ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីគយទម្លាយ រឿងអាស្រូវ លោកស៊ុន ឆាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 1642

 

ភ្នំពេញ៖មន្ត្រីគយបម្រើការងារ នៅអង្គភាពស្នាក់ការគយ និងរដ្ឋាករកំពង់ផែ ស្វយ័តភ្នំពេញ បានទម្លាយរឿងអាស្រូវ របស់លោកស៊ុន ឆាយ ដែលជាមេប្រធាន ស្នាក់ការគយ និងរដ្ឋាករកំពង់ផែ ស្វយ័តភ្នំពេញ ថាបានឃុបឃិតគ្នា ជាមួយបក្ខពួក បង្កើតឲ្យមាន អំពើពុករលួយ ជាប្រព័ន្ធ។ ដោយអំពើពុករលួយនោះ ត្រូវបានមន្ត្រីគយថា ក្នុង១ខែៗ លោកស៊ុន ឆាយ និងបក្ខពួក រកចំណូល បានរាប់ម៉ឺនដុល្លារ។

នេះបើតាមគេហទំព័រ ក្នុងស្រុកមួយ បានចេញផ្សាយ នៅថ្ងៃទី៩មករា មុននេះ២ថ្ងៃ។ យ៉ាងនេះក្ដីរហូតមកដល់ ថ្ងៃទី១១មកនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីលោក ស៊ុន ឆាយ បាននៅឡើយទេ។

បើតាមគេហទំព័រCam Post បានស្រង់ប្រភព ពីមន្ត្រីគយ បម្រើការងារ នៅអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ដោយលើកឡើងថា តាមរយៈការបង្កើត ការិយាល័យថ្មីៗ ដែលគេហៅថា "ការិយាល័យធិបតេយ្យ"។ ការិយាល័យធិបតេយ្យនេះ ពួកគេបានប្រព្រឹត្ត រឿងអាស្រូវ ជាលក្ខណៈ ប្រព័ន្ធតែម្តង ដោយជ្រកក្រោមជំនាញ ដោយរាល់ឯកសារ ប្រតិវេទន៍គយឆ្លងកាត់ លើទំនិញវិនិយោគនាំចូល ដែលជាពន្ធអាករ បន្ទុករបស់រដ្ឋនោះ។

ក្រុមមន្ត្រីបម្រើការងារ នៅអង្គភាពស្វយ័ត កំពង់ផែភ្នំពេញ បានទម្លាយថា ទំនិញគេចពន្ធជាច្រើន ពិសេសគ្រឿងសំណង់ និងប្រេងឥន្ធនៈ បានចូលមកតាម ច្រកកំពង់ផែស្វយ័ត ភ្នំពេញនេះយ៉ាងច្រើន ហើយមន្ត្រីគយនៅទីនេះ មិនសូវត្រួតពិនិត្យ ឲ្យបានល្អិតល្អន់ឡើយ ពោល គឺគ្រាន់តែបើកមើលលំៗ និងមើលលើឯកសារ តែប៉ុណ្ណោះ។

សកម្មភាពបែបនេះ ត្រូវបានមន្ត្រីទាំងនោះ បង្ហើបឲ្យដឹងថា ម្ចាស់ទំនិញទាំងអស់ បានទាក់ទងជាមួយមេគយឈ្មោះ ស៊ុន ឆាយ រួចរាល់អស់ហើយ។ អ៊ីចឹងហើយ ទើបមានគយចល័តមួយចំនួន ចាប់បានទំនិញ គេចពន្ធជាបន្តបន្ទាប់ ដែលចេញពីច្រកកំពង់ផែ ស្វយ័តភ្នំពេញនេះតែម្តង។
បើតាមគេហទំព័រដដែល ឲ្យដឹងទៀតថា ឯកសារមួយ យ៉ាងតិចក៏ត្រូវចំណាយចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារ ដែលនេះ ជាលុយខ្មៅ កើតពីការគោះយកឆៅៗតែម្តង តាមភារកិច្ច តាមជំនាញនីមួយៗ ពីមន្ត្រីគយនៅទីនោះ សម្រាប់ទំនិញ វិនិយោគនាំចូល។

