ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លី អ៊ុំអេង រំលោភយក ត្រពាំងបុរាណ មួយកន្លែងនៅ ក្រុងសៀមរាប ទាំងកំរោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 9655

 ខេត្តសៀមរាប៖ស្ត្រីម្នាក់ឈ្មោះលី អ៊ុំអេង ដែលល្បីល្បាញរឿងអាស្រូវ ពាក់ព័ន្ធ ទំនាស់ដីធ្លី ជាច្រើននៅ ខេត្តសៀមរាប ត្រូវបានបន្តបែកធ្លាយ រឿងអាស្រូវ របស់ខ្លួន ជាបន្តបន្ទាប់។

ការបែកធ្លាយថ្មីមួយទៀតនេះ ត្រូវបានអ្នកច្បាប់អះអាងថា លោកជំទាវលី អ៊ុំអេង ប្តឹងរំលោភយកត្រពាំងបុរាណ មួយឈ្មោះ(ត្រពាំងភ្លុង) ធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

យោងតាមប្រភពពីមន្ត្រីអាជ្ញាធរ ខេត្តសៀមរាប បានឲ្យដឹងថា ត្រពាំងបុរាណ មួយមានឈ្មោះថា ត្រពាំងភ្លុង ដែលមានទំហំប្រមាណ រហូតជាង២ហិចតា បានកំពុងរងការ គំរាមកំហែង ប្តឹងរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពី សំណាក់ អ្នកមានអំណាច យ៉ាងធ្ងន់ធ្ងរ។ ត្រពាំងបុរាណមួយនេះមានទីតាំងស្ថិត ក្នុងភូមិសាស្ត្រភូមិចំនួនបីគឺភូមិបឹងដូនប៉ា.ភូមិទ្រាំង.និងភូមិមណ្ឌល៣ នៃសង្កាត់ស្លក្រាម ក្រុងសៀមរាប។
យោងតាមឯកសារ ជាក់លាក់ ដែលផ្តល់ឲ្យ ដោយក្រុមមេធាវី អាជ្ញាធរជាតិអប្សរាបង្ហាញថា ជនដែលកំពុងរត់ការប្តឹង យកត្រពាំបុរាណ ខាងលើមានឈ្មោះលី អ៊ុអេង ភេទស្រី។ បច្ចុប្បន្នគាត់មានងារជាជំទាវ ដែលអ្នកនៅសៀមរាប តែងហៅថាលោកជំទាវលី អ៊ុអេង។

