ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សន្ទរកថា សម្តេច ហ៊ុន សែន ថ្លែងក្នុងវេទិកាធុរកិច្ច មេគង្គជប៉ុន “តំបន់ប្រមូលផ្តំ នៃខ្សែច្រវាក់តម្លៃរបស់អាស៊ី”

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 05:33 ល្ងាច អ្នកអាន 618

សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិកាធុរកិច្ចមេគង្គជប៉ុន “តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ទីក្រុងតូក្យូ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៨
ឯកឧត្តម ស៊ីរូស៊ីហ្កេ សេកូ (Hiroshige SEKO) រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ ឯកឧត្តម ហ៊ីរ៉ូយូគិ អ៊ិស៊ីហ្គិ (Hiroyuki Ishige) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)
ឯកឧត្តម លោកជំទាវ, ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយឥតឧបមា ដែលបានមកចូលរួមក្នុងវេទិកាធុរកិច្ចជប៉ុន-មេគង្គ ក្រោមប្រធានបទ “តំបន់ប្រមូលផ្តុំថ្មីនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី” ស្របពេលខួបលើកទី ១០ នៃកិច្ចសបប្រតិបត្តិការ ជប៉ុន-មេគង្គ។
ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះរដ្ឋាភិបាលជប៉ុន, អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម (AMEICC) ដែលបានផ្តួចផ្តើមគំនិត ផ្តល់ការគាំទ្រ និងធ្វើការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះបានយ៉ាងល្អ ប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមាន ឯកឧត្តម លោកជំទាវដែលជា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ លោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនជប៉ុនដែលបានអញ្ជើញចូលរួម នាថ្ងៃនេះហើយដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការចាប់អារម្មណ៍ ការគាំទ្រ និងការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើងថែមទៀតពីសហគមន៏ធុរកិច្ចជប៉ុនមកលើតំបន់មេគង្គប្រកបដោយជវភាពរបស់យើង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំសូមធ្វើការវាយតម្លៃយ៉ាងខ្ពស់ចំពោះសមិទ្ធផលនៃការអនុវត្ត “យុទ្ធសាស្ត្រតូក្យូថ្មី ឆ្នាំ២០១៥” និងការសម្រេច បានដោយជោគជ័យនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំ ទឹកប្រាក់ប្រមាណជាង ៧៥០ ប៊ីលានយ៉េន ដល់បណ្តាប្រទេសមេគង្គ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះខ្ញុំក៏សូមអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូឡកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី ១០ ដែលបាន អនុម័ត “យុទ្ធសាស្ត្រតូក្យូឆ្នាំ ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន” កាលពីព្រឹកម៉ិញ។ យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យតំបន់មេគង្គក្លាយជាតំបន់ប្រមូលផ្តុំថ្មីនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី (Asia’s New Value Chain Hub) ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមេគង្គជប៉ុនឲ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការធ្វើឲ្យមានការតភ្ជាប់កាន់តែមានប្រសិទ្ធភាព និងរស់រវើក ទាំងការតភ្ជាប់ផ្នែករឹង និងផ្នែកទន់ការផ្តោតលើសង្គមដែលមានប្រជាជនជាស្នូល ដូចជា ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សុខភាព សាធារណៈ, និងការសម្រេចបាននូវតំបន់មេគង្គបៃតង។
ក្នុងបរិមារណ៍នេះ រាជរដ្ឋាភិបាលកម្ពជាដែលបានកើតចេញពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ សំដៅស្វែងរក ប្រភពកំណើនសេដកិច្ចថ្មី ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពដោយទាញយកប្រយោជន៍ពី កាលានុវត្តភាពនៅក្នុងតំបន់, បង្កើតតម្លៃបន្ថែមក្នុងវិស័យចន្ទល់សេដ្ឋកិច្ចដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ, ជំរុញការវិនិយោគក្នុងវិស័យកសិកម្ម, រៀបចំខ្លួនសម្រាការឈោងចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងយុគសម័យឌីជីយល និងឈោងចាប់យកឱកាសក៏ដូចជាជំនះផលវិបាលពីបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងគោលដៅបម្រើឲ្យបេសកកម្មនៃការដឹកនាំកម្ពុជាឈានទៅសម្រេចបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នងន័យនេះ ចតុកោណយុទ្ធសាស្ត្រចំនួន ៤ ត្រូវបានដាក់ចេញដូចខាងក្រោម៖
ចតុកោណទី ១- ការអភិវឌ្ឍធនធានមនុស្ស រួមមាន (១) ការពង្រឹងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (២) ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, (៣) ការលើកកម្ពស់សេវាសុខភាព សាធារណៈ និងអាហារូបត្ថម្ភ, និងទី (៤) ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។
ចតុកោណទី២- ការធ្វើពិពិធកម្មសេដ្ឋកិច្ច រួមមាន (១) ការកែលម្អប្រព័ន្ធឡូជីស្ទិក, ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, (២) ការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ, (៣) ការរៀបចំខ្លួនសម្រេចសេដ្ឋកិច្ចឌីជីថល និងឆ្លើតតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤, និងទី (៤) ការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។