ជាមួយគ្នានោះ ការរត់ឯកសារ មួយឯកសារ ជាទម្លាប់ត្រូវលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករកំពង់ផែ ស្វយ័តភ្នំពេញ តម្រូវឲ្យបង់លុយដល់ ទៅ៦គោលដៅឯណោះ គឺទី១- ត្រូវបង់លុយឲ្យមន្ត្រីគយផ្នែកចុះលេខ ចំនួន៥ដុល្លារ ទី២- ខាងគណនេយ្យ លោក ស្វាយ មរ៉ា ចំនួន១០ដុល្លារ ទី៣- ក្រុមត្រួតពិនិត្យរបស់លោក សាយ សូផា មួយកុងតឺន័រ១០ដុល្លារ ទី៤- ក្រុមគយចាំយកលុយ នៅកន្លែងគណនេយ្យ សម្រាប់រាប់ក្បាលកុងតឺន័រទំហំ៤០ហ្វីត ចំនួន៥០ដុល្លារ ទំហំ២០ហ្វីត៤០ដុល្លារ ទី៥- បង់ឲ្យអនុប្រធាន ដូចជាលោក ប៊ុស ចំរើន លោក គឹម សាគល និងអ្នកស្រី ប៊ូ ផល្លី មួយឯកសារក្នុងម្នាក់ ចំនួន៥ដុល្លារ និងទី៦- បង់ឲ្យលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញនេះតែម្តង ដោយមួយឯកសារ១០ដុល្លារ។

ក្រុមអ្នករត់ការបន្ថែមថា ជាធម្មតា ឯកសារចុះ ប្រតិវេទន៍គយ ត្រូវឆ្លងកាត់គយ និងបង់លុយក្រោមតុបែបនេះ ក្នុងមួយថ្ងៃមានចាប់ពី៣០ទៅ៤០ឯកសារ សួរថា តើពួកគាត់គោះ ពីក្រុមហ៊ុនវិនិយោគ បានប៉ុន្មានពាន់ដុល្លារក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារក្នុងមួយខែ??? ម្យ៉ាងទៀត ក្នុងមួយឯកសារចុះលេខម្តងៗ មិនមែនតិចកុងតឺន័រឡើយ គឺយ៉ាងតិចចាប់ពី៥កុងតឺន័រ ទៅ១០ ឬ១៥កុងតឺន័រ ហើយមួយកុងតឺន័ របង់លុយក្រោមតុចាប់ពី៤០ដុល្លារ ទៅ៥០ដុល្លារ តើមួយថ្ងៃៗ ឃុបឃិត ជាលក្ខណៈប្រព័ន្ធបែបនេះ បានប៉ុន្មានម៉ឺនដុល្លារ??? គេសង្ស័យថា ប្រាក់នេះ មិនបង់ចូលរដ្ឋ ខណៈជាទម្លាប់ ក្នុងរយៈពេល១សប្តាហ៍ ឬពីរសប្តាហ៍ ត្រូវគេទម្លាយមកថា លុយកេះខ្មៅនេះ ក៏ត្រូវបានបែងចែកគ្នាម្តង តិចច្រើនទៅតាមឋានានុក្រម។

ប្រការដែលមាន ករណីបែបនេះ មជ្ឍដ្ឋាននានាបានលើកឡើងថា បានធ្វើឲ្យបាត់បង់ថវិកាចំណូលចូលរដ្ឋ រាប់ម៉ឺនសែនដុល្លារក្នុង១ឆ្នាំៗ។ ដូច្នេះថ្នាក់ដឹកនាំ អគ្គនាយកគយ និងរដ្ឋាករ កម្ពុជា និងក្រសួងសេដ្ឋកិច្ច មិនត្រូវមើល រំលងនូវបាតុភាព របស់លោកស៊ុន ឆាយ នោះឡើយ៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,653 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,599 នាក់