ដំណឹងថ្មីៗ


ក្រុមមន្ត្រីទម្លាយ អំពើពុករលួយរបស់ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងបក្ខពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 607

 

ភ្នំពេញ៖ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយ បានផ្សាយថាក្រុម មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ចាត់វិធានការទប់ស្កាត់ អំពើពុករលួយរបស់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តបាត់ដំបង នឹងបក្ខពួក ជាបន្ទាន់។
ដោយហេតុថា ច្រើនឆ្នាំមកហើយ ដែលលោក ឡុង ផលគុណ និងបក្ខពួក៦នាក់ឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋតាមរបៀបពុករលួយស្រេចតែអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។ហេតុនេះហើយទើបលោក ឡុង ផលគុណ ក្លាយ ជាអ្នកមានទ្រព្យសម្បត្តិ យ៉ាងស្ដុកស្ដម្ភយ៉ាងឆាប់រហ័ស។
មន្ត្រីរាជការមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានឲ្យដឹងទៀតថាលោក ឡុង ផលគុណ និងមន្ត្រីចំនួន៦នាក់បានឃុបឃិត គ្នាកេងប្រវ័ញ្ចថវិការដ្ឋ តាមរយៈកឹបកេងលើការចំណាយស្ដារនិងកសាងប្រព័ន្ធធារាសាស្ត្រ ការចំណាយលើការ ជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋ និងការយកគ្រឿងចក្ររបស់រដ្ឋ ដែលជាជំនួយរបស់ជប៉ុន ទៅរកស៊ីដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន នៅរដូវប្រាំង។
ប្រភពបានបញ្ជាក់ច្បាស់ថា ក្នុង១ឆ្នាំៗលោក ឡុង ផលគុណ និងបក្ខពួកទាំង៦នាក់នោះកេងប្រវ័ញ្ចថវិការដ្ឋ មិនតិចជាង៥០០លានរៀលនោះទេ ដោយបំប៉ោងការចំណាយលើផ្នែកថែទាំនិងជួសជុលឬសាងសង់ ប្រព័ន្ធធារាសាស្ត្រ។ មិនតែប៉ុណ្ណោះលោក ឡុង ផលគុណ និងបក្ខពួកបានយកគ្រឿងចក្រ ជាច្រើនគ្រឿង ជាជំនួយរបស់ ប្រទេសជប៉ុន ទៅរកស៊ីផ្ទាល់ខ្លួនរកចំណូលបានរាប់ម៉ឺនរាប់សែនដុល្លារ ចែកគ្នាធ្វើមានធ្វើបាន។
ក្រុមមន្ត្រីមន្ទីរធនធានទឹកបានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅនេះ ពួកគេឃុបឃិត គ្នាកេងប្រវ័ញ្ចថវិការដ្ឋស្រេចតែអំពើចិត្ត ហើយគ្មានថ្នាក់ដឹកនាំ ក្រសួងធនធានទឹកនិង ឧតុនិយមចាត់វិធានការត្រួតពិនិត្យឡើយ។
មន្ត្រីទាំង៦នាក់ដែលជាបក្ខពួក របស់លោក ឡុង ផលគុណ មានដូចជា លោក ហុង គឹមសាន ជាអនុប្រធានមន្ទីរ, លោក ហួត ច័ន្ទតារារិទ្ធ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក, លោក ស សារិន អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក, លោក ឈឺន សុខុម ប្រធានការិយាល័យធារាសាស្ត្រកសិកម្ម, លោក ខៃ សុដា ជាអនុប្រធាន និងលោក ថោង ផល្លា អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង និងបក្ខពួកដូចរៀបរាប់ឈ្មោះខាងលើនេះ បានឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ ច្រើនឆ្នាំមកហើយ ដូច្នេះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម មិនគួរបណ្ដែតបណ្ដោយ ឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗ តាមអំពើចិត្តទៀតឡើយ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួល បានការអត្ថាធិប្បាយ បកស្រាយបំភ្លឺពីមន្ទីរធនធានទឹក ខេត្តបាត់ដំបង បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទទាក់ទង៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,818 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,591,643 នាក់