ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បីគយខេត្តតាកែវ បង្កើតប៉ុស្ដិ៍ជជុះ ប្រមូលលុយពីក្រុមឈ្មួញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 02:09 ល្ងាច អ្នកអាន 2189

ភ្នំពេញ៖ក្នុងមួយថ្ងៃៗ រថយន្តតូចធំ រាប់រយគ្រឿងទឹកទំនិញ ជាច្រើនមុខ នាំចូលពីប្រទេសវៀតណាម ឬនាំចេញពី ប្រទេសកម្ពុជា ដែលធ្វើចរាចរណ៍ឆ្លងកាត់ទឹកដី ខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិ២ គឺដាច់ខាតត្រូវតែបង់លុយ ឲ្យមន្ត្រីគយចល័តនៅទីនេះ បើទោះបីរថយន្តទាំងនេះ ដឹកទំនិញបង់ពន្ធរួចហើយ ឬដឹកទំនិញគេចពន្ធក៏ដោយ។

មន្ត្រីគយចល័ត ប្រចាំការនៅក្នុងខេត្តនេះ បានបោះទីតាំងប៉ុស្ដិ៍ចល័ត យ៉ាងហោចណាស់ពីរកន្លែង ដើម្បីស្ទាក់យកលុយ ពីរថយន្តដឹកទំនិញ ដែលមួយកន្លែងស្ថិតនៅ ក្នុងឃុំគិរីចុងកោះ ក្បែរទីរួមស្រុកគីរីវង្ស និងមួយកន្លែងទៀតស្ថិតនៅក្នុងឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ គឺស្ថិតនៅអមកំណាត់ផ្លូវជាតិលេខ២ ដូចគ្នាតែម្តង។

ថ្មីៗនេះបណ្ដារសារព័ត៌មាន បានផ្សាយថា អ្នកដឹកទំនិញ ឆ្លងកាត់ទាំងអស់ មិនថាដឹកទំនិញស្របច្បាប់ ឬខុសច្បាប់ទេ គឺត្រូវតែឈប់រថយន្តនៅទីនេះ ដើម្បីបង់លុយជាចាំបាច់ បើពុំដូច្នេះទេ ការដឹកទំនិញលើកក្រោយទៀត អាចប្រឈមនឹងការចាប់ទុក។

គយចល័ត ប្រចាំខេត្តតាកែវ មិនបានត្រួតពិនិត្យ ជាក់ស្តែងលើឯកសារប្រតិវេទន៍ ឬពិនិត្យមើលទំនិញជាក់ស្តែង ដែលផ្ទុកនៅក្នុងរថយន្តឡើយ គឺពួកគេចាំតែទទួល យកលុយពីអ្នកបើកបរ ឬពីម្ចាស់ទំនិញ តាមចំនួនណាមួយ ដែលមាត់របស់ពួកគេ ជាអ្នកសន្មត់តាមបរិមាណទំនិញតិច ឬច្រើន។ ដោយត្រូវបង់ចាប់ពីមួយម៉ឺនរៀល ទៅ៤ម៉ឺនរៀល។ ឬចាប់ពី៨ម៉ឺនរៀលទៅ១២ម៉ឺនរៀល។
ទំនិញទាំងនោះ មានផ្ទុកបន្លែ ផ្លែឈើ និងគ្រឿងទេសមួយចំនួន ដែលត្រូវបាននាំចូល ពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំដិន ជាទីដែលពាណិជ្ជក ររបស់វៀតណាម និងខ្មែរ បានសម្រុកដឹកទំនិញផ្សេងៗ តាមរ៉ឺម៉ក និងម៉ូតូ ក្នុងរូបភាពតូចតាច ដោយឆ្លងកាត់ក្រោមក្រសែភ្នែកមន្ត្រីស្នាក់ការ គយប្រចាំការ រាប់សិបគ្រឿង។ ដូច្នេះក្នុង១ថ្ងៃៗ គយទាំងនោះ អាចប្រមូលលុយ បានយ៉ាងច្រើន។

សកម្មភាពដឹកទំនិញ ឆ្លងដែនតាមច្រកទ្វារអន្តរជាតិភ្នំដិន ភាគច្រើនគឺធ្វើឡើង ក្នុងរូបភាពតូចតាច និងមិនឃើញមានបង់ពន្ធ ឲ្យបានត្រឹមត្រូវមែនទេ ប៉ុន្តែពួកគេចាំបាច់ត្រូវតែបង់លុយឲ្យមន្ត្រីគយប្រចាំការ ដោយគ្មានការលើកលែង។ ចំណែក អ្នកដឹកបន្តមកកាន់បណ្ដាទីផ្សារក្នុងខេត្តផ្សេងៗ ដូចជារាជធានី ភ្នំពេញជាដើម គឺត្រូវបង់លុយម្តងទៀតដល់មន្ត្រីគយចល័យ ដែលនៅតាមដងផ្លូវ។

ប្រភពជាក់លាក់បន្ថែមថា សកម្មភាពគយចល័ត ប្រមូលលុយពីរថយន្តដឹកទំនិញ ឆ្លងកាត់ទឹកដីខត្តតាកែវ ត្រូវបានប្រភពច្បាស់ការណ៍បង្ហើបឲ្យដឹងថា មន្ត្រីគយម្នាក់អាចប្រមូល បានលុយរាប់ម៉ឺនដុល្លារ សម្រាប់ចែកគ្នាតាមឋានៈ និងបុណ្យស័ក្តិរបស់ពូកគេ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីសាខាគយ ខេត្តតាកែវ បាននៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,379 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,461 នាក់