ឯកសារបង្ហាញ ដោយក្រុមការងារបុរាណវិទ្យារបស់ អាជ្ញាធរជាតិអប្សរា បានចុះធ្វើកំណត់តំបន់ ការពារបុរាណដ្ឋាន ទាំងអស់ក្នុងសង្កាត់នានានៃក្រុងសៀមរាប។
បន្ទាប់ពីចុះសិក្សា ដល់ទីតាំងជាក់ស្តែង និងផ្ទៀងផ្ទាត់បន្ថែម លើរបាយការណ៏ ផ្នែកបុរាណវិទ្យាទិន្នន័យរបស់អ្នកស្រាវជ្រាវ សាលាបារាំងចុងបូពា៏ ផែនទីរបស់អង្គការ JICA២០០៥ និងផែនទីលើអាកាស Google Earth២០០៤ រួចមកទើបក្រុមការងារ បានសម្រេច កំណត់តំបន់ ការពារបុរាណ ដ្ឋាន(តំបន់ការពារត្រពាំងភ្លុង) ដូចមាននៅក្នុងផែនទី បុរាណដ្ឋាន ចុះថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥។
ឯកសារបង្ហាញទៀតថា តំបន់ការពារបុរាណ ដ្ឋានត្រពាំងភ្លុងនេះ ត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមិនអាចក្លាយជាកម្មសិទ្ធិ របស់ជនណាម្នាក់បានឡើយ។
ក្រុមមេធាវីរបស់អាជ្ញាធរជាតិអប្សរា បានបរិយាយថា ត្រពាំងភ្លុងនេះគឺជាត្រពាំង បុរាណកាល យូលង់មកហើយ។ នៅតាមទីទួលនៃមាត់ត្រពាំង សុទ្ធសឹងកន្លែងកប់ខ្មោច និងម៉ុងខ្មោចចិន។ ក្រៅពីនោះត្រពាំងបុរាណខាងលើ ក៏ជាទីតាំងផ្តល់ទឹកសម្រាប់ ពលរដ្ឋអាស្រ័យផល ដំណាំផងដែរ។ដូច្នេះអ្នកជំនាញស្រាវជ្រាវ បានដាក់ឈ្មោះថា តំបន់ការពារត្រពាំងភ្លុង។
ក្រុមមេធាវីបញ្ជាក់ថា នៅសុខៗស្រាប់តែ លោកជំទាវបណ្ឌិតលី អ៊ុំអេង ប្តឹងទាមទារ ត្រពាំងនេះមកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមបណ្តឹងចុះថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៦ ដោយសំអាងថាឪពុកម្តាយរបស់ខ្លួនទិញដីមួយកន្លែង នៅមុខម៉ុងខ្មោចយាយរបស់ខ្លួន ព្រោះដីនោះជាត្រពាំងស្រេចច។
ប្រភពបន្តថា មានឯកសារពាក្យស្នើសុំកាន់កាប់ដីធ្លី មួយឈ្មោះកែវ មុន្នី ចុះថ្ងៃទី២៣ខែមិថុនាឆ្នាំ១៩៩៦ ដែលឈ្មោះលីអ៊ុអេង យកមកធ្វើជាមូលដ្ឋាន ក្នុងការប្តឹងទាមទារ យកត្រពាំងនេះ។
ក្នុងបណ្តឹងបញ្ជាក់ថា ខាងត្បូងទល់នឹង ប្រពន្ធ័ការពារ។ ផ្ទុយទៅវិញទីតាំង ជាក់ស្តែង មិននៅជិតប្រពន្ធ័ការពារឡើយ ម្យ៉ាងវិញទៀតមាន ការកោសលុប និងសរសេរបំពេញបន្ថែម នៅត្រង់ចំណុចទំហំដី។ មានន័យថាឈ្មោះលី អ៊ុអេង បានយកឯកសារក្លែងក្លាយ មិនពិតប្រកដ ដែលស្ថិតនៅទីតាំងផ្សេង មកប្តឹងទាមទារយកដី ដែលជាទ្រព្យសម្បត្តិ សារធារណៈរបស់រដ្ឋ។
ក្រុមមេធាវីឲ្យដឹងទៀតថា នៅអំឡុងឆ្នាំ១៩៩៦.១៩៩៧ អាជ្ញាធរអប្សរា បានចុះហាមឃាត់ មិនឲ្យធ្វើអ្វីឡើយ ហើយទុកត្រពាំងនោះ ជាសមប្បត្តិរដ្ឋ។
លុះឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលេខ១៥៨អនក្រ.បក ធ្វើប្រទានកម្មដីតំបន់បុរីសណ្ឋាគារ ជូនប្រជាពលរដ្ឋ ក្រុមការងារចម្រុះ ដែលរួមមានអាជ្ញាធរអប្សរា. មន្ទីរពាក់ពន្ធ័នានានិងរដ្ឋបាលសាលាខេត្ត ចុះវាស់វែងតាមការចង្អុលបង្ហាញ របស់អ្នកប្តឹងទាមទារ។

