ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឥណ្ឌូណេស៊ី ប្រាប់សម្ដេចហ៊ុន សែន ថាលោកនឹងខិតខំជួយជំរុញ ឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឲ្យបានឆាប់រហ័សបំផុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ​ 2018 ម៉ោង 09:02 ព្រឹក អ្នកអាន 443

 នៅរសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តានឆៃយ៉ា ស៊្រីសុវណ្ណ អគ្គមេបញ្ជាការរងកងទ័ពថៃ រួមមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃបានបន្តជួបពិភាក្សាការងារជាមួយ លោក Sudiman Haseng ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក Sudima Haseng បានមានប្រសាសន៍ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីថា លោកពិតជាមានការរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា។ លោក Sudima បានប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចរីកចម្រើនថ្មីទៀតតាមរយះការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី។ ទន្ទឹមនឹងនេះ គឺជំរុញនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។
លោក Sudima បានមានប្រសាសន៍ជំរាបជូន សម្តេចតេជោ ដែរថា ពាក់ព័ន្ធទៅនឹងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ពេលនេះមានក្រុម ហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើកជើងហោះហើរត្រង់ (Direct flight)មកកាន់ប្រទេសកម្ពុជា។ លោកនឹងខិតខំជួយជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរចំពោះ លោក ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីថ្មីដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត វិសាមញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិតណាស់ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា -ឥណ្ឌូណេស៊ី ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងន័យនេះយើងគប្បីណាពិនិត្យមើលសកម្មភាពផ្សេងៗ ដើម្បីប្រារព្វខួបរួមគ្នាក្នុងន័យឆ្លុះបញ្ចាំងនូវទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសម្តេចតេជោបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតពិនិត្យមើលលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃវិស័យទាំងអស់នោះ និងវិស័យផ្សេងៗទៀត ដែលអាចផ្តល់លទ្ធភាពជំរុញ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ពាក់ព័ន្ធនិងការហោះហើរត្រង់ពីប្រទេសឥណ្ឌូនេស៊ី មកកម្ពុជាសម្តេចស្វាគមន៍និងចាត់ទុកថាវាគឺជាជ្រុងមួយនៃការពង្រីកវិសាលភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ីឲ្យបានកាន់តែរឹងមាំថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក Sudiman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មី ប្រចាំនៅកម្ពុជាទទួលបានជោគជ័យនៅក្នុងដំណើរបំពេញភារកិច្ចការទូតនៅកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,646 នាក់
ម្សិលមិញ : 42,058 នាក់
សរុប : 53,847,949 នាក់