ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ធ្លាយអំពើពុករលួយ នៅប្រធានរតនាគារ រាជធានីភ្នំពេញ និងខេត្តស្វាយរៀង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1570

 

ភ្នំពេញ៖មជ្ឍដ្ឋាននានា បានលើកឡើងថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងអង្គភាពប្រឆាំង អំពើពុករលួយ បានដឹងជ្រាប អំពីបាតុភាព មិនក្រក្រតី នៅរតនាគារ រាជធានីភ្នំពេញ និងរតនាគារ ខេត្តស្វាយរៀង ហើយឬយ៉ាងណានោះទេ។

បើតាមគេហទំព័រ នគរវត្តបានឲ្យដឹងថា វប្បធម៌កោសរុស ធ្វើអោយយឺតយូរ ឯកសាររដ្ឋបាល បើកប្រាក់តាមមន្ទីរជុំវិញរាជធានី-ខេត្ត បង្កឡើងដោយមន្ត្រីរតនាគារ ដើម្បីទាញយកប្រយោជន៍ទឹកតែ ក៏ដូចជាប្រើល្បិចកាត់ភាគរយ បាននិងកំពុងកើតមាន នូវអំពើពុករលួយ ជាលក្ខណះប្រព័ន្ធក្នុងអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀង មានលេចឮការរិះគន់ពីមន្ត្រីរបស់ខ្លួន ក៏ដូចអង្តភាពតាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ទម្លាយពីទង្វើពុករលួយប្រហាក់ប្រហាក់ ប្រហែលគ្នារវាងលោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង។

ក្នុងនោះរាល់ល្បិច ធ្វើអោយយឺតយូរឯកសារ ការបង្កក់ប្រាក់នេះ គឺមេរតនាគារទាំង២រូបនេះ ហ៊ានទាំងទំលាក់កំហុសទៅ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាមិនទាន់ទម្លាក់ប្រាក់មកអោយជាដើម ដោយមានចេតនាបង្ខំកៀបទាញយកទឹកតែ។

ខាងអង្គភាព តាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនបានបង្ហើបថា៖ លោក កែ ប៊ុនឡេង ប្រធានរតនាគារ រាជធានីភ្នំពេញ មានមន្ត្រីជើងក្រោមគាត់ចំនួន៥រូប ពាក់ព័ន្ធនិងការបង្កកឯកសារបើកប្រាក់ទុកអោយយឺតយូរ ធ្វើយ៉ាងណាបានសេវាក្រោមតុ ឬបញ្ហាកាត់ភាគរយនេះផង។

ក្នុងនោះលោក កែ ប៊ុនឡេង ប្រើមន្ត្រីជំនិតៗរួមមាន៖ ១-លោក អែវ សារី ប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោមជាតិ និងសរុប ២-អ្នកស្រី សោម ធាវី អនុប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោម និង៣-អ្នកស្រី ឡុង យុកហួ ប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ក្រោម។ ដោយឡែកទី៤-អ្នកស្រី ស៊ុត សុគន្ធានារី និងទី៥-លោក សុខ ភក្តី អនុប្រធានរតនាគារ រាជធានីភ្នំពេញ ចាំទទួលលាភពីអំពើពុករលួយនេះ តែមិនចេញមុន គ្រាន់ដើរតួសម្របសម្រួលឬហៃអើតាម លោក កែ ប៊ុនឡេង ប្រធានរតនាគារ រាជធានីភ្នំពេញប៉ុណ្ណោះ។

មន្ត្រីខាងអង្គភាព តាមមន្ទីរជុំវិញរាជធានី-ខេត្ត និងក្រុមហ៊ុនបានទម្លាយបន្តថា បញ្ហាពុករលួយតាមរយះលោក កែ ប៊ុនឡេង ប្រើមន្ត្រីជំនាញ គាត់ទាញយក លាភសក្ការៈនេះគឺ៖ ឯកសារទាក់ទងទៅនិងគ្រប់បណ្តាមាន សិទ្ធផ្គត់ផ្គង់សំណង់ ពិសេសផ្គត់ផ្គង់សំភារៈ ទៅអង្គភាពជុំវិញ សាលារាជធានី ដូចជាឯកសាររដ្ឋបាលពាក់ព័ន្ធ ថវិកាថ្នាក់ក្រោមជាតិ ចំពោះគម្រោងអភិវឌ្ឍន៍ តាមខណ្ឌទាំង១២ និងតាមសង្កាត់ជាដើម។ បញ្ហានេះ រហូតដល់មានមន្ត្រីស្តីបន្ទោស ពីមាត់មួយទៅមាត់មួយថា៖ លោក កែ ប៊ុនឡេង ជាដើមហេតុអោយ ខាងអង្គភាពតាមមន្ទីរជុំវិញ សាលារាជធានីភ្នំពេញ ខឹងសម្បារ និងជាអ្នកធ្វើអោយមន្ត្រីបាក់ទឹកចិត្ត។

ដោយឡែកបញ្ហាពុករលួយ ស្រដៀងនេះ ក៏កើតមាននៅអង្គភាពរតនាគារ ខេត្តស្វាយរៀង គ្រប់គ្រងដោយ លោក គៀក សៀមហេង ។ ក្នុងនោះខាងអង្គភាពតាម មន្ទីរខេត្តស្វាយរៀង រអ៊ូលើឯកសាររដ្ឋបាលបើកប្រាក់ថ្នាក់ជាតិ មន្ត្រីរបស់គាត់មានចេតនា ធ្វើអោយយឺតយូរបង្កក់ទុក មិនព្រមបើកអោយ ដោយទំលាក់ ទៅខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាមិនទាន់ទម្លាក់ប្រាក់មកអោយជាដើម ធ្វើអោយប៉ះពាល់ដល់កិត្តិយស លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដ៏ធ្ងន់ធ្ងរ ខណះមន្ត្រីនៅក្រសួងទទួលស្គាល់ថា៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានការដឹកនាំ ប្រកបដោយការ ទទួលខុសត្រូវ និងកំណែទម្រង់ មិនអោយពាក់ព័ន្ធ បង្កអោយយឺតយូរផ្នែក ការងាររដ្ឋបាលនោះ.? ក្រុមហ៊ុនមានសិទ្ធម៉ៅការធ្វើផ្លូវមួយកំពុងលើកឡើងពីទង្វើមន្ត្រី លោក គៀក សៀមហេង មានល្បិចស្នៀតច្រើនរាល់ការបើកប្រាក់ ធ្វើអោយយឺតយូរ ប៉ះពាល់ទៅដំណើរ ការសាងសង់ស្ថាបនាផ្លូវ របៀបព្យាយាមកាត់ភាគរយដោយអំពើពុករលួយ។

មន្ត្រីខ្លះបានលើកឡើងថា៖ បញ្ហាបង្កក់ឯកសារបើកថវិកា និងបញ្ហាទាមទារ ទឹកតែបែបនេះហើយ ទើបធ្វើអោយក្រុមហ៊ុន ម៉ៅការទាំងផ្លូវ សំណង់ បង្ខំចិត្តកេងចំណេញ បច្ចេកទេស ធ្វើអោយសំណង់ ផ្លូវគ្មានគុណភាព។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀងបាននៅឡើយទេ ដោយមិនមាន លេខទូរសព្ទ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,430 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,620 នាក់