ចតុកោណទី ៣- ការអភិវឌ្ឍវិស័យឯកជន និងការងាររួមមាន (១) ការអភិវឌ្ឍទីផ្សារការងារ, (២) ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព, (៣) ការរៀបចំ និងអនុវត្តភាពជាដៃគូវិស័យសាធារណៈ និងឯកជន, (៤) ការពង្រឹងការប្រកួតប្រជែង។
ចតុកោណទី ៤- ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន រួមមាន (១) ការលើកស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ, (២) ការព្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៍ប្រកបដោយចីរភាព, (៣) ការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម, និង (៤) ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
កម្ពុជា ជាប្រទេសមួយក្នុងតំបន់មេគង្គដែលមានសក្តានុពល និងកាលានុវត្តភាពជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគ ដូចខាងក្រោម៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិត លើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើតសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងទៅនេះ។ កាលពីសប្តាហ៍កន្លងទៅ មូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករថាសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនក្នុងអត្រា ៧,២៥% ក្នុងឆ្នាំ២០១៨ ដែលអត្រាកំណើននេះ នឹងរក្សាបានក្នុងឆ្នាំខាងមុខ។ តាមរយៈកំណើនសេដ្ឋកិច្ចគួរឲ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅ រកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តុរទីប្រជុំទម្ងន់នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ី ពិសេសអាស៊ីបូព៌ា បន្តនៅជា “ឱកាសមាស” សម្រាប់កម្ពុជាធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយបណ្តាប្រទេសក្នុងតំបន់។
ទី ៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុនោះប្រជាជនដែលមានអយុត្រឹម ៣៥ ឆ្នាំចុះមានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ ទសវត្សរ៍ខាងមុខ។
ទី ៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើសរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។ យើងបានបើកចំហគ្រប់វិស័យ រួមទាំង វិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅប្រទេសជាច្រើននៅក្នុងពិភពលោក មិនអនុញ្ញាតឲ្យអ្នកវិនិយោគ ១០០% ដោយគ្មានការចូលរយមពីសំណាក់អ្នកវិនិយគជាតិនៅវិស័យទាំងនោះឡើយ។ កម្ពុជានៅមានសក្តានុពលយ៉ាងច្រើនក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រួមមានការបន្តបង្កើនភាពស៊ីជម្រៅនៃអន្តរការីកម្មហិរញ្ញវត្ថុ ការលើកម្ពស់វិស័យធានារ៉ាប់រង និងការអភិវឌ្ឍទីផ្សារមូលបត្រ។
ទី ៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គងសម្រាប់តែទីផ្សាកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥ លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០ លាននាក់ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០ លាននាក់ និងទីផ្សារនៅក្នុងតំបន់នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP) ដែលមានអតិថិជនប្រមាណ ៣ ប៊ីលាននាក់ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី ៦៖ កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្ម និងតភ្ជាប់តាមបោះប៉ូលសេដ្ឋកិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ដែលនឹងបង្កើតនូវប្រព័ន្ធឡូជីស្ទីកដ៏រស់រវើក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាកត្តាជំរុញឲ្យកម្ពុជាបោះជំហាន់ទៅមុខកាន់តែលឿន និងដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួម និងបំពេញគ្នា ទៅវិញទៅមកក្មុងស្មារតីឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់មេគង្គ ដើម្បីធ្វើឲ្យតំបន់នេះក្លាយជាតំបន់ប្រមូលផ្តុំថ្មីនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី ប្រកបដោយជវភាព។ លើសពិនេះទៅទៀត ជាងពេលណាៗទាំងអស់ ចាប់តាំងពីការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាននាខែធ្នូឆ្នាំ២០១៥ បណ្តាប្រទេសតំបន់មេគង្គបានធ្វើឲ្យសមាហរណ្ណកម្មកាន់តែស្និតស្នាលជាងមុន និងកំពុងតែប្រែក្លាយតំបន់ទៅជា “រោងចក្រអាស៊ីអាគ្នេយ៍”។
ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងឱកាសនេះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៍ឈ្លាសវៃរបស់ អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគជប៉ុនដែលមិនទាន់បានមកកម្ពុជាអញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា។ ជាថ្មីម្តងទៀតក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូន អ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពីសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៍ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន។
សូមអរគុណ!


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,045 នាក់
ម្សិលមិញ : 135,154 នាក់
សរុប : 62,409,038 នាក់