ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អំពើពុករលួយ របស់លោកម៉ក់ ពេជ្ជរិទ្ធ នាំឲ្យមន្ត្រីតូចតាច មិនសប្បាយចិត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2052

ភ្នំពេញ៖មានការលើកឡើងថា អំពើពុករលួយ របស់លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានកើតមានយ៉ាង រាលដាល កាន់តែធំឡើងៗ បណ្ដាលឲ្យ មន្ត្រីៗជាច្រើន ដែលបម្រើការងារ នៅអគ្គនាយកដ្ឋាន កាំកុងត្រូល មានការមិនសប្បាយចិត្តជាខ្លាំង។ ដោយមន្ត្រីទាំងនោះ បានអំពាវនាវ ដល់រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងអង្គភាពប្រឆាំង អំពើពុកលួយ បើកការស៊ើបអង្កេត និងចាត់វិធានការ ឲ្យបានទាន់ពេលវេលា ចំពោះអំពើពុករលួយ របស់លោកម៉ក់ ពេជ្ជរិទ្ធ នេះ។

បើតាមបណ្ដារសារព័ត៌មាន បានឲ្យដឹងថាមេឈ្មួញធំៗ នាំចូលទំនិញ ខូចគុណភាព និងសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រូច... បានបង់ជូនលោកម៉ក់ ពេជ្ជរិទ្ធ រាល់ៗខែ ទើបមានទំនិញ និងសាច់ បន្លែ មានជាតិគីមីខូចគុណភាព នាំចូលមកលក់ពេញទីផ្សារ នៅទូទាំងខេត្ត ក្រុង រាជធានី តែម្តង។

ក្រុមមន្ត្រីបានទម្លាយថា ថ្មីៗនេះ លោកម៉ក់ ពេជ្ជរិទ្ធ កំពុងត្រូវបាន មន្ត្រីតូចតាច នៅក្រោមឱវាទ បើកកកាយពី រឿងអាស្រូវពុករលួយ ពីការប្រមូលលុយ តាមគ្រប់រូបភាព ដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ឲ្យក្លាយជាមហាសេដ្ឋី យ៉ាងត្រជាក់ល្ហឹម នឹងប្រាប់គេឯងថា យកទៅជួយបក្សផងដែរ ក្នុងការចុះពង្រឹងបក្សនៅ ស្រុកកៀនស្វាយ។

ប្រភពទម្លាយទៀតថា លោកម៉ក់ ពេជ្ជរិទ្ធ បានកាន់តំណែង អង្គុយកៅអី ជាមេកាំកុងត្រូលនេះយូរឆ្នាំ ឡើងក្រិនគូទទៅហើយ ពោល គឺឡើងដុះស្លែ។ នេះមកពីលោកចេះសែនថ្នាក់លើ បានឆ្ងាញ់មាត់រហូតមក។

ក្រុមមន្ត្រីបានឲ្យដឹងតទៅទៀតថា នៅគ្រាដែលថ្នាក់លើ មិនខ្វល់ពីសកម្មភាព របស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះ វាបានធ្វើឲ្យលោក ម៉ក់ ពេជ្ជរិទ្ធ សព្វថ្ងៃនេះ កំពុងតែប្រើប្រាស់ អំណាចតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង និងគ្រប់រូបភាព នៅតាមច្រកចេញចូល
សំខាន់ៗ តាមរយៈមន្ត្រីដៃជើងជំនិតៗ ដែលកាន់នៅច្រកខ្លាញ់ៗ ក្រោមលេសយកថវិកាមកជួយការងារ និងពង្រឹងបក្ស របស់គណបក្សប្រជាជន នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលខ្លួនពង្រឹងនៅទីនោះ។

