ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូល ពេញអង្គអាស៊ាន-អូស្រ្តាលី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 08:01 ព្រឹក អ្នកអាន 1108

 នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដែលបានប្រារព្វធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិស៊ីដនី ប្រទេសអូស្រ្តាលី។ ក្នុងកិច្ចប្រជុំនេះ មេដឹកនាំនៃប្រទេសអាស៊ាន-អូស្រ្តាលី បានឯកភាពគ្នាក្នុងការចេញនូវ សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី លើសេចក្តីថ្លែងការណ៍ទីក្រុងស៊ីដនី មានចំនួន២៩ចំណុច ដែលក្នុងនោះមេដឹកនាំទាំងអស់ បានបញ្ជាក់ពីការ ឆ្លុះបញ្ចាំងនូវសករាជថ្មីមួយនៃ ទំនាក់ទំនងអាស៊ាន-អូស្រ្តាលីកាន់តែជិតស្និទ្ធ ដែលត្រូវបានតម្លើងទៅជាភាពជាដៃគូ យុទ្ធសាស្រ្ត នៅឆ្នាំ២០១៤។ មេដឹកនាំទាំងអស់ បានធ្វើជាការអះអាងសារជាថ្មីថា នូវភាពជាដៃគូដ៏សំខាន់ និងរឹងមាំក្នុងតំបន់មួយ ដែលកំពុងទទួលនូវមានការផ្លាស់ប្ដូរសំខាន់ៗជាច្រើន។ មេដឹកនាំអាស៊ាន-អូស្រ្តាលី បានបេ្តជ្ញាពង្រឹងនូវការងាររួម ដើម្បីរួមចំណែកសម្រេចបាន នូវតំបន់មួយប្រកបដោយសុខសុវត្ថិភាព និងវិបុលភាពសម្រាប់ប្រជាជន។ ហើយក្នុងកិច្ចប្រជុំពេញអង្គនេះ ថ្នាក់ដឹកនាំប្រទេសអាស៊ាននីមួយៗក៏បានអញ្ជើញថ្លែងសន្ទរថារបស់ខ្លួនផងដែរ។ ក្នុងកិច្ចប្រជុំនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងទៅកាន់អង្គប្រជុំដែលមានខ្លឹមសារថា៖ សម្តេចតេជោ ពិតជាមានក្ដីរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលជាគោលចរសំខាន់ថ្មីមួយក្នុងទំនាក់ទំនងរបស់យើង។៤៤ឆ្នាំកន្លងមកនេះ ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី មានភាពចាស់ទុំ, បាននាំមកនូវវឌ្ឍនភាពជាវិជ្ជមាន ហើយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការលើកស្ទួយវិបុលភាពជូនដល់ប្រជាជនរបស់យើង។ កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះតួរនាទីរបស់អូស្ដ្រាលី ជាប្រទេសដៃគូសន្ទនាទីមួយរបស់អាស៊ាន ហើយសូមបន្ដគាំទ្រយ៉ាងមុតមាំរបស់អូស្ដ្រាលី ដល់សហគមន៍អាស៊ាន។ កម្ពុជាសូមលើកទឹកចិត្តអូស្ត្រាលី ឲ្យជួយគាំទ្រដល់ការអនុវត្តន៍ផែនការការងារនេះ និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍គម្រោងទាំង៥ ដែលកំពុងតែត្រូវបានរៀបចំដោយប្រទេស CLMV។
ក្នុងស្មារតីនេះ សម្តេចតេជោ សូមអោយអាស៊ាន និងអូស្រ្តាលីគួរពិចារណាកំណត់ទិសដៅអនាគត់ដូចខាងក្រោម៖
ទី១៖ សន្ដិភាព, សន្ដិសុខ, និងស្ថិរភាព គឺចំណុចស្នូលសម្រាប់ទំនាក់ទំនងអាស៊ាន-អូស្រ្តាលី ព្រោះវាគឺជាមូលដ្ឋានគ្រឹះនៃការរីកចម្រើន និងវិបុលភាព នៅក្នុងតំបន់ទាំងមូល។
