ដំណឹងថ្មីៗ


ជំទាវ លី អ៊ុំអេង មានអំណាចខ្លាំង បង្កបញ្ហាច្រើនយ៉ាង ក្នុងខេត្តសៀមរាប គ្មានមន្ត្រីអាជ្ញាធរណា ហ៊ានហើបមាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 5936

ប្រជាពលរដ្ឋនិង មន្ត្រីរាជការ ក្នុងខេត្តសៀមរាប បានលើកឡើងថាជំទាវ លី អ៊ុំអេង ដែលមានមុខរបរខាងធ្វើអាជីវកម្មខ្សាច់ ជីករណ្ដៅដីនិងប្រើអំណាច រំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ កំពុងបង្ហាញ ពីឥទ្ពិពលដ៏ធំធេង របស់ខ្លួនគ្មានញញើត អ្វីទាំងអស់។

កន្លងមកករណីជំទាវ លី អ៊ុំអេង ធ្វើអាជីវកម្មខ្សាច់និង ជីករណ្ដៅដីនៅ ស្រុកប្រាសាទបាគង ធ្លាប់ត្រូវបានប្រជាពលរដ្ឋ ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យជួយដោះស្រាយផងដែរ ដោយសារតែអាជ្ញាធរ ស្រុកប្រាសាទបាគង និងអាជ្ញាធរខេត្តសៀមរាប មិនជួយដោះស្រាយដល់ប្រជាពលរដ្ឋ។

លោក ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលជំទាវ លី អ៊ុំអេង ធ្វើអាជីវកម្មខ្សាច់និង ជីករណ្ដៅដីបង្ក ផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ហើយថែមទាំងប្រើអំណាច បំពានលើដីធ្លី ប្រជាពលរដ្ឋ យ៉ាងកំរោល។

មន្ត្រីរាជការនៅ ក្នុងខេត្តសៀមរាប បានឲ្យដឹងថា កន្លងមកនៅក្នុង ក្រុងសៀមរាប ក៏ធ្លាប់សុំអន្តរាគមន៍ពី ប្រមុខរាជរដ្ឋាភិបាល រឿងជំទាវ លី អ៊ុំអេង ធ្វើអាជីវកម្មខ្សាច់និង ជីករណ្ដៅដីក៏ដូចជារថយន្តដឹកដីបង្ក ផលប៉ះពាល់ដល់ ការរស់នៅ របស់ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ។

អាជីវកម្មខ្សាច់និង ជីករណ្ដៅដី របស់ជំទាវ លី អ៊ុំអេង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថាននិងការរស់នៅ របស់ប្រជាពលរដ្ឋ ទាំងនៅក្នុង ក្រុងសៀមរាប និងតាមបណ្ដា ស្រុកមួយចំនួនដូចជាស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ហើយមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ ដល់ប្រជាពលរដ្ឋឡើយ។ ហេតុនេះហើយទើបជំទាវ លី អ៊ុំអេង ប្រើអំណាចធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម គ្មានញញើតអ្វីទាំងអស់។

មន្ត្រីរាជការក្នុង ក្រុងសៀមរាប បានលើកឡើងថា ច្រើនឆ្នាំមកនេះ អាជីវកម្មកើបខ្សាច់ជីករណ្ដៅដីនិង សកម្មភាពរបស់ជំទាវ លី អ៊ុំអេង ក្នុងការរំលោភបំពាន ដីធ្លីប្រជាពលរដ្ឋបានធ្វើឲ្យប្រជាពលរដ្ឋ រាប់ពាន់គ្រួសារត្រូវ ប្រឈមនឹងទុក្ខលំបាក គ្មានទីបញ្ចប់។

ដូច្នេះក្រសួងនិងស្ថាប័ន ពាក់ព័ន្ធគួរពិនិត្យឡើងវិញ ជាបន្ទាន់ ហើយជួយរក ដំណោះស្រាយដល់ប្រជាពលរដ្ឋ ជាបន្ទាន់ ព្រោះអភិបាល ខេត្តសៀមរាប មិនហ៊ានប៉ះពាល់ជំទាវ លី អ៊ុំអេង ព្រោះជំទាវម្នាក់នេះ មានខ្នងបង្អែករឹងមាំចាំ ជួយការពារគ្រប់ពេលវេលា។

បើមិនដូច្នេះទេជំទាវ លី អ៊ុំអេង នៅតែធ្វើអ្វីៗ តាមអំពើចិត្ត ហើយប្រជាពលរដ្ឋរងគ្រោះនៅតែប្រឈមនឹងទុក្ខលំបាក កាន់តែខ្លាំងឡើងៗ ព្រោះនៅក្នុងក្រុងសៀមរាប នរណាក៏ស្គាល់ឈ្មោះជំទាវ លី អ៊ុំអេង ថាជាឈ្មួញជើងខ្លាំងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,467 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,594,292 នាក់