧទ្យានអង្គរ ដូចការគ្រោងទុក និងសេចក្ដីប្រកាស។

ក្រុមមន្ត្រីបានឲ្យដឹងថា ការចុះរុះរើសំណង់ ខុសច្បាប់ទាំងនេះ ធ្វើឡើងបន្ទាប់ពី ក្រុមគណៈកម្មការចម្រុះបានពន្យារពេលអស់ មួយរយៈនិងជូនដំណឹងជា សាធារណៈច្រើនដង រួចមកហើយ ដើម្បីទុកលទ្ធភាព ឱ្យប្រជាជនធ្វើការរុះរើដោយខ្លួនឯង ចៀសវាងការខូចខាត ទ្រព្យសម្បត្តិធ្ងន់ធ្ងរ ដោយសារក្រុមការងារ។ ចំពោះគោលដៅដែលរុះរើនៅថ្ងៃទីមួយនេះ គឺធ្វើនៅស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប ដោយរុះរើសំណង់ខុសច្បាប់បានចំនួន៧ករណី។

តាមការសង្កេតជាក់ស្តែង កំឡុងពេលរុះរើក៏មានប្រជាជនមួយចំនួន បានស្ម័គ្រចិត្តរុះរើដោយ ខ្លួនឯងផងដែរ ហើយក្រុមគណៈកម្មការចម្រុះ ក៏នៅតែអំពាវនាវដល់ ប្រជាជនឱ្យស្មគ្រចិត្ត ក្នុងការរុះរើ សំណង់ខុសច្បាប់ និងចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត រក្សាបាននូវទីតាំងប្រវត្តិសាស្ត្រដែលជាមរតកជាតិ ដ៏សំខាន់សម្រាប់កូនខ្មែរ គ្រប់រូប គ្រប់ជំនាន់៕SRដោយកញ្ញា លិលា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,824 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,633 នាក់