ដំណឹងថ្មីៗ


សម្តេច​​តេ​ជោ ហ៊ុន សែន អញ្ជើញដឹកនាំ​គណៈប្រតិភូ​ ជាន់ខ្ពស់​ទៅ​ចូលរួម​ ក្នុងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ នៅប្រទេសចិន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 570

 នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី

សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ ក្នុងងឱកាសអញ្ជើញទៅចូលរួមនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដោយផ្តោតទៅលើការជម្រុញពាណិជ្ជកម្មឱ្យខ្លាំងថែមទៀតរវាងអាស៊ាន និងចិន ព្រមទាំងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកាន់តំបន់អាស៊ាន។ បន្ទាប់មកសម្តេចតេជោនឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជា ព្រមទាំងទស្សនាស្តង់តាំងពិព័រណ៍របស់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធពន្លាជាតិរបស់ប្រទេស ប្រ៊ុយណេដារូសាឡាម។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន នឹងជួប ថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិន ហើយក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងណាននីង ព្រមទាំងផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានចិន ផងដែរ។ ការតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៤ នេះរំពឹងថា នឹងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទេ្វភាគីរវាងប្រទេសសមាជិកអាស៊ាន និងចិន ហើយនិងឈានទៅសម្រេចផែនការបង្កើនពាណិជ្ចកម្ម និងវិនិយោគ ទៅវិញទៅមក ឱ្យដល់ទំហំ១ទ្រីលានដុល្លារអាមេរិក ពីចិនមកកាន់តំបន់អាស៊ាន និង១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅប្រទេសចិន នៅឆ្នាំ២០២០៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,102 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,589,927 នាក់