ដំណឹងថ្មីៗ


ឈ្មួញ តុប វីរ៉ាដា ប្រើស្បែក ជាយោធា ដឹកជញ្ជូនឈើ ខុសច្បាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 431

ភ្នំពេញ៖មេឈ្មួញឈ្មោះតុប វីរ៉ាដា ត្រូវបានមជ្ឍដ្ឋាននានា ធ្វើការរិះគន់ថា បានប្រើស្បែក ជាយោធធ្វើការដឹក ជញ្ជូនឈើ ខុសច្បាប់យ៉ាងពេញបន្ទុក។

សេចក្ដីរាយការណ៍ ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះ ឧកញ៉ា តុប វីរ៉ាដា ដែលជាឧត្ដមសេនីយ៍យោធាផងនោះ នៅតែអាចកាប់ឈើនិង ដឹកជញ្ជូនឈើ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ។

លោកស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀតមិន ហ៊ានប៉ះពាល់មេឈ្មួញ តុប វីរ៉ាដា នោះទេព្រោះមេឈ្មួញម្នាក់ នេះជាមន្ត្រីយោធា ជាន់ខ្ពស់នៅ យោធភូមិភាគទី១។

ការបង្ក្រាបរថយន្ត យីឌុបដឹកឈើ របស់មេឈ្មួញ តុប វីរ៉ាដា កាលពីថ្មីៗកន្លងទៅនេះគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ ហើយទីបំផុតឈ្មួញ ជាឧត្តមសេនីយ៍យោធារូបនេះ នៅតែអាចដឹកឈើតាមអំពើចិត្តដដែល។

កាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ រថយន្តយីឌុបធំៗដឹកឈើ២គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី បង្ក្រាបនៅត្រង់ ចំណុចក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី។

ក្រោយពេលបង្ក្រាប សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបដឹកឈើទាំង២គ្រឿងនោះ គឺជារបស់មេឈ្មួញ តុប វីរ៉ាដា ជាឧត្តមសេនីយ៍យោធា និងជាឧកញ៉ាដែលល្បីល្បាញខាងកាប់ឈើនិងដឹកជញ្ជូន ឈើយ៉ាងពេញបន្ទុក ក្នុងខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើ១គ្រឿងបង្កប់ឈើ ពីក្រោមស្បូវដោយគ្មានលិខិតអនុញ្ញាត ពីមន្ត្រីរដ្ឋបាលព្រៃឈើ ហើយរថយន្តយីឌុប១គ្រឿង ទៀតមានលិខិតស្នាមពីមន្ត្រីជំនាញ ប៉ុន្តែបានលួចបង្កប់ឈើ នៅក្រោមសាក់ស៊ី ដោយខុសច្បាប់។

ក្រោយពេលបង្ក្រាប សមត្ថកិច្ចអាវុធហត្ថ បញ្ជូនទាំងរថយន្តនិងឈើ ជាវត្ថុតាងទៅឲ្យខាងរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី។
ប្រភពខ្លះបានឲ្យដឹងថា មានតែក្រសួងនិង ស្ថាប័នពាក់ព័ន្ធទេ ដែលអាចទប់ស្កាត់ សកម្មភាពដឹកឈើរបស់មេឈ្មួញ តុប វីរ៉ាដា ព្រោះអីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់ ឈ្មួញរូបនេះឡើយ ព្រោះខ្លាចអំណាចផ្កាយលើស្មា និងងារជាឧកញ៉ារបស់ឈ្មួញម្នាក់នេះដែល មានខ្នងបង្អែក យ៉ាងរឹងមាំ។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីលោកតុប វីរ៉ាដា បាននៅឡើយទេ ដោយមិនមាន លេខទូរសព្ទ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,929 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,738 នាក់