ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកស៊ុន ចាន់ថុល មើលរំលងរឿងអាស្រូវ ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មេសា ឆ្នាំ​ 2018 ម៉ោង 01:15 ល្ងាច អ្នកអាន 1434

ភ្នំពេញ៖បើទោះបីជាសារព័ត៌មាន បានមានការផ្សព្វផ្សាយ ព័ត៌មានរឿងអាស្រូវរបស់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ យ៉ាងណាក្ដីរហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំក្រសួងសាធារណការ នៅមិនទាន់ចាត់វិធានការ ទប់ស្កាត់នៅឡើយ។
បើតាមសារព័ត៌មានបានឲ្យដឹងថា យោងតាមប្រភពពីមន្ត្រីរាជការនៅ ក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ជូ កុល្លា ចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ធំ រហូតមកដល់ពេលនេះគឺលោក ជូ កុល្លា បានប្រើវិធីពង្រឹងបណ្ដាញជាប្រព័ន្ធយ៉ាងរឹងមាំ។ រាល់ចំណូលចំណាយសម្រាប់មន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ធំ គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក ជូ កុល្លា និងបក្ខពួកទាំងស្រុងតែម្តង ហើយរាល់គម្រោងចំណាយផ្សេងៗ របស់មន្ទីរសាធារណការខេត្តកំពង់ធំ សុទ្ធតែមានបញ្ហាមិនប្រក្រតី។
រឿងអាស្រូវតាមច្រើនរូបភាពរបស់លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ធំ ព្រមទាំងបក្ខពួក ត្រូវបានមន្ត្រីរាជការក្នុងមន្ទីរនេះ បើកកកាយជាបន្តបន្ទាប់ ដើម្បីឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹងហើយចាត់វិធានការទប់ស្កាត់ទាន់ពេលវេលា។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ចាន់ថុល បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ដែលជាហេតុធ្វើឲ្យលោក ជូ កុល្លា កាន់តែបានចិត្តហើយប្រើអំណាចប្រព្រឹត្ត កាន់តែខ្លាំងថែមទៀត។
តាមការបង្ហើបពីមន្ត្រីរាជការ នៃមន្ទីរសាធារណការខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងថា គម្រោងជួសជុលផ្លូវ ថែទាំផ្លូវ និងស្ថាបនាផ្លូវក្នុងខេត្តកំពង់ធំ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ជូ កុល្លា និងបក្ខពួក ហើយថវិការដ្ឋរាប់រយលានរៀល ត្រូវបានកេងប្រវ័ញ្ចជាបន្តបន្ទាប់។

ប្រភពដែលស្និទ្ធនឹងលោក ជូ កុល្លា បានឲ្យដឹងថា ការដែលលោក ជូ កុល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានឪពុកក្មេក របស់ខ្លួនជាមន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ ជាខ្នងបង្អែកយ៉ាងរឹងមាំ។
ដោយសារអាងមានឪពុកក្មេក ជាបង្អែកយ៉ាងរឹងមាំនោះហើយទើបលោក ជូ កុល្លា ហ៊ានផ្គើនដាក់មន្ត្រីធំៗក្នុងខេត្តកំពង់ធំ យ៉ាងគឃ្លើនបំផុត ដែលក្នុងនោះមានទាំងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ផងដែរ។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺពីលោក ជូ កុល្លា នៅឡើយជុំវិញករណីខាងលើនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,380 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,522 នាក់