ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តពោធិ៍សាត់ បើកដៃឲ្យតាំង អៀង ដឹកជញ្ជូនឈើ តាមអំពើចិត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2064

ភ្នំពេញ៖ថ្មីៗនេះ មានការលើកឡើងថា ឈ្មួញឈើម្នាក់ នៅខេត្តពោធិ៍សាត់ ឈ្មោះតាំង អៀង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងពេញបន្ទុក មិនមានអាជ្ញាធរ សមត្ថកិច្ច ជំនាញណាធ្វើការ ទប់ស្កាត់បង្ក្រាបឡើយ។

ការដែលអាជ្ញាធរ ខេត្តពោធិ៍សាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ មិនបង្ក្រាបជំនួញឈើ របស់តាំង អៀង ហើយសម្ងំរក្សាភាព ស្ងប់ស្ងាត់បែបនេះ ទំនងអាចជាប់ពាក់ព័ន្ធ ទទួលផលប្រយោជន៍ ពីឈ្មួញរូបនេះ តាមរបៀបពុករលួយ ជាលក្ខណះប្រព័ន្ធ។

សកម្មភាពដឹកជញ្ជូនឈើ របស់តាំង អៀង នៅខេត្តពោធិ៍សាត់ ត្រូវបានគេរាយការណ៍ថា មានលក្ខណះទ្រង់ទ្រាយធំ គេមិនដឹងថា មានលិខិតអនុញាតឬយ៉ាងណានោះទេ។
សេចក្ដីរាយការណ៍ថា រយៈពេលប្រមាណ ជិត៣ខែកន្លងទៅនេះ តាំង អៀង ល្បីថាមានងារជាឧកញ៉ា បានធ្វើសកម្មភាព កាប់ឈើប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ បានដោយសុវត្ថិភាព។ តាំង អៀង ប្រើប្រាស់រថយន្តធំៗ ដឹកឈើ ចេញពីទីតាំង ក្រុមហ៊ុនអឹមឌីអេស(MDS) ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចូលមកកាន់ រាជធានីភ្នំពេញយ៉ាងរលូន។ ភាគច្រើននៃឈើ គឺយកមកស្តុកទុកនៅ ឃ្លាំងផែស្ងួតត្មាតពង ខេត្តកំពង់ស្ពឺ។

តាមប្រព័ន្ធផ្សព្វផ្សាយថា មួយរយៈកន្លងទៅនេះ មេឈ្មួញ តាំង អៀង បានប្រើប្រាស់យីហោក្រុមហ៊ុនអឹមឌីអេស ដើម្បីដឹកជញ្ជូនឈើ យ៉ាងពេញបន្ទុក បើទោះបីអាជ្ញាប័ណ្ណ របស់ក្រុមហ៊ុនអឹមឌីអេស ហួសសុពលភាព រយៈពេលជិត១០ឆ្នាំមកហើយក៏ដោយ។

បើទោះបីអាជ្ញាប័ណ្ណ ក្រុមហ៊ុនអឹមឌីអេស របស់មេឈ្មួញ ទ្រី ភាព ហួសសុពលភាពជិត១០ឆ្នាំមកហើយក៏ដោយ ក៏មេឈ្មួញ តាំង អៀង នៅតែអាចប្រើប្រាស់ យីហោក្រុមហ៊ុនអឹមឌីអេសដើម្បីដឹកជញ្ជូនឈើយ៉ាងគឃ្លើនដដែល។

ប្រការនេះគឺជារឿង ដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរបណ្ដែតបណ្ដោយ តទៅទៀតទេ។
អង្គភាពសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង តំណាងក្រុមហ៊ុន អឹមឌីអេស និងលោកតាំង អៀង បាននៅឡើយទេ ជុំវិញករណីនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,595 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,677 នាក់