ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ធ្លាយព័ត៌មាន ហាក់ សេង ទិញដីព្រៃលិចទឹក នៅខេត្តសៀមរាប តម្លៃរាប់ម៉ឺន$

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិនា ឆ្នាំ​ 2018 ម៉ោង 04:45 ល្ងាច អ្នកអាន 3255

 ខេត្តសៀមរាប៖បន្ទាប់ពីមានការចេញផ្សាយ ព័ត៌មាន ជុំវិញរឿងអាស្រូវ ឈ្មួញហាក់ សេង ដែលមានអំណាចធំធេង ធ្វើការឈូសឆាយ ដីព្រៃលិចទឹក នៅខេត្តសៀមរាប បណ្ដាលឲ្យ រងការវិនាស ក្លាយជាតំបន់វាលរហោស្ថាននោះ ត្រូវបានបែកធ្លាយព័ត៌មានថា ឈ្មួញហាក់ សេង បានចំណាចលុយ រាប់ម៉ឺនដុល្លារ ក្នុងការទិញដីព្រៃលិចទឹក នៅសង្កាត់ជ្រាវ។
ប្រភពច្បាស់ការណ៍ ពីបណ្ដាញសារព័ត៌មាន អេឡិចត្រូនិច បានឲ្យដឹងថា ការឈូសឆាយទន្ទ្រានកាន់កាប់ កាយដីព្រៃលិចទឹក របស់រដ្ឋជាច្រើនហិចតាពីសំណាក់ លោក ហាក់ សេង ជាបុគ្គលអ្នកមាន និងមានអំណាចម្នាក់ នៅខេត្តសៀមរាប បានទិញស្ងាត់ៗពីអាជ្ញាធរក្នុងតំបន់នោះក្នុង១ហិចតាតម្លៃ២ម៉ឺនដុល្លារ ។ ប៉ុន្តែត្រូវបាន បរាជ័យយ៉ាងអាម៉ាស់បំផុត បន្ទាប់ពី
មន្ត្រីជំនាញចម្រុះ របស់ខេត្តសៀមរាប បានចុះទប់ស្កាត់ស្ងាត់ៗ។

