ដំណឹងថ្មីៗ


អំពើពុករលួយរបស់ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានលាតត្រដាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 1653

 
ភ្នំពេញ៖មន្ត្រីរាជការនិង ប្រជាពលរដ្ឋក្នុង ខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងក្រោយពេលដឹងថាលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានជាប់ពាក្យបណ្ដឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធការប្រគល់ដី ឲ្យក្រុមហ៊ុនអិលខេអិល។

ជាមួយគ្នានេះមាន ប្រភពខ្លះបានឲ្យដឹងថាលោក ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្ត ដ៏អសមត្ថភាពព្រោះបទល្មើសផ្សេងៗដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ ល្បែងស៊ីសង និងគ្រឿងញៀន នៅតែរាលដាល យ៉ាងពេញបន្ទុកដដែល។

ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មិនគួរមើលរំលង ភាពអសកម្មរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលកំពុងជាប់បណ្ដឹង នៅអង្គភាពប្រឆាំង អំពើពុករលួយនោះទេ។

ថ្មីៗនេះមានជនអនាមិក ប្ដឹងទៅអង្គភាពប្រឆាំង អំពើពុករលួយ ទាក់ទងនឹងរឿងអាស្រូវរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសទាក់ទងទៅនឹងការប្រគល់ដីឲ្យក្រុមហ៊ុនអិលខេអិល។

នៅក្នុងពាក្យបណ្ដឹងនោះ បានលើកឡើងថាលោក ឈួរ ច័ន្ទឌឿន លក់ដីរដ្ឋឲ្យក្រុមហ៊ុនអិលខេអិល ខនស្ត្រាក់សិន ខូអិលធីឌី ហើយទទួលបានលុយយ៉ាងច្រើន ពីការតម្រូវឲ្យពលរដ្ឋក្នុង១គ្រួសារបង់ប្រាក់១០០០ដុល្លារជាថ្នូរនឹងការផ្លាស់ប្ដូរទៅនៅទីតាំងថ្មី។

ក្នុងពាក្យបណ្ដឹងបាន លើកឡើងទៀតថាលោក ឈួរ ច័ន្ទឌឿន ទទួលបានដី១០ឡូត៍ហើយមានភាពយឺតយ៉ាវ ក្នុងការផ្ដល់ប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ។

រឿងអាស្រូវរបស់លោក ឈួរ ច័ន្ទឌឿន បែបនេះកំពុងត្រូវបានលោក ឈួរ ច័ន្ទឌឿន បំភ្លឺទៅកាន់អង្គភាពប្រឆាំង អំពើពុករលួយផងដែរ ហើយមជ្ឈដ្ឋាននានា កំពុងរង់ចាំមើលយ៉ាងយកចិត្តទុកដាក់នូវវិធាន ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន។

មន្ត្រីរាជការមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា បណ្ដឹង ចោទប្រកាន់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អាចជារឿងពិត ហើយជារឿងដែល អង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ប្រកបដោយតម្លាភាព។

ជាពិសេសរឿងអាស្រូវ របស់អភិបាលខេត្តកំពង់ឆ្នាំង គឺជារឿងដែលត្រូវ បកស្រាយបញ្ជាក់ឲ្យបានច្បាស់លាស់ ព្រោះអំពើពុករលួយ របស់ថ្នាក់ដឹកនាំខេត្ត មិនមែនជារឿង តូចតាចនោះទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,434 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,993,122 នាក់