ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរ សង្គមកិច្ច ខេត្តកំពង់ចាម មិនអាចបិទបាំង អំពើពុករលួយរបស់ខ្លួនបានទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ វិច្ឆកា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 3136

 

ភ្នំពេញ៖អំពើពុករលួយ ច្រើនរូបភាព របស់លោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម និងកូនប្រុសឈ្មោះ ទូច វឌ្ឍនា ជាប្រធានការិយាល័យ ហិរញ្ញវត្ថុនិងផែនការ នៃមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម គឺជារឿងដែល មិនអាចបិទបាំង បានឡើយ។ ករណីនេះ បណ្ដារសារព័ត៌មាន ជាច្រើនបានចេញផ្សាយ លាតត្រដាងផងដែរ។

ហេតុនេះហើយទើប មន្ត្រីរាជការនៅ ក្នុងមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច ចាត់វិធានការទៅ លើមន្ត្រីពុករលួយឈ្មោះ ទូច ឆៃ និង ទូច វឌ្ឍនា ជាបន្ទាន់ ព្រោះក្នុងមួយឆ្នាំៗ មន្ទីរមន្ត្រី២នាក់ឪពុកនិងកូននេះ ឃុបឃិតគ្នាកេងប្រវ័ញ្ចថវិការដ្ឋ រាប់រយលានរៀល យកទៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវ ពុករលួយរបស់លោក ទូច ឆៃ និងកូនប្រុសឈ្មោះ ទូច វឌ្ឍនា ផងដែរព្រោះពួកគេ ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ គ្មានញញើត អ្វីទាំងអស់។

ប្រភពពីមន្ត្រីរាជការ នៅក្នុងមន្ទីរសង្គមកិច្ចនិង អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ចាម ថាលោក ទូច ឆៃ ប្រើអំណាចប្រព្រឹត្ត អំពើពុករលួយ តាមច្រើនរូបភាព ហើយតែងគំរាមកំហែងទៅ លើមន្ត្រីតូចតាច ក្នុងមន្ទីរដើម្បី បិទបាំងរឿងអាស្រូវ របស់ខ្លួន។

តាមការបង្ហើបពីមន្ត្រីរាជការ ក្នុងមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម មួយចំនួនបានឲ្យដឹងថា ក្នុងមួយឆ្នាំៗលោក ទូច ឆៃ និងកូនប្រុស បានកេងប្រវ័ញ្ច ថវិការដ្ឋយ៉ាងតិច៣០០លានរៀលតាមរយៈការកឹបកេងថវិកាស ម្រាប់ជួយជនរងគ្រោះ ដោយសាគ្រោះធម្មជាតិ គឺចំណាយទៅលើអំណោយក៏ដូច ជាចំណាយផ្សេងៗ ទៀតជាច្រើនផ្នែក។

មន្ត្រីទាំងនោះ បានឲ្យដឹងទៀតថា នៅមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម ក្នុងមួយឆ្នាំៗទទួលបានថវិកាផ្នែកជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ ជិត៤០០លានរៀលសម្រាប់ទិញអំណោយចែក ជូនជនរងគ្រោះ។ ប៉ុន្តែខ្ទង់ចំណាយដ៏ច្រើននោះ ត្រូវបានលោក ទូច ឆៃ និងកូនប្រុសបំប៉ោងតម្លៃ ទំនិញដោយឃុបឃិត ជាមួយក្រុមហ៊ុន ក៏ដូចជាបំប៉ោងតួលេខឈ្មោះអ្នកទទួលអំណោយ ដើម្បីនៅសល់ថវិកា ជាប្រយោជន៍ផ្ទាល់ខ្លួន។

មន្ត្រីរាជការនៅ ក្នុងមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ក្នុងថវិកាជិត៤០០លានរៀលសម្រាប់ ជួយជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ គឺលោក ទូច ឆៃ និងកូនប្រុសយកទៅ ទិញអំណោយនិង សម្ភារៈផ្សេងៗ ចែកជូនជនរងគ្រោះ អស់ថវិកាប្រមាណ២០០លានប៉ុណ្ណោះ។

ដូច្នេះលោក ទូច ឆៃ និងកូនប្រុសអាចកេងប្រវ័ញ្ច ថវិកាបានយ៉ាងច្រើន សម្រាប់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួល ហើយក៏អាចមានមន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងសង្គមកិច្ចជាប់ពាក់ព័ន្ធផល ប្រយោជន៍ផងដែរ។

ទន្ទឹមនឹងនេះ ប្រេងឥន្ធនៈឆ្នាំ២០១៦ ត្រូវចំណាយ មាន១៨លានរៀល និងឆ្នាំ២០១៧ត្រូវចំណាយ ជាង២០លានរៀល មិនដឹងថាលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចនិង កូនប្រុសប្រើប្រាស់ប្រេងឥន្ធនៈ ទៅលើបេសកកម្ម អ្វីខ្លះនោះទេ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 40,984 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,282 នាក់