ប្រជាពលរដ្ឋ ក្នុងភូមិវាល សង្កាត់ជ្រាវ បានរិះគន់យ៉ាងខ្លាំង ទៅលើមន្ត្រីដែលបណ្ដោយឲ្យឈ្មួញឈ្មោះ ហាក់ សេង ប្រើគ្រឿងចក្រឈូសឆាយ ទន្ទ្រានកាន់កាប់ ដីព្រៃលិចទឹកនៅ ចំណុចថ្លុកតាពេញ ភូមិវាល សង្កាត់ជ្រាវ ស្រេចតែអំពើចិត្ត។ ក្រោយពេល ប្រជាពលរដ្ឋ និងបណ្ដាញទំនាក់ទំនងសង្គម រិះគន់យ៉ាងពេញបន្ទុក ទើបកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ បានចុះទៅឃាត់ខ្លួន គ្រឿងចក្រចំនួន៩គ្រឿង នៅកន្លែងកើតមានបទល្មើស ដោយផ្ទាល់តែម្តង។ បញ្ហានេះកំពុងត្រូវបាន ប្រជាពលរដ្ឋតាមដាន ដោយយកចិត្តទុកដាក់ ហើយអាចវាយតម្លៃទុកជាមុនថា ឈ្មួញឈ្មោះ ហាក់ សេង អាចគេចផុត ពីសំណាញ់ច្បាប់ជាមិនខាន។ ដោយឈ្មួញហាក់ សេង គេបានឈូសឆាយបំផ្លាញ ព្រៃលិចទឹក ក្លាយជាវាលអស់ ទៅហើយ។
ម្ចាស់គ្រឿងចក្រ ដែលជួលឲ្យអ្នកបើកបរ ឈូសឆាយ បំផ្លាញព្រៃលិចទឹកនោះ ត្រូវបាន
មន្ត្រីសមត្ថកិច្ចលាតត្រដាងថា ជាឈ្មួញឈ្មោះ ហាក់ សេង ដែលជាអ្នកលក់គ្រឿងបន្លាស់ រថយន្តនៅក្បែរភោជនីយដ្ឋាន ឡុក យីញ ក្នុងក្រុងសៀមរាប ហើយឈ្មួញម្នាក់នេះ អាចមានទំនាក់ទំនងជិតស្និទ្ធជាមួយ មន្ត្រីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ផងដែរ ទើបហ៊ានប្រើគ្រឿងចក្រ ឈូសឆាយដីព្រៃលិចទឹក ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបន្ថែមថាប្រសិនបើគ្មានការបើកដៃ ពីមន្ត្រីជំនាញពាក់ព័ន្ធ ទេនោះគឺ ឈ្មួញឈ្មោះ ហាក់ សេង មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត របស់ខ្លួនឡើយ។
ប្រភពបន្ថែមទៀតថាឈ្មួញឈ្មោះ ហាក់ សេង គឺជាអ្នករងគ្រោះនោះទេ ពេលនេះជំនាញពាក់ព័ន្ធ បានដកដីដែលគាត់ទិញ ពីអ្នកការពារទីនោះ យកមកទុកជាសម្បត្តិរដ្ឋវិញហើយ។
លោកហាក់ សេង បានទិញដីព្រៃនោះចំនួន៤ហិចតា ហើយក្នុង១ហិចតាតម្លៃ២ម៉ឺនដុល្លារ។ការទិញដីនោះ អាចចង់យកអាចម៍ដី មកចាក់បំពេញដីឡូតិ៍ ដែលគាត់គ្រោងនិងពុះលក់មានទីតាំងក្បែៗនោះ។ ឥឡូវនេះ ឈ្មួញ ហាក់ សេង ត្រូវបាត់បង់ទាំងដីនិងលុយរាប់ម៉ឺនដុល្លារ ព្រមទាំងមានឈ្មោះអាស្រូវថែមទៀតផង។
ប្រភពបន្ថែមថា រហូតមកទល់និងថ្ងៃនេះ គេនៅមិនទាន់ដឹងពីចំណាត់ការ របស់សមត្ថកិច្ចចម្រុះរបស់ខេត្តសៀមរាប នៅឡើយទេ ដោយគេរុញដាក់គ្នាទៅវិញទៅមក។
ចៅសង្កាត់ជ្រាវ គឺលោកក្អោប រ៉ន បានឲ្យដឹងថា លោកមិនបានដឹងរឿងនេះទេ តែលោកធ្លាប់ប្រាប់ លោកហាក់ សេងថា មិនឲ្យធ្វើទេ ដោយលោកបានឲ្យគាត់ទៅសុំច្បាប់សិន។ ចំណែក លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង មិនអាចស្វែងរកសុំការពន្យល់ បានទេនៅរសៀលថ្ងៃទី២៤ខែមីនានេះ។
ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប លោកនួន មុន្នី បានឲ្យដឹងថា ករណីលោកមិនទាន់បាន ទទួលបានរបាយការណ៍ លំអិតនៅឡើយទេដោយគ្រាន់តែដឹងថារង់ចាំហត្ថលេខាឲ្យបានគ្រប់គ្នាសិន។ ចឹងទេគាត់មិនទាន់ហ៊ានប្រាប់លម្អិតនៅឡើយទេ ។
ជុំវិញករណីនេះដែរ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំ បូងខេត្តសៀមរាប បានឲ្យដឹងថា រឿងនេះលោកនៅមិនទាន់ បានដឹងនៅឡើយទេ។ ដោយសារប្រព័ន្ធទូរស័ព្ទរអាក់រអួលខ្លាំងពេក លោកថាស្តាប់មិនបានក៏បិទទៅ។

មជ្ឍដ្ឋានពលរដ្ឋសង្ឃឹមថា លោកឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ អាចចាត់វិធានការ ទៅលើអ្នកអភិរក្សតំបន់នោះ ដែលជាអ្នកឃុបឃិត ឲ្យឈ្មួញឈ្មោះ ហាក់ សេង ប្រើគ្រឿងចក្រឈូសឆាយ ទន្ទ្រាន កាន់កាប់ដីព្រៃលិចទឹក ទាំងគគ្លើនបែបនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,427 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,315,509 នាក់