ដំណឹងថ្មីៗ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាមួយ ឯកអគ្គរដ្ឋទូត ផុតអាណត្តិ សាធារណរដ្ឋកូរ៉េ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 212

 នៅវិមានសន្តិភាព រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម គីម វ៉ុនជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតផុតអាណត្តិ របស់សាធារណរដ្ឋកូរ៉េ។ ឯកឧត្តម Kim Weon-jin

បានជម្រាបសម្តេចតេជោ ថាបេសកកម្មរបស់ឯកឧត្តមរយៈពេល៣ឆ្នាំកន្លងមកនេះ គឺឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងគោលដៅជម្រុញ ទំនាក់ទំនង កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា នេះគឺជាខួប២០ឆ្នាំនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ហើយទំនាក់ទំនងនេះទៀតសោតបើគ្មានសម្តេចតេជោនាយករដ្ឋមន្ត្រីទេ ទំនាក់ទំនងនេះ ក៏មិនអាចមានមកដល់ចំណុចនេះដែរ។

ឯកឧត្តម បានគោរពនិងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចតេជោដែល បានអភិវឌ្ឍន៍កម្ពុជា មានរការរីកចម្រើនមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម Kim Weon-jin បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនៈភាពការងារពាក់ព័ន្ធនឹងផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ២១ ហើយនឹងការនាំផ្លែស្វាយកម្ពុជា ចេញទៅសាធារណរដ្ឋកូរ៉េ។

នៅឆ្នាំ២០១៨ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េហើយ, ហើយកូរ៉េនឹងបន្តជំរុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគក្នុងការធ្វើការកែឆ្នៃលិតផលកសិកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងអាចប្រកាសបានថា ទំនាក់ទំនងការ ទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យដ៏ធំបំផុត មួយដែលបានវិវត្តន៍ យ៉ាងឆាប់រហ័ស។

ជាអាទិ៍គឺយើងអាចឃើញតាមរយៈការ ហោះហើរជាច្រើនជើងពីកម្ពុជាទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា ហើយតាមរយៈទំនាក់ទំនងការងារ, ទំនាក់ទំនងប្រជាជននិង ប្រជាជន ហើយជាមួយនឹងជំនួយ ដែលកូរ៉េបានជួយដល់កម្ពុជា រហូតមកដល់ពេលនេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវការរីករាយ អបអរសាទរចំពោះការនាំ ចេញផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សាររបស់សាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយនេះ។

សម្តេចក៏បានសម្តែងនូវការរីករាយ ចំពោះវឌ្ឍនៈភាពការងារ ដែលឯកឧត្តម Kim Weon-jin បានរាយការណ៍ជូនសម្តេច។ មុននឹងបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តម Kim Weon-jin ទទួលបាន ជោគជ័យនៅក្នុងការងារថ្មីៗ ជាបន្តទៀតនៅពេលខាងមុខ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,167 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,855 នាក់