ដោយឡែកដីត្រពាំង បុរាណខាងលើ ក្រុមការងាររកឃើញថា ជាដីជាន់លើតំបន់ការពារ ត្រពាំងភ្លុង។ ប៉ុន្តែឈ្មោះលី អ៊ុំអេង មិនសុខចិត្ត គឺទាមទារយកត្រពាំង នេះខាងតែបាន បើទោះបីក្រុមការងារអនុវត្ត អនុក្រឹត្យ សម្រេចបដិសេធការ ប្តឹងទាមទារនោះ។

ក្រុមមេធាវីបញ្ចាក់ថា បុគ្គលលី អ៊ុំអេងនិងបក្ខពួក ពេលនេះកំពុងប្តឹង សុំអន្តរាគមន៏ទៅឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា និងសម្តេចតេជោ ហ៊ុន សែន ដើម្បីបានត្រពាំងបុរាណ មកកាន់កាប់ផ្ទាល់ខ្លួន។ដោយចោទប្រកាន់ អាជ្ញាធរអប្សរាថា រំលោភកម្មសិទ្ធឯកជនពួកគាត់ និងមិនអនុវត្តអនុក្រឹត្យលេខ១៥៨អនក្រ.បក របស់រដ្ឋាភិបាល។ ទាំងនេះគឺជាការលោភលន់ ចង់បានទ្រព្យសមប្បត្តិសារធារណៈរបស់រដ្ឋទាំងបំពាន របស់បុគ្គលមានអំអាច។

បន្តាប់ពីឮដំណឹង ដែលអះអាងថា មិនអាចទទួលយកបាននេះ ពលរដ្ឋដែលរស់នៅជុំវិញ ត្រពាំងបុរាណ មានការភ្ញាក់ផ្អើល រហូតអះអាងថា ពួកគាត់មិនអនុញាតិ ឲ្យបុគ្គលណាម្នាក់ មកគ្រប់គ្រងជាកម្មសិទ្ធិផ្តាច់មុខបានឡើយ បើទោះបីអ្នកនោះជា ឧកញ៉ាឬជំទាវក៏ដោយ។ ពីព្រោះថានេះជាត្រពាំងបុរាណកាលពីដូនតា។

បុរសវ័យចំណាស់ម្នាក់ ក្នុងចំណោម ពលរដ្ឋទាំងនោះ បានលើកឡើងថា ឈ្មោះលី អ៊ុំអេងនេះ មានពលរដ្ឋ ច្រើនណាស់ចោទប្រកាន់ រឿងរំលោភយកដី ដែលក្នុងនោះមាន នៅស្រុកបន្ទាយស្រី ហើយថ្មីនេះនៅស្រុកប្រាសាទបាគងទៀត។ ចុះហេតុអីសុខៗក៏ស្រាប់តែ មកចង់រំលោភយក ត្រពាំងបុរាណនេះទៀត។ ឬមួយថា មានងារជាជំទាវ ចង់ធ្វើអ្វីធ្វើនោះ ចង់បានអ្វីក៏បាននោះ ធ្វើហាក់បីដូចប្រទេសគ្មានច្បាប់....!។ បុរសដដែល បានលើកដៃបួងសួង សុំកុំឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីជាសុផារ៉ា និងសម្តេចតេជោ ហ៊ុនសែន ជឿជាក់លើរាល់ ឯកសារក្លែងក្លាយ ដែលឈ្មោះលី អ៊ុំអេង ប្តឹងទាមតារយកត្រពាំងបុរាណនេះ។

ចំណែកពីរនាក់ប្តីប្រពន្ធមួយគ្រួសារទៀត ក៏បានអះអាងមិនខុស ពីបុរសខាងលើនោះដែរ ដោយបញ្ចាក់ថា កាលពីសម្ភោធផ្លូវថ្មី ដែលតភ្ជាប់ពីវត្តព្រះឥន្ទកោសីយ៏ មកទល់ផ្លូវ៦០ម៉ែត្រ អាជ្ញាធរខេត្តបានប្រាប់ក្នុងអង្គប្រជុំថា ត្រពាំងភ្លុងជាសម្បត្តិរដ្ឋ មិនអាចនណាម្នាក់ធ្វើជាម្ចាស់ឡើយ។ ពីព្រោះត្រពាំងនេះ នៅថ្ងៃមុខនឹងរៀបចំឲ្យ ទៅជាតំបន់បៃតង ហើយទឹកត្រពាំងក៏មានពណ័បៃតងផងដែរ។

