ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវជុំវិញផ្សារលើធំថ្មី នឹងធំទូលាយ លែងចង្អៀតទៀតហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មករា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 4066

 

ខេត្តសៀមរាប៖អាជ្ញាធរ សមត្ថកិច្ច ចម្រុះរបស់ ក្រុងសៀមរាប បានកំពុងតែ ចាត់វិធានការ យ៉ាងតឹងរឹង ចំពោះសណ្ដាប់ធ្នាប់ នៅផ្សារលើធំថ្មី ដោយអាជ្ញាធរ រំពឹងថា ផ្លូវនៅជុំវិញ ផ្សារលើធំថ្មី នឹងធំទូលាយ លែងចង្អៀតទៀតហើយ។

មន្ត្រីបានឲ្យដឹងថា ម្ចាស់ផ្សារចំនួន២៨ ក្នុងក្រុងសៀមរាប បានឲ្យអាជីវករ ដាក់លក់លើផ្លូវ ដើម្បីទារថ្លៃភាស៊ី ហើយករណីនេះ កំពុងបង្កភាពអនាធិបតេយ្យ ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។ នៅចំពោះមុខនេះដែរ អាជ្ញាធរតម្រូវ ឲ្យគណៈកម្មការ និងប្រធានផ្នែកគ្រប់គ្រងភាស៊ី រៀបចំឲ្យមានផ្លូវពទ្ធ័ ជុំវិញផ្សារឡើងវិញ។

អភិបាល ក្រុងសៀមរាប លោកសូរ ប្លាតុង នៅថ្ងៃទី១៧មករាម្សិលមិញ បានបើកកិច្ចប្រជុំតូចមួយ ដោយតម្រូវឲ្យ គណៈកម្មការនិង ប្រធានគ្រប់គ្រង ផ្នែកភាស៊ី រៀបចំឲ្យមានផ្លូវ ពទ្ធ័ជុំវិញផ្សារឡើងវិញ និងបញ្ឈប់ការផ្តល់ ឲ្យមានការដាក់ លក់លើផ្លូវ ខណៈលោកទទួលស្គាល់ថាផ្សារធំៗចំនួនពីរ គឺផ្សារក្រោម និងផ្សារលើធំថ្មី ដែលគ្រប់គ្រង ផ្នែកភាស៊ី ដោយលោក ហ៊ុប ថៃ កំពុងបង្កភាព អនាធិបតេយ្យ ខ្លាំងជារៀងរាល់ថ្ងៃ។

លោកអភិបាល ក្រុងសៀមរាប បញ្ជាក់ថា ពិតជាមិនអាច ទទួលយកបានទេ ចំពោះការផ្តល់ឲ្យលក់លើផ្លូវបែបនេះ។ ចាប់ពីពេលនេះតទៅ ត្រូវដកចេញឲ្យអស់ ទាំងការតសំយ៉ាប ទាំងការដាក់ឆ័ត្រលក់លើផ្លូវ រួចទាំងការចតយានជំនិះ គ្រប់ប្រភេទលើផ្លូវ។ ព្រោះថាផ្សារនីមួយៗគឺមានផ្លូវ និងមានប្រពន្ធ័ លូទឹកពទ្ធ័ជុំវិញ ប៉ុន្តែបើអនុញាតិ ឲ្យលក់លើផ្លូវដើម្បី ទារថ្លៃភាស៊ីនោះ ពិតជាមិនអាចទទួល យកបានឡើយ។ ផ្សារមួនេះមានផ្លូវពទ្ធ័ជុំវិញទទឹង៨ម៉ែត្រ និងផ្លូវចាក់បេតុងផ្នែកខាងក្រោយផ្សារ មានទទឹងរហូត១២ម៉ែត្រ តែពេលនេះផ្លូវនៅសល់តែ១,៥ទៅ២ម៉ែត្រប៉ុណ្ណោះ នេះដោយសារ តែខ្វះការគ្រប់គ្រង។ ចឹងទេ ចាប់ពីពេលនេះតទៅ គណៈកម្មការនិងប្រធានគ្រប់គ្រង ផ្នែកភាស៊ី ត្រូវដោះស្រាយជាបន្ទាន់ ពីព្រោះវាមិនមានអ្វីលំបាកនោះទេ ប្រសិនបើ មានឆន្ទៈដោះស្រាយ។

