ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន បើគ្មានអ្វីកែប្រែនោះទេ កម្ពុជា នឹងប្រជុំសភា លើកដំបូង នៅថ្ងៃ១៩កញ្ញា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ សីហា ឆ្នាំ​ 2018 ម៉ោង 12:44 ល្ងាច អ្នកអាន 687

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាបើគ្មាន អ្វីកែប្រែនោះទេកម្ពុជាក្នុងនីតិកាលទី៦នឹងរៀបចំប្រជុំសភាលើកដំបូងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ២០១៨ ហើយបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងស្បថចូលកាន់តំណែងសភានៅល្ងាចទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ គឺនឹងបង្កើតរាជរដ្ឋាភិបាលថ្មី។ នៅពេលល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីស្បថចូល កាន់តំណែងជាផ្លូវការ។ បន្ទាប់មកថ្ងៃព្រឹកថ្ងៃទី ២១ ប្រជុំគណៈរដ្ឋមន្ត្រីថ្មី។ ប្រសិនបើរាជរដ្ឋាភិបាលថ្មី បានបង្កើតនៅក្នុងខែសីហា ២០១៨ នេះ គឺ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅថ្លែងសុន្ទរកថាជាផ្លូវការនៅអង្គការសហប្រជាជាតិ (UN) ផងដែរ។
ថ្លែងយ៉ាងដូច្នេះ នាថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ព្រឹកមិញនេះ ក្នុងពេលសម្ដេចបានអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វឹករួមទាំងប្រតិភូកីឡា ជាង៧០នាក់ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព។
មានប្រភេទកីឡាចំនួន ១៣ប្រភេទដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាបានសម្រិតសម្រាំងត្រៀមបញ្ជូនទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ ប្រភេទកីឡាដែល កម្ពុជាចូលរួមប្រកួត មានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡាដែលនេះជាកាយវិការមួយដ៏ប្រពៃសម្រាប់ អត្តពលិកជម្រើសជាតិមុនចេញទៅប្រកួតកីឡានៅក្រៅប្រទេស។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាលើកទឹកចិត្តដល់កីលាករ កីឡាការិនីក្នុងម្នាក់បានចំនួន ៥០០ដុល្លារ មុនចេញដំណើរទៅប្រកួត Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 101,560 នាក់
ម្សិលមិញ : 192,205 នាក់
សរុប : 56,705,702 នាក់