ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឧកញ៉ាគង់ ក្រឹង ភ្លេចអនុសាសន៍ នាយករដ្ឋមន្ត្រី!

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ​ 2018 ម៉ោង 05:30 ល្ងាច អ្នកអាន 889

ភ្នំពេញ៖សេចក្ដីរាយការណ៍ពី ខេត្តក្រចេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី គង់ ក្រឹង មេបញ្ជាការរងវរការពារព្រំដែនលេខ២០៤ និងជាឧកញ៉ាផងនោះ នៅតែសម្រុកដឹកជញ្ជូនឈើចេញទៅវៀតណាមយ៉ាងពេញបន្ទុក ដោយភ្លេចអនុសាសន៍ សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រី ដែលតែងតែ ប្រកាសណែនាំ ឲ្យមន្ត្រីកងកម្លាំងគ្រប់ប្រភេទ ដកខ្លួនចេញពីបទល្មើសព្រៃឈើ ប៉ុន្តែ គង់ ក្រឹង នៅតែបន្តអាជីប រកស៊ីឈើមិនញញើតបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំនោះឡើយ។
សេចក្ដីរាយការណ៍បន្ថែមថា ស្របពេលដែលមន្ត្រីនិងសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀងជាប់រវល់ ចូលរួមក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោត គឺមេឈ្មួញ គង់ ក្រឹង បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម កាន់តែខ្លាំងក្លាជាងមុនទៅទៀត។ គ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ច ពាក់ព័ន្ធណាហ៊ានចាត់វិធានការ ទប់ស្កាត់ សកម្មភាពរបស់មេឈ្មួញ គង់ ក្រឹងនោះទេ។
បើតាមព័ត៌មានផ្សាយថា បច្ចុប្បន្នមេឈ្មួញ គង់ ក្រឹង កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រករបៀងដេ៣ ក្បែរបង្គោលព្រំដែនលេខ១៦៨ ក៏ដូចជាតាមច្រកត្រពាំងស្រែវ៉ាលឺ យ៉ាងរាលដាលតែម្តង។ មានឈ្មួញមួយចំនួនជួលប្រជាពលរដ្ឋឲ្យដឹកជញ្ជូនឈើតាមម៉ូតូនិងតាមរថយន្តសាំយ៉ុងពីតំបន់ផ្សេងៗក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី មកលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់ទីតាំងស្តុកឈើជាប់ ខាងក្រោយបន្ទាយអង្គភាពវរការពារព្រំដែនលេខ២០៤ តែម្តង។ សូម្បីតែលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។
ព័ត៌មានបានឲ្យដឹងថា ក្នុងមួយយប់ៗមានឈ្មួញច្រើននាក់ ដឹកជញ្ជូនឈើពី៣០ទៅ៥០រថយន្តសាំយ៉ុងមកលក់ឲ្យមេឈ្មួញ គង់ ក្រឹង នៅចំណុចក្រោលគោរបស់មេឈ្មួញ គង់ ក្រឹង តែម្តង។
ជាងនេះទៅទៀតក្នុងមួយថ្ងៃៗ មានពលរដ្ឋស៊ីឈ្មួញដឹកឈើ រាប់សិបគ្រឿង មកលក់ឲ្យមេឈ្មួញ គង់ ក្រឹង។ ការដែលមេឈ្មួញ គង់ ក្រឹង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ទំនងដោយសារអាងមានខ្នងបង្អែករឹងមាំ ហេតុនេះហើយទើបឈ្មួញម្នាក់នេះ កាន់តែមានអំណាចធំធេងក្នុងការដឹកជញ្ជូនឈើ ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,680 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,822 នាក់