ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមហ៊ុន(ភឿក មុន្នី) កំពុងកែនពលរដ្ឋ ឲ្យកាប់ឈើ យ៉ាងពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ​ 2018 ម៉ោង 03:49 ល្ងាច អ្នកអាន 1031

 ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនដេញថ្លៃឈើបានពីរដ្ឋ មួយដែលមានម្ចាស់ឈ្មោះភឿក មុន្នី មានតួនាទីជានគរបាល នៅក្រសួងមហាផ្ទៃ បានកំពុងធ្វើសកម្មភាព កែនប្រជាពលរដ្ឋ ឲ្យចូលកាប់បំផ្លាញព្រៃឈើ យ៉ាងពេញបន្ទុក។
ឈ្មោះភឿក មុន្នី បានកាន់លិខិតដេញថ្លៃ បានពីក្រសួងកសិកម្ម បន្លំដើម្បីប្រមូលយកឈើ ដែលក្រុម ឈ្មួញកាប់ក្នុងដីសម្បទានសង្គមកិច្ច ស្រុកកោះញែកនិងក្នុងព្រៃដំណម របស់បងប្អូនជនជាតិដើម។ សកម្មភាពរបស់ក្រុមលោកភឿក មុន្នី ត្រូវបានសហគមន៍ជនជាតិដើម សំដែងការមិនពេញចិត្តនិងខឹងសម្បារ ខណៈព្រៃកប់សពដូនតារបស់ពួកគេ ត្រូវបានឈ្មួញទុច្ចរឹតកាប់បំផ្លាញ។
លោកភឿក មុន្នី ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនដេញថ្លៃបានឈើវត្ថុតាង ដែលសមត្ថកិច្ចបង្ក្រាប បានកាល ពីជាង២ឆ្នាំមុននៅតំបន់អូរ៉ូ ស្រុកកោះញែកខេត្តមណ្ឌលគិរីតាមបន្ទាត់ខ្សែរក្រវ៉ាត់ព្រំដែន ប្រទេសកម្ពុជា និងវៀតណាម លើចំនួនឈើមូលជ្រុងប្រមាណ១៨៧២ម៉ែត្រត្រីគុណ៨៥០។ផ្អែកទៅ លើលិខិត ស្នើរសូម របស់លោកភឿក មុនី បានបញ្ជាក់ថា សូមដឹកផលអនុផលព្រៃឈើពីតំបន់អូរ៉ូ ដែលជាទីតាំងគំនរទី១ យកមករក្សាទុកនៅ គំនរទី២ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ភូមិសាស្ត្រក្បែរ ទីតាំងស្នាក់ការបរិស្ថានត្រពាំងត្រាច។ក្នុងលិខិតស្នើរសូមនោះ លោកភឿក មុនី បានទទួលលិខិតលេខៈ ៣៤២ស. ជ. ណ. ប. ស្ថ ចុះថ្ងៃទី០៦មេសា២០១៨របស់ក្រសួងបរិស្ថាន។លិខិតបើក ផ្លូវលេខៈ ០៥២រព.កកព/LP/Bចុះថ្ងៃទី១០មេសា២០១៨របស់ប្រធានរដ្ឋបាលព្រៃឈើ។និងលិខិតលេខៈ៣៩៣ស.ជ.ណ.ប.ស្ថចុះថ្ងៃទី២៤មេសា២០១៨របស់ក្រសួងបរិស្ថាន។ព្រមទាំងមានការឯកភាពផងដែរពីអភិបាលខេត្តមណ្ឌលគិរីលោកស្វាយសំ អ៊ាង លើការស្នើរសូម របស់លោកភឿក មុនី ពីខាងលើ។
ប្រភពពីស្រុកកោះញែកបានឲ្យដឹងថា ដោយផ្អែកទៅលើការស្នើរសូមទាំងនោះហើយបានជាលោកភឿក មុនី មានឪកាសកែនប្រជាពលរដ្ឋ ដោយប្រើប្រាស់រណាយន្ត ត្រាក់ទ័រ គោយន្តកែឆ្នៃ ចូលកាប់ឈើមាន សុក្រំ ឈ្លីក ផ្ចឹក ជាដើមក្នុងព្រៃនៃសហគមន៍ភូមិឈួល ឃុំស្រែហ៊ុយ និងព្រៃក្នុងដីសម្បទានសង្គមកិច្ច រំលោភទៅនិងកិច្ចសន្យាដែលបានធ្វើជាមួយក្រសួងកសិកម្មនិងក្រសួងបរិស្ថាន។ជាក់ស្តែងកាលពីថ្ងៃទី ០៦ខែឧសភាកន្លងទៅសហគមន៍ភូមិឈួល បានរាយការថាលោកភឿក មុនី បានបញ្ជាឲ្យមានការកាប់ ឈើនៅជុំវិញទីតាំងដែលលោកស្នើរសូមធ្វើជាទីតាំងទី២ដើម្បីរក្សាទុកឈើវត្ថុតាង ដើម្បីទុកលាយឡំគ្នា ជាមួយឈើវត្ថុតាងនៅតំបន់អូរ៉ូ ដែលពុំទាន់បានដឹកមួយដុំមកទាល់តែសោះនោះ។

