ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចតេជោ អញ្ជើញជួបទ្វេភាគី និងទទួលទានអាហារ ការងារជាមួយ នាយករដ្ឋមន្រ្តីវៀតណាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 945

  ថ្ងៃ៩រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨

នៅវិមានសន្តិភាព រសៀលថ្ងៃពុធនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគី និងទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបដែលធ្វើឡើងក្នុងពេលពិសារអាហារការងារថ្ងៃត្រង់នេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បាន វាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជាដែលបានទទួលនូវកំណើនសេដ្ឋកិច្ចសង្គមយ៉ាងល្អប្រសើរ។ ជាពិសេស គឺប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ លោកនាយករដ្ឋមន្រ្តីវៀតណាមមានជំនឿចំពោះកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គឡានឆាងលើកទី២នេះ គឺនឹងនាំមកនូវលទ្ធផលត្រចះត្រចង់បំផុត ហើយមិនតែប៉ុណ្ណោះ គឺបានលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់ប្រទេសកម្ពុជាកាន់តែខ្ពស់ថែមទៀត ទាំងនៅក្នុងកម្រិតតំបន់ និងអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សាគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលបានកើនឡើងរហូតដល់៣,៨០០ លានដុល្លាអាមេរិក បើប្រៀបធៀបទៅនិងឆ្នាំកន្លងទៅ គឺមានការកើនឡើង (២៥%) ក្នុងនោះ វៀតណាមបាននាំទំនិញកសិផលកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម ក្នុងឆ្នាំ២០១៧ ដែលមានប្រមាណជាង១,០០០ លានដុល្លា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្វាគមន៍ លោកនាយករដ្ឋមន្រ្តីវៀត ណាម ង្វៀន សួនហ៊្វុក និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២។ ការអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តីគឺបានចូលរួមចំណែកដល់ការពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងថែមទៀតរវាងប្រទេសទាំងពីរ ជាពិសេសធ្វើឲ្យកិច្ចប្រជុំកំពូលថ្ងៃនេះទទួលបានជោគជ័យជាមិនខាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,154 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,558,100 នាក់