ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ១០ឆ្នាំចុងក្រោយនេះ កម្ពុជា កំណើន សេដ្ឋកិច្ចខ្ពស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 06:58 ល្ងាច អ្នកអាន 645

មានប្រសាសន៍ថ្លែងនៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៨ព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថានៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ព្រមទាំងបានកាត់បន្ថយនូវភាពក្រីក្រ និងវិសមភាពក្នុងសង្គមផងដែរ។ ជាមួយនឹងចក្ខុវិស័យនេះ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ផងដែរថា គោលដៅយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះគឺនឹងផ្តោតអាទិភាពទៅការកែទម្រង់អភិបាលកិច្ចល្អសំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើធនធានមនុស្ស និងបង្កើតបរិយាកាសកាន់តែងាយស្រួលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍជាមួយដៃគូពាក់ព័ន្ធ ពិសេស ពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបកាន់តែប្រសើរឡើងមួយកម្រិតខ្ពស់ថែមទៅមុខទៀត។

ថ្លែងយ៉ាងដូច្នេះនាពេលអញ្ជើញចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើទី១៥ ក្រោមប្រធានបទ “រួមគ្នាកសាងវិធីសូត្រសមុទ្រសតវត្សរ៍ទី២១ បង្កើតសមាគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍”។ ពិធីបើកពិព័រណ៍នេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី (NICEC) ប្រទេសចិន ដែលមានការចូលរួមពី លោក លូ ស៊ីនសឺ លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន, លោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី , លោក ចុង សាន រដ្ឋមន្ត្រីពាណិជ្ជកម្មចិន និង លោក ហាន់ ជឹង ឧបនាយករដ្ឋមន្ត្រីចិន។

នាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះប្រកបដោយសេចក្តីសប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលត្រូវបានផ្តល់កិត្តិយសជាប្រទេសកិត្តិយសជាលើកទី២ នៅក្នុងឱកាសដ៏វិសេសត្រូវនឹងឆ្នាំខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក៏ដូចជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន។

ទន្ទឹមនឹងនេះគឺត្រូវផ្តល់អាទិភាពខ្ពស់ដល់ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព ពិសេសបង្កើតការងារ និងជួយពង្រឹងដល់ប្រព័ន្ធសុខមាលភាពសង្គម។ លើលពីនេះទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាចលករដ៏សំខាន់ ក្នុងការពន្លឿនសមាហរណកម្មតំបន់ ជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ, ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ការប្រតិបត្តិការធនាគារ និងការទូទាត់ហិរញ្ញវត្ថុ ។ល។

សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ចំពោះប្រទេសចិន សព្វថ្ងៃគឺមានការីកចម្រើនខ្លាំងនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបានចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់ប្រទេសជាសមាជិកអាស៊ានដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សអាស៊ានឲ្យទទួលបាននូវអត្ថប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 7,945 នាក់
ម្សិលមិញ : 35,893 នាក់
សរុប : 63,569,773 នាក់