ដំណឹងថ្មីៗ


ជលផល ខេត្តសៀមរាប បណ្ដោយឲ្យមាន បទល្មើសនេសាទ បំផ្លាញមឆ្ឆាជាតិ យ៉ាងមហន្តរាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 1228

ខេត្តសៀមរាប៖មន្រ្តីជលផល ខេត្តសៀមរាប បានទទួលរងនូវការ រិះគន់ជុំទិស រឿងបណ្ដែតបណ្ដោយ ឲ្យមានឈ្មួញធ្វើសកម្មភាព នេសាទ ខុសច្បាប់ ទាំងកំរោល ដែលនាំឲ្យបំផ្លាញ មឆ្ឆាជាតិ យ៉ាងមហន្តរាយ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា បទល្មើសនេសាទ ប្រភេទឆ្នុកកំពុង កើតមានក្នុង ភូមិសាស្ត្រ ឃុំអន្លង់សំណរស្រុកជីក្រែង ដោយមិនមានសមត្ថកិច្ច ជំនាញណាម្នាក់ចេញមុខ បង្ក្រាបនោះឡើយ។

មន្ត្រីអាជ្ញាធរស្រុកមួយរូបបានបង្ហើបថា បទល្មើសនេសាទប្រភេទឆ្នុកនេះ កំពុងធ្វើឲ្យហិនហោច ពូជត្រីក្នុងបឹងទន្លេសាប យ៉ាងខ្លាំងព្រោះពួកគេ បានប្រើប្រាស់ឧបករណ៍ នេសាទបែបទំនើប ដោយមានដាក់ម៉ង ក្រឡាញឹកនិងភ្លើងអំពូល ដើម្បីឲ្យធ្លាក់សត្វល្អិត មកត្រីចោមរោមស៊ី ហើយក៏ចូលក្នុងសាច់ម៉ង យ៉ាងស្រួលនិងមានទាំងប្រដាប់ឆក់ត្រីថែមទៀតផង។

បើទោះបីជាមាន បទល្មើសយ៉ាងនេះក្ដី បែជាអាជ្ញាធរ ខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ ទៅវិញ។ ការដែលសម្ងំស្ងៀមស្ងាត់ បែបនេះ គេពុំទាន់ដឹងថា អាចបណ្ដាលមកពីមូលហេតុអ្វី ឲ្យពិតប្រាកដនោះទេ។

បើតាមសេចក្ដីរាយការណ៍បន្ថែមថា ករណីបទល្មើសនេសាទ បែបនេះ មិនមែនកើតមាន នៅតែស្រុកជីក្រែង មួយទេ ពោលកើតមាន គ្រប់ស្រុក របស់ខេត្តសៀមរាប ដែលជាប់ទន្លេសាប។

មន្ត្រីឃ្លាំមើលបទល្មើស នេសាទបានឲ្យដឹងថា ទំនងមាន មេខ្យល់សម្រាប់ ប្រមូលលុយពី ក្រុមជនល្មើសប្រើឧបករណ៍ ខុសច្បាប់បែបនេះហើយ ទើបបទល្មើសនេសាទ កាន់តែខ្លាំងឡើងៗ ដូចទឹកបាក់ទំនប់។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការបកស្រាយ បំភ្លឺពីមន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ទទួលបន្ទុក បង្ក្រាបបទល្មើសនេសាទ បាននៅឡើយទេ នៅព្រឹកថ្ងៃ១១តុលានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,408 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,659 នាក់