ទី២៖ ត្រូវជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។ អូស្ដ្រាលី បានដាក់ទុនក្នុងតំបន់អាស៊ីអាគ្នេយ៍ អស់ពេលច្រើនទស្សវត្សរ៍មកហើយ តាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតឲ្យធ្វើការសិក្សា និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅអូស្ដ្រាលី និងដាក់ចេញនូវផែនការកូឡុំបូថ្មីរបស់អូស្ដ្រាលី។ ជាលទ្ធផល, មានបញ្ញវន្ដជាច្រើន ដែលបានបញ្ចប់ការសិក្សានៅអូស្ដ្រាលី ហើយកំពុងតែចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងដំណើរការអភិវឌ្ឍប្រទេសរៀងខ្លួន, ទាំងក្នុងផ្នែករដ្ឋ និងឯកជន។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍ ចំពោះការពង្រឹងនូវផែនការកូឡុំបូថ្មីរបស់អូស្ដ្រាលីដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ឲ្យកាន់តែប្រសើរ ដោយគាំទ្រដល់សិស្ស-និស្សិតអូស្ដ្រាលី ទៅសិក្សា និងអនុវត្តន៍ការងារ នៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន។
ទី៣៖ នៅក្នុងការប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (RCEP)នៅទីក្រុងម៉ានីល កន្លងទៅ, ថ្នាក់ដឹកនាំទាំងអស់បានប្ដេជ្ញាចិត្តបញ្ចប់ការចរចា RCEP នៅឆ្នាំ២០១៨នេះ។ កម្ពុជាសូមស្នើឲ្យអាស៊ាន-អូស្ដ្រាលី និងប្រទេសដៃគូដទៃទៀត បញ្ចប់ការចរចា RCEP ទៅតាមពេលវេលាដែលបានកំណត់។
ទី៤៖ កម្ពុជាសូមលើកទឹកចិត្តអូស្ដ្រាលី ឲ្យបន្ដគាំទ្រតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ ជាពិសេសតាមរយៈយន្ដការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនិងបញ្ហាប្រឈមសន្ដិសុខមិនប្រពៃណីនានា ដូចជា បញ្ហាភេរវកម្ម, គ្រោះមហន្ដរាយធម្មជាតិ, ការប្រែប្រមួលអាកាសធាតុ, អន្ដោប្រវេសន៍ អន្ដរជាតិ និងជំងឺរាតត្បាត ជាដើម ដើម្បីធានានូវសុខដុមរនា ជូនប្រជាជនក្នុងតំបន់អាស៊ីបូព៌ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងអាស៊ាន និងកម្ពុជា សហគ្រាសធុនតូច និងមធ្យម រួមទាំងសហគ្រាសមីក្រូផង គឺជាដ៏សំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយកំណើននៃបណ្ដាប្រទេសសមាជិក, ដែលបង្កើតបានជាមូលដ្ឋានផលិតដ៏ធំ និង ស្រូបយកកម្លាំងពលកម្មយ៉ាងច្រើន។ សម្តេចសូមអរគុណដល់អូស្ដ្រាលី ដែលបានអញ្ជើញសហគ្រិនឆ្នើមវ័យក្មរងរបស់កម្ពុជា ចូលរួមក្នុងសន្និសីទសហគ្រាសធុនតូច និងមធ្យមកន្លងមកផងដែរ។ កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រ និងចូលរួមជាមួយអូស្រ្ដាលី និងសហគមន៍អន្ដរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃអំពើហិង្សាជ្រុលនិយម រ៉ាឌីកាល់និយម និងភេរវកម្មគ្រប់រូបភាព សំដៅលើកកម្ពស់សន្ដិភាព សន្ដិសុខ និងស្ថេរភាព ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់ក៏ដូចជាលើសកលលោក។
កម្ពុជាសូមស្វាគមន៍ និងគាំទ្រការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងអាស៊ាន និងអូស្ដ្រាលី ស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មអន្ដរជាតិ កម្ពុជា ក៏សូមមស្វាគមន៍នូវគំនិតផ្ដើមទាំងឡាយរបស់អូស្ដ្រាលី សំដៅធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីសម្រេចបាននូវការលើកតម្កើងកិច្ចសហប្រតិបត្តិការ និងមិត្តភាពនៃតំបន់ទាំងពីរ ហើយកម្ពុជា គាំទ្រការអនុម័ត សេចក្ដីថ្លែងការណ៍ទីក្រុងស៊ីដនី និងស្នើឲ្យមន្រ្តីពាក់ព័ន្ធជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្ដីថ្លែងការណ៍នេះផងដែរ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,088 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,558,034 នាក់