មន្ត្រីតូចតាច ក្នុងអគ្គនាយកដ្ឋាន កាំកុងត្រូល បានបង្ហើបឲ្យដឹងថា ការដែលមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិសំខាន់ៗ ឬច្រកព្រំដែន ជាប់ព្រំប្រទល់ ជាមួយប្រទេសវៀតណាម និងប្រទេសថៃនោះ ហ៊ានឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញខូចគុណ ទំនិញហួសកាលកំណត់ប្រើប្រាស់ បន្លែ បង្ការ ផ្លែឈើ មានផ្ទុកសារធាត់គីមី ឬសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិត ដែលមានលាយ សារធាតុគីមីជាដើម គឺដើម្បីប្រមូលលុយយកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់ ដែលលោកបានជួយដាក់ ពួកគេឲ្យកាន់តំណែងជាប្រធានច្រកសំខាន់ៗនោះ។

ចំណែកឯមន្ត្រីកាំកុងត្រូល តាមបណ្តាខេត្តមួយចំនួន ក៏បានបង្ហើបឲ្យនាយ ក្តាមប្រៃ បានដឹងផងដែរថា ពួកគេត្រូវបង់លុយតាមការ កំណត់របស់លោក ម៉ក់ ពេជ្ជរិទ្ធ ព្រោះលោកបានប្រាប់ពួកគេថា ត្រូវយកលុយទាំងនោះ ទៅជួយការងារគណបក្ស ក្នុងស្រុកកៀនស្វាយ។ ហេតុនេះហើយ ទើបពួកគេបិទភ្នែក បិទច្រមុះ បិទត្រចៀក បើកដៃឲ្យឈ្មួញនាំចូល ទំនិញខូចគុណភាព និងចំណីអាហារ មានលាយសារធាតុគីមី ក៏ដូចជាជ្រូកក្រហម មាន់ ទា ត្រី ព្រមទាំងបន្លែបង្ការមានផ្ទុកសារធាតុគីមី មកលក់ចែកចាយក្នុងទីផ្សារកម្ពុជា តែម្តង។

ជាក់ស្តែងមួយរយៈ ពេលចុងក្រោយនេះ មន្ត្រីកាំកុងត្រូលប្រចាំ ច្រកទ្វារអន្តរជាតិ ច្រកព្រំដែន និងច្រករបៀង ជាប់ព្រំដែនវៀតណាម និងព្រំដែនថៃ បានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ចំណីអាហារមាន លាយសារធាតុគីមី បន្លែបង្ការ មានផ្ទុកសាធាតុគីមី និងជ្រូកក្រហម ជ្រូកត្រចៀកខៀវ ចូលប្រទេសកម្ពុជា យ៉ាងពេញបន្ទុកតែម្តង។

ក្រុមមន្ត្រីខាងលើ បានប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងបន្ថែមថា ក្នុងនាមជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លោក ម៉ក់ ពេជ្ជរិទ្ធ គិតតែពីរឿងប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតគូរពី ផលប៉ះពាល់ ដល់សុខភាពពលរដ្ឋ ខ្មែរឡើយ ពោលគឺគាត់បញ្ជាមន្ត្រីថ្នាក់ ក្រោមប្រចាំតំបន់ មន្ត្រីក្នុងនាយកដ្ឋាន ធ្វើសកម្មភាពចុះពិនិត្យទំនិញតាមហាង តាមផ្សារខ្លះៗ ដើម្បីថតផ្សាយ បង្អួតស្នាដៃ ឲ្យថ្នាក់លើបានឃើញ បានដឹង តែប៉ុណ្ណោះ។ ហើយវាគ្រាន់តែជារូបភាព បិទបាំងសកម្មភាព ពុករលួយរបស់ មេកាំកុងត្រូលជាមួយមេឈ្មួញធំៗ ឲ្យនាំចូលពីក្រោយខ្នង យកមកលក់ចែកចាយពាសពេញ ទីផ្សារស្រុកខ្មែរតែម្តង។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន កាំកុងត្រូល បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទទំនាក់ទំនង៕SRដោយកែវ ស្រីពៅ
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,162 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,021 នាក់