ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយច្រកដូង កំពុងល្បីល្បាញ ខាងពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 10:31 ព្រឹក អ្នកអាន 869

 ភ្នំពេញ៖មានការលើកឡើងថា មេគយច្រកអន្តរជាតិដូង បានកំពុងប្រព្រឹត្តអំពើពុកលួយ យ៉ាងខ្លាំងតាមរយះ បើកដៃឲ្យមានអំពើរត់ពន្ធ យ៉ាងពេញបន្ទុក នៅក្រោមការគ្រប់គ្រង របស់ខ្លួន។ ថ្មីៗនេះបណ្ដាញសារព័ត៌មានបាន ធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។
តាមការបង្ហើបពីមន្ត្រីនៃច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកនេះ កំពុងប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថាលោក អ៊ុំ ចាន់រតនា បានឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ និងទំនិញខូចគុណភាពយ៉ាងពេញបន្ទុកតែម្តង។
ដូច្នេះលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យមន្ត្រីគយរូបនេះ ធ្វើអ្វីៗតាមអំពើចិត្តទៀត។
ចំណែកមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ។
ចំណែកប្រជាពលរដ្ឋនិងក្រុមអាជីវករដែលរកស៊ីនាំចូលទំនិញបន្តិចបន្តួចពីទឹកដីសៀមតាមច្រកដូង ត្រូវមន្ត្រីគយរបស់លោក អ៊ុំ ចាន់រតនា គាបយកលុយតាមអំពើចិត្តធ្វើឲ្យពួកគាត់ស្ទើតែគ្មានសល់ប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកកំរៀង បានឲ្យដឹងថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិដូងសព្វថ្ងៃនេះ បង់ពន្ធត្រឹមតែ៧០ទៅ៨០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវធ្លាក់ក្នុងហោប៉ៅលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិដូងយ៉ាងសុខស្រួល។
ប្រភពដែលស្និទ្ធនឹងលោក អ៊ុំ ចាន់រតនា បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា រយៈពេលប្រមាណ៣ខែចុងក្រោយនេះលោក អ៊ុំ ចាន់រតនា កំពុងបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។ លើសនេះទៅទៀតមានប្រភពខ្លះបានឲ្យដឹងថាលោក អ៊ុំ ចាន់រតនា ឃុបឃិតជាមួយឈ្មួញខិលខូចមួយចំនួនបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនជាងមុនទៅទៀត។
លើសនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតនិងទប់ស្កាត់អំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីគយរូបនេះប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។
អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពី លោកអ៊ុំ ចាន់រតនា ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិដូង បាននៅឡើយទេ នៅព្រឹកថ្ងៃ១៣ឧសភានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,770 នាក់
ម្សិលមិញ : 75,133 នាក់
សរុប : 50,546,851 នាក់