ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីខេត្តរតនគិរី បើកដៃឲ្យឈ្មួញ នាំឈើទៅវៀតណាម ផ្គើនបទបញ្ជារដ្ឋាភិបាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 12:00 ព្រឹក អ្នកអាន 2184

ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មួញឈ្មោះវ៉ាន់ ចន្នី ហៅចែច្រឹប និងប្អូនប្រុសឈ្មោះ ថាន បានសម្រុកដឹកជញ្ជូនឈើ ទៅប្រទេសវៀតណាម តាមច្រករបៀងខ្លាធំ និងច្រករបៀងអូរថ្ម ស្រុកអូរយ៉ាដាវ យ៉ាងរលូន ផ្គើនទៅនឹង បម្រាមរបស់រាជរដ្ឋាភិបាល ក្នុងហាមនាំឈើទៅក្រៅប្រទេស។

ការដែលឈ្មួញឈ្មោះ ចែច្រឹប និងប្អូនប្រុសឈ្មោះ ថាន ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត ទំនងមានការឃុបឃិត ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត ជាពិសេសសមត្ថកិច្ចនៅតាមច្រករបៀង។

ប្រភពពីប្រជាពលរដ្ឋ នៅខេត្តរតនគិរី បានបង្ហើបសូមមិនបញ្ចេញឈ្មោះថាឈ្មួញឈ្មោះ ចែច្រឹប និងបក្ខពួក ចូលមកប្រមូលទិញឈើ បានយ៉ាងរលូន ព្រោះគ្មានមន្ត្រីជំនាញឬ សមត្ថកិច្ចពាក់ព័ន្ធចាត់វិធាន ការទបស្កាត់ឡើយ។

ប្រភពត្រូវបានប្រព័ន្ធផ្សព្វផ្សាយថា នៅដើមខែមីនា ឆ្នាំ២០១៨នេះ ប្អូនប្រុសចែច្រឹប ឈ្មោះ ថាន បានចេញមុខរត់ការ សម្របសម្រួល ជាមួយមន្ត្រីជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនស្ថាប័នដើម្បី ដឹកជញ្ជូនឈើ ចេញទៅវៀតណាម។

ប្រការនេះហើយដែលធ្វើឲ្យ ព្រៃឈើក្នុងតំបន់ ដែនជម្រកសត្វព្រៃលំផាត់ ត្រូវប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយ ព្រោះឈ្មួញឈ្មោះ ចែច្រឹប និងបក្ខពួក កំពុងប្រើប្រាស់ រថយន្ត ជាច្រើនគ្រឿង សម្រាប់ដឹកជញ្ជូនឈើ។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ចែច្រឹប និងបក្ខពួក ដឹកជញ្ជូនឈើចេញ ពីតំបន់អូរជីប អូរក្រែង អូរបោក សហគមន៍កែងសាន់ កាត់តាមភូមិតាកុកព្នង ភូមិដតូច ហើយយកទៅលក់ឲ្យឈ្មួញ តាមច្រករបៀងខ្លាធំនិង ច្រករបៀងអូរថ្ម ។

មន្ត្រីគណៈកម្មការបង្ក្រាបនិង ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងឈរជើងនៅខេត្តរតនគិរី ក៏ទំនងមិនហ៊ានប៉ះពាល់ ឈ្មួញឈ្មោះ ចែច្រឹប នោះដែរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,823 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,905 នាក់