ដំណឹងថ្មីៗ


ទង្វើមិនក្រក្រតី របស់លោកចាន់ សុធា នៅខេត្តបាត់ដំបង ប្រឈមនឹងការរិះគន់ យ៉ាងខ្លាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ​ 2017 អ្នកអាន 645

 
ភ្នំពេញ៖មានការលើកឡើងថា រហូតមកដល់ពេលនេះ ទង្វើមិនក្រក្រតី របស់លោកចាន់ សុធា នគរបាល សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានកំពុងទទួល រងការរិះគន់យ៉ាងខ្លាំង។ ករណីនេះ បណ្ដាញព័ត៌មាន ជាច្រើនបានធ្វើការ ផ្សព្វផ្សាយ លាតត្រដាងផងដែរ។

ប្រភពពីមន្ត្រីនគរបាល តូចតាចនៅ ក្នុងស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក ចាន់ សុធា ប្រធានក្រុមនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តបាត់ដំបង នៅតែប្រើអំណាច ប្រមូលលុយ តាមរបៀបពុករលួយយ៉ាងរលូន។

ប្រភពបានឲ្យដឹងទៀតថា ទោះបីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចេញបទបញ្ជាឲ្យបញ្ឈប់ការដាក់កុងត្រូលជជុះឬប៉ុស្ដិ៍ត្រួតពិនិត្យ ដើម្បីយកលុយពីឈ្មួញនិងក្រុមអាជីវករ ដឹកជញ្ជូនទំនិញយ៉ាងណាក៏ដោយ ក៏លោកចាន់ សុធា នៅតែអាចចាត់តាំងកូន ចៅឲ្យប្រមូលលុយ បានដូចមុនដដែល។

ជាងនេះទៅទៀតគ្មានឈ្មួញ ឬអាជីវករណាហ៊ានរំលង មិនបង់លុយឲ្យ ក្រុមមនុស្សរបស់លោកចាន់ សុធា ប្រសិនបើមិនចង់ ឲ្យមានការរំខានពេល ដឹកជញ្ជូនទំនិញឆ្លង កាត់ខេត្តបាត់ដំបង។

ប្រភពដែលស្និទ្ធនឹងលោក ចាន់ សុធា បានឲ្យដឹងថា ប៉ុន្មានចុងក្រោយនេះលោក ចាន់ សុធា បានបន្ថែមមនុស្ស មួយចំនួនទៀតឲ្យចុះទៅ ប្រមូលលុយពីឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញនៅក្នុង ខេត្តបាត់ដំបង។

ទង្វើរបស់លោក ចាន់ សុធា គឺជាការបំពានយ៉ាងកំរោល ទៅលើបទបញ្ជា របស់ក្រសួងមហាផ្ទៃ ហើយសូម្បីតែអាជ្ញាធរ និងសមត្ថកិច្ចក្នុង ខេត្តបាត់ដំបង ក៏មិនពេញចិត្តនឹងទង្វើដ៏គឃ្លើនរបស់លោក ចាន់ សុធា នោះដែរ។

ដូច្នេះលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ចំពោះអំពើបស់លោក ចាន់ សុធា ដែលកំពុងប្រឈមនឹង ការរិះគន់កាន់ តែខ្លាំងឡើងៗនាពេលនេះ។

ប្រភពពីឈ្មួញនិងអាជីវករ ខ្លះបានឲ្យដឹងថា ទោះបីលោក ចាន់ សុធា មិនដាក់កុងត្រូលជជុះឬប៉ុស្ដិ៍ត្រួតពិនិត្យដូចមុនក៏ដោយ ក៏ពួកគេនៅតែចៀស មិនផុតពីការបង់លុយ ឲ្យកូនចៅលោក ចាន់ សុធា ដែលប្រើគ្រប់ វិធីដើម្បីប្រមូល លុយនោះទេ។

ប្រភពពីសមត្ថកិច្ច ក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ប្រមាណ៣ខែកន្លងទៅនេះលោក ចាន់ សុធា បានបញ្ជូនកម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យចុះប្រមូលផលប្រយោជន៍ គ្រប់ច្រកល្ហក នៅក្នុងខេត្តបាត់ដំបង។

ប្រការនេះហើយទើបមាន សេចក្ដីអំពាវនាវ ឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេសលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ អំពើរបស់លោក ចាន់ សុធា និងបក្ខពួកជាបន្ទាន់ ព្រោះអំពើរបស់ពួកគេកំពុង តែធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិ ទាំងមូល។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ មិនទាន់ទទួល បានការបកស្រាយ បំភ្លឺពីលោកចាន់ សុធា បាននៅឡើយទេ ជុំវិញការរិះគន់នេះ ដោយមិនមានលេខ ទូសព្ទ៕SRដោយគង់ ថាវរិទ្ធ


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,435 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,686 នាក់