ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចប់បាត់! តំបន់ទឹកត្រាវកុដិ ក្រុមហ៊ុន៣ ចាក់ដីលុប ទាំងកំរោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ​ 2018 ម៉ោង 11:39 ព្រឹក អ្នកអាន 21221

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រពើ និងភូមិស្នារសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣កំពុងបំពានកាន់កាប់ដីផ្ទៃអាងទឹកត្រាវកុដិ យកធ្វើជាកម្មសិទ្ធិ យ៉ាងគឃ្លើន ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ក្រុមហ៊ុនទាំង៣នោះ ហ៊ានចាក់ដីចូលអាងទឹកត្រាវកុដិ ហើយសាងសង់សំណង់ផ្សេងៗ គឺអាចមានការឃុបឃិត បើកដៃពីសំណាក់ មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក និងមន្ទីរពាក់ព័ន្ធផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ថ្មីៗនេះមន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប បានចុះពិនិត្យដល់កន្លែងដែលក្រុមហ៊ុនទាំង៣នោះចាក់ដីចូលអាងទឹកត្រាវកុដិ ដើម្បីសាងសង់សំណង់ផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានមួយនេះ ប៉ុន្តែមន្ត្រីស្ថាប័នពាក់ព័ន្ធមិនបានបញ្ជាក់ពីអត្តសញ្ញាណ ក្រុមហ៊ុនទាំង៣នោះឡើយ។ គេមិនដឹងថាការមិនបញ្ចេញឈ្មោះក្រុមហ៊ុនបែបនេះ មានអាថ៌កំបាំងអ្វីឡើយ។

តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពេលអាងទឹកត្រាវកុដិ ក្លាយទៅជាតំបន់រមណីយដ្ឋានធម្មជាតិ ដែលទទួល បានចំណាប់អារម្មណ៍ ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែច្រើនឡើងៗ ស្រាប់តែមានក្រុមហ៊ុន៣បំពានកាន់កាប់ដីផ្ទៃអាងទឹកត្រាវកុដិ យកធ្វើជាកម្មសិទ្ធិហើយសាងសង់សំណង់ផ្សេងៗទៀតទាំងកំរោល។

ប្រជាពលរដ្ឋបានលើកឡើងថា ករណីនេះអាចមានការឃុបឃិតបើកដៃ ពីសំណាក់មេឃុំបល័ង្ក និងអភិបាល ស្រុកប្រាសាទបាគង នោះទេ គ្មានក្រុមហ៊ុនណាអាចបំពាន កាន់កាប់ដីអាងទឹកត្រាវកុដិ យកធ្វើជាកម្មសិទ្ធិ ស្រេចតែអំពើចិត្តរបស់ពួកគេនោះទេ។
ដូច្នេះអាជ្ញាធរខេត្តសៀមរាប គួរពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យឈ្មួញ ម្ចាស់ក្រុមហ៊ុនទាំងនោះ ទន្ទ្រានកាន់កាប់ដីអាងទឹកត្រាវកុដិ យ៉ាងគឃ្លើនបន្តទៀត។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំបល័ង្ក បានលើកឡើងថា ករណីមន្ត្រីស្ថាប័នពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យសកម្មភាពទន្ទ្រាន កាន់កាប់ដីអាងទឹកត្រាវកុដិ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មិនបានបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនទាំង៣នោះទេ។
ជាក់ស្ដែងមន្ត្រីស្ថាប័នពាក់ព័ន្ធនិងសមត្ថកិច្ចចម្រុះបានពិនិត្យឃើញយ៉ាងច្បាស់ករណីក្រុមហ៊ុនចំនួន៣ចាក់ដីចូលអាងទឹកត្រាវកុដិ យកធ្វើជាកម្មសិទ្ធិហើយសាងសង់សំណង់ផ្សេងៗ ប៉ុន្តែគេមិនបញ្ចេញឈ្មោះក្រុមហ៊ុនទាំងនោះទៅវិញ។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,138 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,997 នាក់