ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រទេសឥណ្ឌា ផ្តល់ជំនួយលើវិស័យដោះមីន នឹងផ្តល់នូវឆ្កែហិតមីន មួយចំនួនដល់កម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 06:33 ល្ងាច អ្នកអាន 925

 នៅរសៀលថ្ងៃច័ន្ទ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Nimala Sitharaman Honble Raksha Mantri រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ។
លោកស្រី Nimala បានគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងជ្រាលជ្រៅជាទីបំផុតដែលសម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាកន្លងមក ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងនោះក៏មានការពាក់ព័ន្ធនឹងវិស័យឯកជនផងដែរដែលបានធ្វើឲ្យអ្នកវិនិយោទុនឥណ្ឌាមានចំណាប់អារម្មណ៍ជាខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះដែរ លោកស្រី Nimala បានមានប្រសាសន៍ជម្រាបសម្តេចតេជោ តាមរយៈទស្សនកិច្ចនោះគឺបានពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាកាន់តែល្អខ្លាំងឡើង។
នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី Nimala មកកាន់កម្ពុជានាពេលនេះគឺដើម្បីពិនិត្យនិងជំរុញនូវអ្វីដែលប្រមុខដឹកនាំបានចុះហត្ថលេខារួចហើយនោះឲ្យទទួលបានផ្លែផ្កា។ លោកស្រី Nimala ក៏បានមានប្រាសាសន៍ផងដែរថា ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត ។
លោកស្រីរដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោ ផងដែរនូវការផ្តល់ជំនួយដល់កម្ពុជាលើវិស័យដោះមីន ក្នុងនោះឥណ្ឌានឹងផ្តល់នូវឆ្កែហិតមីនមួយចំនួនដល់កម្ពុជា និងស្នើសុំឲ្យកម្ពុជារួមគ្នាឲ្យបានជិតស្និតក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌា និងកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ឥណ្ឌាដែលជាប្រទេសមួយដែលទទួលស្គាល់កម្ពុជាតាំងពីមុនកម្ពុជាទទួលបានឯករាជ្យមកម្ល៉េះ ហើយក៏ជាប្រទេសទី១ ដែលទទួលស្គាល់កម្ពុជាបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតត្រូវបានបញ្ចប់។ ជាងនោះទៅទៀតឥណ្ឌាបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជារហូតដល់ពីរដំណាក់កាល ដែលដំណាក់កាលទី ១) គឺក្នុងឆ្នាំ ១៩៥៤ និងទី២)នៅក្នុងទសវត្សទី៨០ និងទី៩០។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌាដែលបានផ្តល់ជូននូវជំនួយដល់កម្ពុជាខាងលើ និងអរគុណផងដែរចំពោះការផ្តល់ជំនួយលើកវិស័យដោះមីន។ សម្តេចតេជោ ពេញចិត្តនឹងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ឋរវាងកងទ័ពឥណ្ឌា និងកម្ពុជាក្នុងពេលបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ (UN)។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពេញចិត្តចំពោះកិច្ចសហការរវាងកងទ័ពឥណ្ឌា និងកម្ពុជា ព្រោះឥណ្ឌាមានបទពិសោធន៍ និងមានបណ្តាញព័ត៌មានជាច្រើន ដែលអាចជួយចែករំលែកព័ត៌មាន និងបទពិសោធន៍ ទាំងនោះដល់កម្ពុជាដែលអាចនឹងជួយកាត់បន្ថយដល់ហានិភ័យដល់កងទ័ពទាំងពីរក្នុងពេលបំពេញភារកិច្ចជាមួយអង្គការសហប្រជាជាតិ។ សម្តេចតេជោ ហ៊ុន សែន បានជូនពេលោកស្រីរដ្ឋមន្រ្តីទទួលបានជោគជ័យនៅក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,389 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,938,909 នាក់