ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រឿងអាស្រូវ គយខេត្តក្រចេះ កំពុងល្បីល្បាញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 11:21 ព្រឹក អ្នកអាន 1111

ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មានបានធ្វើការផ្សព្វផ្សាយ រឿងអាស្រូវមេគយខេត្តក្រចេះ ដែលបានប្រើអំណាចតួនាទីជាមេគយ ដាក់ពង្រាយមន្ត្រីតាមផ្លូវដើម្បីប្រមូលលុយចូលរដ្ឋ។ ប៉ុន្តែការដាក់ពង្រាយកម្លាំងរបស់លោកចាន់ សំបូរ មេគយខេត្តក្រចេះនោះ ត្រូវបានគេសង្ស័យ អាចជាការដើម្បីប្រមូលលុយតាមរបៀបពុករលួយតែប៉ុណ្ណោះ។
យោងតាមសេចក្ដីរាយការណ៍បានបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះលោក ចាន់ សំបូរ ប្រធានសាខាគយខេត្តក្រចេះ កំពុងប្រើតួនាទីនិងអំណាចប្រមូលលុយ ដោយគ្មានញញើតអ្វីទាំងអស់ ទំនងព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះលោក ចាន់ សំបូរ បានពង្រាយកម្លាំងមន្ត្រីគយចល័តនៅលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីក្រុមឈ្មួញ ក្រុមអាជីវករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវនេះស្រេចតែអំពើចិត្តដោយយកលេសថាប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ផែនការ។ លោកចាន់ សំបូរ ប្រើគ្រប់វិធីដើម្បីប្រមូលលុយ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយប្រភពខ្លះបានឲ្យដឹងថា ទំនងលោក ចាន់ សំបូរ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយខេត្តក្រចេះ ទើបកំពុងខំប្រឹងស្រង់ដើមយ៉ាងតក់ក្រហល់។.
សេចក្ដីរាយការណ៍បានបន្ថែមថា ក្នុងមួយថ្ងៃៗមានរថយន្តធំៗដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៧អា ចូលមកក្រុងក្រចេះ ក៏ដូចជាមានរថយន្តឈ្មួញដឹកជញ្ជូនផលកសិកម្ម នឹងឈើចេញទៅវៀតណាម ជាច្រើនគ្រឿងហើយអាចក្លាយទៅជាប្រភពចំណូលរបស់លោក ចាន់ សំបូរ យ៉ាងសុខស្រួលតែម្តង។
ប្រភពបានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះមានរថយន្តរបស់មន្ត្រីគយខេត្តក្រចេះ ២គ្រឿងត្រូវបានគេយកទៅដាក់នៅចំណុចកែងខ្លាស្ទុះ និងកែងផ្លូវក្នុងស្រុកស្នួល ដើម្បីកាក់រថយន្តដឹកទំនិញចេញពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ រថយន្តរបស់មន្ត្រីគយទាំង២គ្រឿងនោះកាក់គ្រប់រថយន្តដឹកទំនិញដែលបើកបរឆ្លងកាត់ក្រុងក្រចេះ ឆ្ពោះទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យឡើងវិញចំពោះសកម្មភាពមិនប្រក្រតីរបស់លោក ចាន់ សំបូរ ក្នុងការដាក់ពង្រាយកម្លាំងគយចល័តលើផ្លូវជាតិលេខ៧អា ដើម្បីគាបយកលុយពីឈ្មួញមិនញញើតដៃ។ អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបាននូវការបកស្រាយបំភ្លឺពីលោកចាន់ សំបូរ មេគយខេត្តក្រចេះបាននៅឡើយទេរហូតមកដល់ព្រឹកថ្ងៃ១២កញ្ញានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,428 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,570,256 នាក់