ដំណឹងថ្មីៗ


រដ្ឋមន្ត្រីក្រសួង សាធារណការ៖ សន្ដិភាព ជាកត្តាសំខាន់បំផុត ក្នុងការស្វែងរកទីផ្សារនាំចេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 354

 ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងសារធារណការ និងដឹកជញ្ជូន ជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា សន្តិភាពជាកត្តាដ៏សំខាន់បំផុត ក្នុងការស្វែងរកទីផ្សារនាំចេញកសិផល ការទាក់ទាញការវិនិយោគិនពីបរទេស ដើម្បីបង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋ។

លោកថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ នយោបាយថ្មីៗនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា "សុខសន្តិភាពជាកត្តាដ៏សំខាន់បំផុត ក្នុងការស្វែងរកទីផ្សារនាំចេញកសិផល ការទាក់ទាញការវិនិយោគិនពីបរទេស ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការទាក់ ទាញទេសចរណ៍បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ ក៏ដូចចំណូលជាតិដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនថែមមួយកម្រិតទៀតផងដែរ"។

នៅក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំឮកដល់សមាជិកសមាជិកាបក្សទាំងអស់ កុំជឿលើការញុះញង់របស់គណៈបក្សប្រឆាំង ដែលតែងតែទាមទារឲ្យមានការប្តូររបបគ្រប់គ្រងរដ្ឋ ដែលកន្លងប្រទេសជាតិយើងបាន ជួបប្រទះនូវមហាវិនាសកម្ម របបប្រល័យពូជសាសន៍ និងគ្រោះទុរភឹក្ស។

លោកបន្ថែមថា ទាក់ទងនឹងដំណើរការរឿងក្តីរបស់គណៈបក្សប្រឆាំង ដែលបានព្រឹត្តអំពើខុសឆ្គងចំពោះជាតិ ដោយមានឯកសារ និងភស្តុតាងបញ្ជាក់ពីបំណងធ្វើបដិវត្តពណ៌ ដែលអាចនាំឲ្យសង្គមជាតិធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ នោះគ្មានអ្នកណាស្រឡាញ់កម្ពុជាជាង កម្ពុជាស្រឡាញ់កម្ពុជាខ្លួនឯងនោះទេ កម្ពុជាឆ្អែតនឹងសង្គ្រាមហើយ។

លោកបានលើកឡើង អំពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់បៀវត្សិ៍ ការផ្តល់សេវាសាធារណៈ ការបង់បេឡាសង្គមជូនកម្មករកម្មការនី ដើម្បីជួយសម្រួលដល់ជីវិភាពរស់នៅពួកគាត់ឲ្យតែកាន់តែប្រសើរឡើង។

លោក ស៊ុន ចាន់ថុល បានជំរុញឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវប្តេជ្ញាចិត្តចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសសូមបោះឆ្នោតជូនគណៈបក្សកម្ពុជា ដើម្បីប្រទេសជាតិយើងមានសុខសន្តិភាព មានផ្លូវបេតុង មានជីវភាពរស់នៅសមស្រប ការផ្តល់សេវាល្អ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គ្រប់គ្រាន់ ដែលនេះជាឱកាសដ៏សំខាន់បំផុត បើបោះឆ្នោតខុស កម្ពុជានឹងជួបវិបត្តិសង្គមទៀតហើយ។

លោក បានណែនាំសមាជិកសមាជិកាបក្សទាំងអស់ ឲ្យចុះតាមផ្ទះដើម្បីពន្យល់អ្នកដែលមានឈ្មោះបោះឆ្នោត អំពីសារសំខាន់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨ នាពេលខាងមុខ ដើម្បីប្រទេសជាតិ អាចជៀសផុតបដិវត្តពណ៌ និងការលូកដៃពីបរទេស ដែលបង្កឡើងដោយគណៈបក្សប្រឆាំង៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,428 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,594,253 នាក់