លោកបន្ថែមថា រឿងមួយទៀត ដែលកំពុងកើត មានចំពោះមុខ គឺរឿងទារថ្លៃភាស៊ី។ សុំកុំទាមទារភាស៊ីឲ្យ លើសពីសៀវភៅបន្ទុក ព្រោះរាល់ថ្ងៃកំពុង កក្រើកខ្លាំងណាស់។ យើងដឹងច្បាស់ណាស់ថា សៀវភៅបន្ទុក តម្រូវឲ្យយកត្រឹម តែ៥០០រយរៀល សម្រាប់ម៉ូតូ១គ្រឿងពេលដាក់ផ្ញើ ប៉ុន្តែបែជាយក ១០០០រៀលទៅវិញ។ ចឹងទេពីពេលនេះតទៅ សុំកុំឲ្យមានរឿងបែបនេះទៀត។

បើតាមលោកអភិបាល ក្រុងបន្ថែមថា ក្រៅពីផ្សារលើធំថ្មី ក៏មានផ្សារក្រោម មួយទៀតកំពុងធ្លាយរឿងមិន ប្រក្រតីជាច្រឿន។ ដូច្នេះចាំបាច់ត្រូវរៀប ចំផ្សារធំៗទាំងពីរនេះ ឲ្យមានរបៀបរៀបរយមុនគេ ក្នុងចំណោមផ្សារ ទាំង២៨ក្នុង ក្រុងសៀមរាប។

ទោះបីក្នុងកិច្ចប្រជុំនេះ មិនមានវត្ត មានលោក ហ៊ុប ថៃ ប្រធានគ្រប់គ្រង ផ្នែកភាស៊ី ផ្សារលើធំថ្មី និងផ្សារក្រោម ដោយមានតែជំនួយ ការរបស់លោក តែគេរំពឹងថា នឹងមិនមានការលក់លើផ្លូវដោយសា តែចង់បាន ថ្លៃភាស៊ីទៀតនោះឡើយ។

ម្យ៉ាងវិញទៀត ចំពោះការយកភាស៊ី ពីការលក់ តាមកញ្ច្រែង និងផ្ញើម៉ូតូ ក៏មិនប្រព្រឹត្តិលើសសៀវភៅបន្ទុក ទៀតនោះដែរ។ ពីព្រោះលោកអភិបាល ក្រុងសៀមរាប បានកំណត់ដាច់ខាត នៅចំពោះ មុខសមត្ថកិច្ច រួមទាំងមហាជន ជាច្រើនផងដែរ។

គួបញ្ជាក់ថាផ្សារហ៊ុយ ឡេង នៅផ្លូវផ្សារញ៉ែ និងផ្សារញ៉ែ ព្រមទាំងផ្សារសាមគ្គី ហ៊ុយ គាំង ត្រូវបាន មជ្ឍដ្ឋាននានា មើលឃើញថា មិនមានសណ្ដាប់ធ្នាប់នោះទេ ដោយមានការ រំលោភ ដាក់តាំងលក់ លើចិញ្ចើមផ្លូវ ទាំងកំរោល ដោយថៅកែផ្សារ មានអំណាចធំធេង មិនមានអាជ្ញាធរ សមត្ថកិច្ចរូបណា ហ៊ានចេញមុខ រៀបចំឡើយ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,674 នាក់
ម្សិលមិញ : 75,133 នាក់
សរុប : 50,546,755 នាក់