ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រៃឈើ កំពុងរងការបំផ្លាញ យ៉ាងមហន្តរាយ ពីសំណាក់ ក្រុមហ៊ុនយូនីហ្គ្រីន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2254

 

ភ្នំពេញ៖ប្រជាសហគមន៍ ការពារព្រៃឈើ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើនៅ ក្នុងតំបន់ដែនជម្រក សត្វព្រៃភ្នំព្រេច កំពុងរងការបំផ្លាញ យ៉ាងមហន្តរាយពីសំណាក់ ក្រុមហ៊ុនយូនីហ្គ្រីន ហើយលោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី និងប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី មិនចាត់វិធានការ ទប់ស្កាត់ឡើយ។

មន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកកោះញែក ក៏បានឲ្យដឹងដែរថា ក្រៅពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល ដែលកំពុងបំផ្លាញ ព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វ ព្រៃភ្នំព្រេច យ៉ាងពេញបន្ទុកនោះ គឺក្រុមហ៊ុនយូនីហ្គ្រីន ក៏កំពុងបង្កើនសកម្មភាព បំផ្លាញព្រៃឈើ ក្នុងតំបន់នោះ យ៉ាងរាលដាលដែរ។

ប្រភពពីសកម្មជន ព្រៃឈើ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល កំពុងប្រមូលទិញឈើ ពីឧកញ៉ា អ៊ឹង ប៊ុនចិន ពីឈ្មួញឈ្មោះ ប៉ុល វិសាល និងពីឈ្មួញឈ្មោះ សាន ចយ ដឹកជញ្ជូនចូល ក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច របស់ខ្លួនដើម្បីឲ្យ ក្លាយទៅជាឈើ ស្របច្បាប់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនយូនីហ្គ្រីន ក៏កំពុងប្រមូលទិញឈើ ពីប្រជាពលរដ្ឋនិងពីឈ្មួញដែលកាប់ដឹកចេញ ពីតំបន់ដែនជម្រក សត្វព្រៃភ្នំព្រេច ក៏ដូចជាព្រៃអភិរក្សនិងព្រៃការពារ ក្នុងស្រុកកោះញែកផងដែរ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា គេបានឃើញសកម្មភាពលើក និងស្ទូចឈើ នៅក្នុងទីតាំងក្រុមហ៊ុនយូនីហ្គ្រីន ដាក់លើរថយន្តយីឌុបបម្រុងដឹកចេញទៅក្រៅ។

បើទោះបីជាមន្ត្រីជំនាញ មួយចំនួនអះអាងថា ក្រុមហ៊ុនយូនីហ្គ្រីន មានច្បាប់ត្រឹមត្រូវក៏ដោយក៏ប៉ុន្តែ ជាក់ស្ដែងក្នុងច្បាប់អនុញ្ញាត ឲ្យដឹកឈើត្រឹម១៧ទៅ១៨ម៉ែត្រគូបក្នុង១រថយន្ត ប៉ុន្តែគេផ្ទុកដល់ទៅ៥០ឬ៦០ម៉ែត្រគូបដែលជាការបំពានច្បាប់យ៉ាងច្បាស់ក្រឡែត។

មន្ត្រីរាជការនិងប្រជាពលរដ្ឋ ក្នុងខេត្តមណ្ឌលគិរី សង្ស័យថាមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ក្នុងខេត្តមណ្ឌលគិរី មួយចំនួនទទួលបានផលប្រយោជន៍ពីក្រុមហ៊ុនយូនីហ្គ្រីន ទើបព្យាយាមបិទបាំង សកម្មភាពក្រុមហ៊ុននេះ ក្នុងការបំផ្លាញព្រៃឈើ៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,272 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,570 នាក់