ពាក់ព័ន្ធនិងឈើដែលមានស្រាប់លើទីតាំងទី២ដែលលោកភឿក មុនីស្នើរសូមនោះ លោកបានបញ្ជាក់ ថា ឈើទាំងនោះលោកពុំបានឲ្យគេកាប់ក្នុងទីតាំងដីសម្បទានឬដីសហគមន៍នោះទេ គឺជាឈើដែលលោក បានដឹកមកពីតំបន់អូរ៉ូ កាលពីជាង១០ថ្ងៃមុន។ឆ្លើយតបរឿងនេះមន្ត្រីព្រៃឈើដែលមិនបញ្ចេញឈ្មោះ បញ្ជាក់ថាឈើនៅទីតាំងនេះ មិនមែនជាឈើវត្ថុតាងនៅតំបន់អូរ៉ូនោះទេ គឺជាឈើដែលទើបកាប់ថ្មីៗនៅ ប៉ុន្មានថ្ងៃមុន។ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីលោកអ៊ុំ វណ្ណសុភាក់ ក៏បានបញ្ជាក់ដែរថា ឈើនៅតំបន់អូរ៉ូរបស់លោកភឿក មុនី លោកនិងចាត់ឲ្យមន្ត្រីទៅពិនិត្យនៅថ្ងៃទី១០ខាងមុខ ដើម្បីឲ្យ លោក ភឿក មុនី ដឹកមករក្សាទុកនៅទីតាំងទី២។តួយ៉ាងឈើដែលមានលើទីតាំងទី២ទៅហើយនោះ លោកពុំបានដឹកថាលោកភឿក មុនី ដឹកមកពីណានោះទេ។លោកនាយខណ្ឌបញ្ជាក់ថា បើសិនជាមាន ការកាប់ឈើនៅក្នុងដីសម្បទានសង្គមកិច្ចដើម្បីលក់ពិតមែន វាជាអំពើខុសច្បាប់។
សេចក្តីរាយការពីបុរសសមាជិកសហគមន៍ភូមិឈួលនៅថ្ងៃទី០៩ឧសភានេះ ប្រាប់ថា ច្រកចូលទីតាំង ស្តុកឈើលោកភឿកមុនី ត្រូវបានធ្វើរោងនិងប៉ារ៉ាស បាំងរួចទៅហើយកាលពីថ្ងៃទី០៧ឧសភា ក្រោម ហេតុផលថាមិនឲ្យមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងអ្នកកាសែតចូលទៅពិនិត្យនិងថត រូបនៅទីនោះ។កាល ដែលធ្វើប៉ារ៉ាសបាំងនេះ សហគមន៍បានសំដែងការមិនពេញចិត្តផងដែរ ព្រោះទីតាំងខាងលើ ជាផ្លូវ ចាស់ដែលសហគមន៍ធ្វើដំណើរទៅកាន់ទីបញ្ចុះសពនិងជាកន្លែងគោក្របីស៊ីស្មៅជាប្រចាំ បាំងបែបនេះ តើចេញចូលតាមណា?បុរសសមាជិកសហគមន៍បន្តខាងក្រុមហ៊ុនដេញថ្លៃ កាលពីថ្ងៃម្សិលមិញ បានជួប សម្រុះសម្រួលគ្នាជាមួយសហគមន៍ និងថាប្រគល់ឈើដែលកាប់រួចឲ្យសហគមន៍វិញ ដើម្បីកុំឲ្យ សហគមន៍ជនជាតិដើម រារាំងសកម្មភាពរបស់គេបន្តទៀត។
អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ ទទួលបាននូវការបកស្រាយបំភ្លឺពីអភិបាល ខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង នៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,323 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,465 នាក់