ដំណឹងថ្មីៗ


កម្មករជាង១ម៉ឺននាក់ ជួបសម្តេចតេជោ ហ៊ុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ ធ្នូ ឆ្នាំ​ 2017 អ្នកអាន 316

 នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សួរសុខទុក្ខ កូនក្មួយកម្មករកម្មការនី ចំនួន១៥,៧៤២នាក់ មកពីរោងចក្រនានា នៅតំបន់អូរដឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយ ជាខ្លាំងដែល បានអញ្ជើញមកជួបជុំជាមួយបងប្អូន កូនក្មួយកម្មករកម្មការនី ក្នុងការចុះជួប សំណេះសំណាល ប្រចាំសប្តាហ៍ដើម្បីស្វែងយល់ពីសុខទុក្ខផ្ទាល់ និងដើម្បីដោះស្រាយបញ្ហា ប្រឈមនានា មួយចំនួនរបស់កម្មករ និងជំរុញនូវគោល នយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំថៅកែ រោងចក្រអនុញ្ញាតិអោយកម្មករកម្មការនីទាំងអស់ ទទួលបានការឈប់ សំរាកមួយថ្ងៃដោយ មិនមានការកាត់ប្រាក់ ខែក្រោយពីចប់កម្មវិធីសំណេះ សំណាលនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងកូនក្មួយកម្មករកម្មការនី ទាំងអស់ដែលបានគោរពស្រលាញ់សម្តេច។ ការគោរពស្រឡាញ់នេះ គឺបានលើកទឹកចិត្តសម្តេចក្នុងការបន្តចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនកូនក្មួយនៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាង ម៊ឺងម៉ាត់ថាសង្គ្រាម មិនអាចកើតមានឡើងដរាបណា មានវត្តមាន សម្តេច ដឹកនាំប្រទេស។ សម្តេចតេជោ ប្តេជ្ញាការពារ និងថែរក្សាសន្តិភាពជូន ប្រជាពលរដ្ឋ និងប្រទេសជាតិអោយខានតែបាន។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវ អនុសាសន៍សំខាន់ៗ ៥ចំណុច ដល់និយោជក និងនិយោជិត ដើម្បីធ្វើការរួមគ្នា ធានាដល់ ល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ចំណូលល្អ:
ទី១)ត្រូវរួមគ្នាថែរក្សាសន្តិភាពស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបាន ល្អ។
ទី២)រួមគ្នារក្សាការងារនិងបង្កើតការងារថ្មីៗច្រើនថែមទៀតដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
ទី៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំកើន ទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ក្នុង១គីឡូវ៉ាត់ម៉ោង(សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ(២០១៨)ដើម្បីជួយកម្មករយើងអោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
ទី៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការ ពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ តាមរយៈមូលនិធិសមធម៌។
សម្តេចតេជោ បានណែនាំអោយម្ចាស់ ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្រ របស់ខ្លួនដើម្បីជួយដល់កម្មករ។ គ្រប់ស្ត្រីកម្មករិនី មានផ្ទៃពោះទាំងអស់ ត្រូវបានអនុញ្ញាតិអោយចេញ មុនម៉ោង១៥នាទី ចំពោះបណ្តារោងចក្រ ណាអនុញ្ញាតិអោយកម្មករចេញមុនម៉ោងលើល ពីការកំណត់រឹតតែប្រសើរ ហើយសម្តេចតេជោនឹង បំពាក់មេដៃជូន។
ចំពោះស្រ្តីមានផ្ទៃពោះសំរាល កូនគឺនឹងទទួលបាន ពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស ជូនដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍ មួយទៀតដែលនឹង ទទួលបានពីបេឡាសង្គមគឺ:-ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ធឬក្រៅប្រព័ន្ឋ ដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។បើសម្រាលបានកូន(៣)គឺទទួល បានថវិកា១លាន២សែនរៀលហើយ បូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពី សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។
ថវិកានេះនឹងផ្តល់ជូន ដោយបេឡាសន្តិសុខ សង្គមរបស់រាជរដ្ឋាភិបាល ដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារក្នុ ង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។កម្មករកម្មការនី ទូទាំងប្រទេស នឹងទទួល បានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា២០១៩)។
ចំពោះកីឡាករកីឡាការិនីទាំ ងអស់ក៏ទទួលបានការ ជិះរថយន្តក្រុងសាធារណៈ ដោយមិនគិតថ្លៃផងដែរ សម្រាប់រយៈពេល២ឆ្នាំហើយ ទទួលបានបានពិនិត្យ ថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។
ចំពោះកីឡាការនីដែលសម្រាល កូនក៏ទទួលបានអត្ថប្រយោជន៍ ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍(ប្រាក់រឺត្រែត)ដែលនឹងទទួលបានចំនួន៨០%នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។ ចំពោះស្រ្តីជាមន្រ្តីរាជការស៊ីវិល នគរបាល កងទ័ព គឺចាប់ពីខែ មករា ឆ្នាំ ២០១៨ នេះទៅ បើសម្រាលបានកូន ១ ត្រូវទទួលបាន ៨០០,០០០៛ បើបានកូនភ្លោះ២គឺទទួលបាន ១,៦០០,០០០៛ បើបានកូនភ្លោះ៣ គឺទទួលបាន ២,៤០០,០០០៛។ចំពោះគ្រូបង្រៀន និងគ្រូពេទ្យជាស្រ្តី ក៏ទទួលបានប្រាក់ឧបត្ថម្ភ ដូចខាងលើនេះផងដែរ។
ទី៥)រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ផ្តល់ កិច្ចគាំពារចំពោះ កម្មករកម្មការិនី ដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួល ជាមួយប្រទេសដៃគូ ដើម្បីផ្តល់នូវល័ក្ខខ័ណ្ឌការងារល្អៗ ដែលមានប្រាក់ខែល្អ សមរម្យដល់កម្មករ ព្រមទាំងជួយសម្រួល នូវបែបបទលិខិត បទដ្ឋានផ្លូច្បាប់នានា ដែលពាក់ព័ន្ធនឹង ការងាររបស់បងប្អូន កូនក្មួយកម្មករ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹង បន្តជជែកជាមួយ ប្រទេសផ្សេងៗ ដូចជាកូរ៉េខាងត្បូងម៉ាឡេស៊ី និងប្រទេសថៃដើម្បី ផ្តល់នូវល័ក្ខខ័ណ្ឌការងារ និងប្រាក់ខែល្អៗ សម្រាប់បងប្អូនកូនក្មួយកម្មករខ្មែរ ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបង ប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ដែលបានចូលរួម ក្នុងពិធីជួបជុំថ្ងៃនេះ។
សម្តេចតេជោ បានឧបត្ថម្ភនូវ ប្រាក់លើកទឹកចិត្ត មួយចំនួនដល់កម្មករ និងបានឧបត្ថម្ភថវិកាដល់កម្មការនី មានផ្ទៃពោះចំនួន ៣០៨ នាក់ផងដែរ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថតរូបអនុស្សាវរីយ៍ Free Selfie, FREE ឱបនិង, FREE ថើប ដែលបង្ហាញការ អាណិតស្រឡាញ់ និងយកចិត្តទុកដាក់ យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូន កូនក្មួយកម្មករកម្មការនី នៅក្នុងបរិយាកាស ស្និទ្ធស្នាល និងសប្បាយរីករាយក្រៃលែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,209 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,992,897 នាក់