ដំណឹងថ្មីៗ


លទ្ឋផលសង្ខេបនៃកិច្ចប្រជុំទ្វេភាគី និងសន្និសីទកាសែតរួមគ្នា រវាង សម្តេចតេជោ ហ៊ុន សែន និង លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 293

 ក្រោយពិធីចុះហត្តលេខាលើឯកសារសំខាន់ចំនួន១១រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានអញ្ជើញឡើងថ្លែងសន្និសីទកាសែតរួមពីលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការប្រវត្តិសាសន៍ថ្មីមួយទៀត សំរាប់កម្ពុជា និងបង់ក្លាដេស ដែលកាលពីឆ្នាំ២០០១ លោកជំទាវនាយករដ្ឋមន្ត្រីបានមកបំពេញទស្សនកិច្ចម្តងរួចមកហើយ។ កិច្ចពិភាក្សានាព្រឹកនេះ បានពិភាក្សាផ្តោតជាសំខាន់អំពីទំនាក់ទំនងទ្វេភាគី ក្នុងភាពកក់ក្តៅ និងស្និទ្ធស្នាល ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានាព្រឹកមិញនេះគឺពោរពេញដោយលទ្ធផល ដែលជាផ្នែកដ៏សំខាន់សម្រាប់ការបន្តដំណើររួមគ្នា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍។ សម្តេចបន្តថា ក្នុងកិច្ចពិភាក្សានេះ គឺបង់ក្លាដែសចង់ក្លាយជាដៃគូតាមវិស័យជាមួយអាស៊ាន ហើយកម្ពុជានឹងប្រឹងប្រែងដើម្បីសម្រេចកិច្ចការនេះ។ កម្ពុជា នឹងប្រឹងប្រែងជួយឲ្យបង់ក្លាដែសក្លាយជាដៃគូពិភាក្សាជាមួយប្រទេសឥណ្ឌា។ ទន្ទឹមនឹងនោះ សម្តេចតេជោ រំពឹងថាបង់ក្លាដែស និងមីយ៉ាន់ម៉ា នឹងរកឃើញរូបមន្តមួយដើម្បីឲ្យប្រជាជនរ៉ូហីងហ្គាអាចធ្វើមាតុភូមិនីវត្តន៍វិលត្រឡប់ទៅកាន់ប្រទេសមីយ៉ានម៉ាវិញបាន ។ ហើយក្នុងជំនួបនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែស ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅបង់ក្លាដែសជាថ្មីម្តងទៀតនាពេលសមស្របខាងមុខ។ ចំណែកឯលោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដែស គឺបានសម្តែងនូវក្តីសប្បាយរីករាយចំពោះការបានមកទស្សនកិច្ចនៅកម្ពុជា លើទឹកដីអរិយធម៌ដ៏ចំណាស់នៃចក្រភពអង្គរ។ លោកំទាវបន្តថា កម្ពុជា គឺជាមិត្តជិតខាងដ៏ជិតស្និទ្ធ ហើយមានទស្សនៈរួមគ្នាក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។ ប្រជាជននៃប្រទេសពីរមានភាពឈឺចាប់ស្រដៀងគ្នាពីអំពើប្រល័យពូជសាសន៍ និងសម្លាប់រង្គាល។ ក្រៅពីនោះក៏មានការប្រើប្រាស់ភាសាបាលី និងមានការចូលឆ្នាំក្នុងខែមេសារដូចគ្នា។ រដ្ឋាភិបាលរបស់លោកជំទាវនឹងដាក់ព្រះនាម ព្រះបរមរតនកោដ្ឋ នៅលើវិថីដ៏ល្បីមួយនៅទីក្រុងដាកា ប្រទេសបង់ក្លាដែសផងដែរ ។ លោកជំទាវនិងសម្តេចតេជោ ប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឈានទៅកម្រិតថ្មីមួយទៀត ។ លោកជំទាវនាយករដ្ឋមន្ត្រី ក៏អរគុណផងដែរ ចំពោះការធានា និងការគាំទ្ររបស់ សម្តេចតេជោ ចំពោះ កិច្ចពិភាក្សាតាមវិស័យជាមួយអាស៊ាន និងកិច្ចសន្ទនាមេគង្គ-គីងហ្គា។ លោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដែស បានប្រកាសប្តេជ្ញាផ្តល់ទីជម្រកដល់ជនជាតិរ៉ូហ៊ីងហ្កា ប្រមាណ ៧០ម៉ឺននាក់មកពីប្រទេសមីយ៉ាន់ម៉ា ហើយនឹងបន្តចរចាជាមួយ មីយ៉ាន់ម៉ា ដើម្បីឲ្យពួកគេបានត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,227 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,915 នាក់