ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មែនអី!ហាងកាហ្វេ របស់កូនអភិបាល ខេត្តសៀមរាប ប្រើសុទ្ធ តែអក្សរ បរទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 01:08 ល្ងាច អ្នកអាន 7061

ខេត្តសៀមរាប៖យោងតាមគេហទំព័រកាសែតកម្ពុជាថ្មី នៅថ្ងៃទី៤កញ្ញាព្រឹកមិញនេះបានចេញផ្សាយថា ភោជនីយដ្ឋានរបស់កូនអ្នកធំនៅខេត្តសៀមរាប និង ហាងមួយចំនួនទៀត មិនមានសរសេរអក្សរខ្មែរយើងសោះ ពោលគឺមានតែភាសាបរទេស ទង្វើបែបនេះធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ ហើយករណីបែបនេះគេមានការព្រួយបារម្ភថា អាចនឹងបាត់បង់អត្តសញ្ញាណជាតិបន្តិចម្តងៗដោយមិនដឹងខ្លួន។
តាមប្រភពពីម្ចាស់ហាង លក់ វត្ថុអនុស្សាវរីយ៍ នៅផ្សាររាត្រី ក្នុងក្រុងសៀមរាប បានឲ្យដឹងថា អ្នកដែលមានលុយបើកហាង ឬ លក់វត្ថុអនុស្សាវរីយ៍ ដូចរូបគាត់ដែរ ក៏ដូចជាម្ចាស់ផ្ទះសំណាក់ ឬ ប៊ូ ទិក អ្នកខ្លះ ជួលផ្ទះគេលក់ អ្នកខ្លះ ជួលដីគេធ្វើតូបលក់ អ្នកខ្លះមានដីលក់ខ្លួនឯង គឺសុទ្ធតែសុំច្បាប់ពីខាងរដ្ឋបាលសាលាខេត្ត នៅច្រកចេញចូលតែមួយទាំងអស់ ហើយចំពោះធ្វើស្លាកយីហោ លក់ វិញ គឺបានសុំច្បាប់ពីខាង មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត និង ខាងមន្ទីរអន្តរវិស័យខេត្ត ផងដែរ បើពុំដូច្នេះទេ ពួកគាត់ពិតជាមិនអនុញ្ញាតឲ្យលើកស្លាកឡើយ ចុះហេតុអ្វីក៏នៅមានលើកស្លាកយីហោ សុទ្ធតែអក្សរបរទេសរីកដូចផ្សិត យ៉ាងដូច្នេះ ប្រហែលជាមានអ្វីលាក់បាំងនៅពីក្រោយហើយមើលទៅ។
ប្រភពបានបន្តទៀតថា ចំពោះស្លាកយីហោ ដោយសរសេរ អក្សរបរទេស គ្មានអក្សរខ្មែរនោះគឺ ហាងកាហ្វេរបស់ កូនរបស់លោក ឃឹម ប៊ុនសុង ដែលជាថ្នាក់ដឹកនាំខេត្ត ទាំងមូល ដែលមានទីតាំងស្ថិតនៅផ្លូវសាលារៀនវត្តបូព៌ ឡើងទៅស្ពានថ្ម ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ហេតុអ្វីបានជាមិនប្រាប់កូនឲ្យរៀបរៀងអក្សរខ្មែរធំនៅពីលើអក្សរបរទេសទៅ បែរជាគ្មានអក្សរខ្មែរសោះ ឃើញតែអក្សរបរទេសទៅវិញ នេះឬ ជាកូនថ្នាក់ដឹកនាំខេត្ត ដែលជាគំរូដល់អ្នកផ្សេង នៅជុំវិញខ្លួនផងដែរ។ ចំពោះ ហាង កាហ្វេ ដែលធំ ជាងហាងកាហ្វេរបស់កូនអភិបាលខេត្ត ដែលមានទីតាំងជាប់នឹងរង្វង់មូលវត្តដំណាក់ និង មុខវត្តព្រហ្មរ័ត្ន ស្ថិតនៅក្នុងសង្កាត់សាលាកំរើក និង ប៊ូ ទិក របស់បរទេស និង ផ្សាររាត្រី ផ្សេងទៀត ស្ថិតនៅក្នុងទឹកដី សង្កាត់ស្វាយដង្គំ។
ជុំវិញករណីខាងលើនេះ មិនអាចសុំការទំនាក់ទំនង ជាមួយប្រធានមន្ទីរអន្តរវិស័យ ខេត្ត បានទេ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រោះទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។</p>
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ បើតាមប្រភពពីមន្ត្រីអន្តរវិស័យខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា បើអក្សរ ទាំងអស់នោះជាវិជ្ជនាម មកពីក្រៅតែម្តង ចេញដោយក្រសួង វាអត់អីទេ ប្រសិនបើពួកគាត់អត់មានវិជ្ជនាម ដូចជាកម្មសិទ្ធិរបស់ខ្លួនអត់មាន អក្សរខ្មែរ លើ អក្សរបរទេស នោះបានន័យថា អក្សរខ្មែរ ត្រូវធំជាងអក្សរបរទេសពាក់កណ្តាល។
ប្រភពបានបញ្ជាក់ទៀតថា ចំពោះការចេញសេចក្តីជូនដំណឹង ដល់សាធារណជន ដែលជាអាជីវករ ទាំងអស់នោះខាងរដ្ឋបាលសាលាខេត្ត បានចេញជាយូរឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះ ក៏បានចេញម្តងកែតម្រូវម្តងទៀតផងដែរ។
ចំណែក លោក លី សំរិទ្ធ អ្នកនាំពាក្យសាលាខេត្ត និងជាអភិបាលរងខេត្ត មិនអាចសុំការបំភ្លឺ បានទេ នៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨នេះថា ព្រោះខលចូលអត់មានអ្នកទទួល។ទាក់ទិននឹងករណីខាងលើនេះដែរ ក៏មិនអាចសុំការបំភ្លឺពី លោក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈបានទេនៅព្រឹកថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៨នេះ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,195 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,054 នាក់