ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បីមេប៉ូលិស សេដ្ឋកិច្ចខេត្តរតនគិរី បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ តាមអំពើចិត្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 11:11 ព្រឹក អ្នកអាន 885

ភ្នំពេញ៖លោក ជា តារា នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃខេត្តរតនគិរី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ លាតត្រដាងថា បានកំពុងតែបើកដៃ ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ ទៅវៀតណាម យ៉ាងពេញបន្ទុក ដោយមិនមានការបង្ក្រាបនោះឡើយ។
សេចក្ដីរាយការណ៍ពីខេត្តរតនគិរី បានបង្ហើបឲ្យដឹងថា លោក ជា តារា មេប៉ូលិស នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបក្ខពួកកំពុងសប្បាយ ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅប្រទេសវៀតណាម យ៉ាងសុខស្រួល។
សេចក្ដីរាយការណ៍បន្ថែម មន្ត្រីនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលជាមនុស្សជំនិតរបស់លោក ជា តារា កំពុងធ្វើសកម្មភាព ប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនជារៀងរាល់ថ្ងៃ ហើយបន្តឲ្យបទល្មើសកើតឡើង យ៉ាងពេញបន្ទុកដដែល។ គ្រប់ឈ្មួញដែលដឹកជញ្ជូនឈើឆ្លងកាត់ក្រុងបានលុង និងផ្លូវជាតិលេខ៧៨ ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងច្រើនកន្លែងក្នុងស្រុកអូរយ៉ាដាវ គឺចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក ឈាង សុភ័ក្ត្រ ដែលជាមនុស្សជំនិតរបស់លោក ជា តារា នោះឡើយ។

សេចក្ដីរាយការណ៍បញ្ជាក់ថាមួយរយៈចុងក្រោយនេះឈ្មួញច្រើននាក់ បានប្រមូលទិញឈើនិងដឹកជញ្ជូនឈើពីស្រុកវ៉ើនសៃ ស្រុកកូនមុំ និងស្រុកលំផាត់ ឆ្លងកាត់ក្រុងបានលុង យ៉ាងពេញបន្ទុកហើយមិនឃើញមន្ត្រីនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្នុងខេត្តរតនគិរី ចាត់វិធានការបង្ក្រាបនោះទេ។ ឈ្មួញដែលកំពុងសម្រុកដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានដូចជាឈ្មោះ ចែរ៉ា, ឈ្មោះ ទូច, ឈ្មោះ ចន្ធី, ឈ្មោះ ស្រេង និងឈ្មួញឈ្មោះ ស្រីលក្ខណ៍ និងឈ្មោះណាក់ ជាដើម ។
ចំណែកលោក វ៉ាន សង្វាត ស្នងការរងនគរបាលខេត្តរតនគិរី ទទួលបន្ទុកផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងសម្ងំស្ងៀម ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យលោក ជា តារា និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។
ខេត្តរតនគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញច្រើននាក់ នៅតែសម្រុកដឹកឈើឆ្លងកាត់ក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ។
ប្រភពបានលើកឡើងថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ជា តារា នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កំពុងសប្បាយប្រមូលលុយ ពីក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកជា តារា នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តរតនគិរី បាននៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,261 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,110 នាក់