ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧកញ៉ាលឹម ហេង អាចនៅពីក្រោយខ្នង សកម្មភាព ដឹកជញ្ជូនឈើ នៅខេត្តឧត្តរមានជ័យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កុម្ភៈ ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2538

 ភ្នំពេញ៖ឧកញ៉ាលឹម ហេង ដែលគេដឹងថា ជាអ្នករកស៊ីជំនួញម្នាក់ នៅកម្ពុជា ដ៍ល្បីល្បាញ និងជាអ្នកបើកកាស៊ីណូ នៅខេត្តឧត្តរមានជ័យ ត្រូវបានគេទម្លាយថា អាចជាអ្នកនៅពីក្រោយខ្នង ក្នុងសកម្មភាព ដឹកជញ្ជូនឈើ នៅខេត្តឧត្តរមានជ័យ។

ដោយករណីនេះត្រូវបានលោកស ថាវី អភិបាល ខេត្តឧត្តរមានជ័យ អះអាងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា លោកមិនបានដឹងច្បាស់នោះទេ ចំពោះព័ត៌មានថា លោកឧកញ៉ាលឹម ហេង ធ្វើជំនួញឈើ។ ប៉ុន្តែលោកលឹម ហេង គាត់មាន (សជណ) ក្នុងការអភិវឌ្ឍន៍ តាមព្រំដែនខេត្តឧត្តរមានជ័យ ធ្វើសណ្ឋាគារនិងកាស៊ីណូ។ លោកអភិបាលខេត្តថា ចំពោះការប្រមូលទិញឈើ របស់ក្រុមហ៊ុនលឹម ហេង នោះ លោកមិនដឹងថា ប្រមូលទិញនៅទីតំបន់ណាមួយឡើយ។ ហើយមិនមានច្បាប់ ក្នុងការប្រមូលទិញឈើនោះដែរ។ តែការធ្វើសណ្ឋាគារនិងកាស៊ីណូ តែងតែប្រើឈើខ្លះហើយ។

បើតាមព័ត៌មាន ដែលបានផ្ញើចូលគ្រុបWhatsApp និងបង្ហោះតាមបណ្ដាញសង្គមហ្វេបុក នៅសៀលថ្ងៃ២៦កុម្ភ:នេះ បានបកអាក្រាតរឿងអាស្រូវ របស់លោកឧកញ៉ាលឹម ហេង ថាបានធ្វើជំនួញឈើ យ៉ាងផុសផុល នៅខេត្តឧត្តរមានជ័យ ដោយឈើទាំងនោះ យកទៅកែឆ្នៃសម្រាប់ លម្អរសណ្ឋាគារនិងកាស៊ីណូ ជាដើម។

ក្នុងព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០១៨ មានសេចក្ដី រាយការព៍មកថា រថយន្ដ ទំនងរបស់លោកឧកញ៉ាលឹម ហេង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងសកម្ម សឹងរាងរាល់ថ្ងៃ ដោយមេការម្នាក់ ឈ្មោះរហស័នាម P២ ជាអ្នកដើរបំផុស ប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន នៅក្នុងខេត្តឧត្តរមានជ័យ ឲ្យអារឈើ លក់ឲ្យខ្លួន និងដឹកបន្ដយកទៅ ស្តុកទុកនៅក្នុងឃ្លាំង មួយកន្លែង ទល់មុខកាស៊ីណូ នៅជាប់ច្រកទ្វាអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ភាគច្រើនប្រភេទឈើ ធ្នង់ សុក្រំ ផ្ចឹក។

ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ បានបង្ហើបសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា សកម្មភាព រថយន្តប្រភេទធំៗ ដឹកជញ្ជូនឈើនោះ មិនមានអាជ្ញាធរ សមត្ថកិច្ចណា ហ៊ានធ្វើការបង្ក្រាបឡើយ ដោយសកម្មភាពទាំងនោះ ទំនងជារបស់លោកឧកញ៉ាលឹម ហេង។

រហូតដល់ម៉ោង៥ល្ងាចថ្ងៃ២៦កុម្ភ:នេះ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោកឧកញ៉លឹម ហេង បាននៅឡើយទេ នៅពេលអង្គភាពសៀមរាបប៉ុស្ដិ៍ ព្យាយាមទាក់ទង តាមឆាតហ្វេបុក ដោយលោកឧកញ៉ាមិនទាន់ឆ្លើយតប។ ប៉ុន្តែបុរសម្នាក់ ដែលប្រើលេខទូរស័ព្ទ ប្រព័ន្ធមិត្តហ្វូន ២៦៨៨៨ចុង បានអះអាងថា លោកជាមេការរបស់ ក្រុមហ៊ុនលឹម ហេង។ លោកថារូបភាពឈើទាំងនោះ ជារូបភាពចាស់ នឹងសួររកប្រភពអ្នកផ្ដល់ព័ត៌មានផងដែរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,535 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,617 នាក់