ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្លូវ២ខ្សែ នៅជាយក្រុងសៀមរាប រងការបំផ្លាញស្ទើរទាំងស្រុង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 11:12 ព្រឹក អ្នកអាន 3718

 ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានសម្ដែងនូវការមិនសប្បាយចិត្ត ចំពោះផ្លូវ២ខ្សែរងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ដោយមន្ត្រីទទួលបន្ទូក មិនមានការជួសជុល ឡើងវិញនោះទេ។
ប្រជាពលរដ្ឋថាផ្លូវក្រវ៉ាត់ក្រុង ទាំង២ខ្សែនោះ ឈ្មោះថា ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ១ខ្សែចាប់ពីចំណុចស្វាយធំ សង្កាត់អំពិល ឆ្ពោះទៅដល់ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និង ផ្លូវខាងជើងអង្គរវត្ត ចំណុចជញ្ជីង ឆ្ពោះទៅពាក់ស្នែង ស្ថិតក្នុងឃុំភ្លង់ ស្រុកអង្គរធំ កំពុងតែខូចខាតស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរហាក់បីមើលរំលងទៅវិញ។
ពាក់ព័ន្ធករណីនេះមន្រ្តីសាធារណការ និងដឹកជញ្ជួនខេត្តសៀមរាប បានច្រានចោលនូវបញ្ហាប្រឈមនេះថា ផ្លូវទាំង២ខ្សែនេះ ស្ថិតនៅក្រោមការគ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា មិនពាក់ព័ន្ធនិងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តនោះទេ ដោយឡែកជញ្ជីង នៅចំណុចជាប់កែង ផ្លូវទៅពាក់ស្នែង គឺជាជញ្ជីង របស់អាជ្ញាធរជាតិអប្សរាដែរ។
បើតាមប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវមួយនេះថា កន្លងមកមានការ ជួសជុលដែរ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃទេ ខូចទៅវិញដដែល មិនដឹងមកពីមូលហេតុអ្វីនោះទេ។ ការខូចបែបនេះដោយសារថយន្តធំៗដឹកដីដឹកខ្សាច់ បើកបរឆ្លងកាត់។ ចំណែកជញ្ជីងថ្លឹងរថយន្តទាំងនោះអាចជាការដាក់ដើម្បីប្រមូលដាក់ហោប៉ៅតែប៉ុណ្ណោះ។
មជ្ឍដ្ឋាននានាបានលើកឡើងថាផ្លូវទាំង២ខ្សែនេះ ឆាប់ខូចមកពីអាជ្ញាធរធ្វើផ្លូវ មិនត្រូវស្តង់ដា បច្ចេកទេស ទើបធ្វើពីមុខខូចពីក្រោយយ៉ាងដូច្នេះ។
លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់អ្នកយកព័ត៌មានថាផ្លូវ២ខ្សែខាងលើ អាជ្ញាធរជាតិអប្សរា មិនទុកចោលនោះទេ ព្រោះការអភិរក្ស និងការអភិវឌ្ឍន៍ របស់អាជ្ញាធរជាតិអប្សរា វាដើរទន្ទឹមគ្នា ចំពោះការអភិវឌ្ឍន៍វិញ អាជ្ញាធរត្រូវតែធ្វើ គ្រាន់តែមានការយឺតយ៉ាវបន្តិចប៉ុណ្ណោះ ដោយសាតែកំពុងរង់ចាំថវិកា ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រហែលជា ៣ ខែទៀតទើបធ្វើការជួសជុល។
ដោយឡែក ផ្លូវចាប់ពី ផ្លូវជាតិលេខ៦ ចំណុចស្វាយធំ រហូតដល់រង្វង់មូលព្រៃគុយ វាខូចខាតខ្លាំង និងពីរង្វង់មូលព្រៃគុយ ដល់ព្រះដាក់ខូចខាតល្មម ដោយសារថយន្តដឹកដី អាជ្ញាធរជាតិអប្សរាបានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយ។
លោកបានបញ្ជាក់ថា ផ្លូវទាំង២ ខ្សែនេះគឺជាផ្លូវ បញ្ជៀសការកកស្ទះ ចរាចរណ៍នៅអង្គរ និងជាផ្លូវសម្រាប់ បញ្ជៀស រថយន្តធំៗដឹកទំនិញដឹកដីផងដែរ៕SRដោយស្រី កា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,245 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,670,104 នាក់