ពួកគាត់បន្តថា មានថ្ងៃមួយជំទាវខាងលើ បានសុំទិញដីពួកគាត់ ក្បាល៥និងបណ្តោយ១៨ម៉ែត្រ ដែលកន្ទុយដីនោះដល់ត្រពាំងតែម្តង។ ប៉ុន្តែអ្វីដែលគាត់ស្រឡាំងកាំងនោះគឺ ក្រោយពេលប្រគល់ប្រាក់ហើយ លោកជំទាវប្រាប់ថា កុំឲ្យពលរដ្ឋណាទៅធ្វើអ្វី ក្នុងត្រពាំងនេះ ព្រោះជាកម្មសិទ្ធិរបស់គាត់តែម្នាក់គត់។ ជាមួយនឹងការហួសចិត្តនេះ ពួកគាត់រួមទាំងពលរដ្ឋ រស់នៅម្តុំត្រពាំងនោះ បានត្រៀមទប់ស្កាត់ចំពោះការចូល រំលោភកាន់កាប់ ត្រពាំងបុរាណ មិនចំពោះថាជននោះជាអ្នកណា។

នៅរសៀលថ្ងៃទី១៨ខែធ្នូនេះ ថ្វីត្បិត អ្នកយកព័ត៌មាន ពុំអាចស្វែងរកលោកស្រីលី អ៊ុំអេង ដើម្បីសុំការពន្យល់បាន ប៉ុន្តែស្វាមីរបស់លោកស្រី គឺលោកអ៊ូ ម៉េង បានថ្លែងតាមទូរសព្ទ័ថា ជាការពិតណាស់ដែលលោកបានប្តឹងទៅថ្នាក់លើ ដើម្បីសុំធ្វើប្លង់កម្មសិទ្ធិ។ តែត្រង់ថាលទ្ធផលយ៉ាងណានោះ អាស្រ័យលើផ្នែកច្បាប់។ តែលោកមិនបានប្តឹងទៅតុលាការនោះទេ។

លោកបន្តថា ដីត្រពាំងនោះជាកម្មសិទ្ធរបស់លោក ដោយគ្រួសារលោកបានទិញតាំង ពីអំឡុងឆ្នាំ១៩៩០មក និងបានធ្វើម៉ុងដាក់សពសាច់ញាតិ ចំនួន៣នាក់មកហើយ។ ពេលសួរថា តើលោកទិញត្រឹមតែដីទួលមាត់ត្រពាំង សម្រាប់ធ្វើម៉ុងឬយ៉ាងណា.?លោកអ៊ូ ម៉េងបញ្ជាក់ថា ទិញត្រពាំងទាំងមូលតែម្តង។

ទោះបីជាយ៉ាងនេះ ក្រុមអ្នកច្បាប់របស់ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា នឹងរក្សាការពារត្រពាំងបុរាណមួយនេះ ដោយមិនឲ្យបុគ្គលណាម្នាក់ មកឈូសឆាយហ៊ុំពទ្ធ័ យកធ្វើជាកម្មសិទ្ធិ ផ្តាច់មុខបានឡើយ។ ចំណែកមន្ត្រីរាជការ និងពលរដ្ឋទូទាំង ខេត្តសៀមរាប ក៏រងចាំមើលដែរថា ប្រពន្ធ័ច្បាប់អាចជួយបុគ្គលម្នាក់ឬក៏ជួយសង្គមទាំងមូល៕SRដោយស្រី ម៉ារី


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,029 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,327 នាក់