ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព័ត៌មាន សម្ដេច ហ៊ុន សែន ប្រជុំនៅ ប្រទេស ឥណ្ឌូនេស៊ី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 05:09 ល្ងាច អ្នកអាន 1388

នៅយប់ថ្ងៃទី១០តុលាឆ្នាំ២០១៨ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ លោក យ៉ូកូ វីដូដូ ប្រធានា ធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងលោកជំទាវដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនប្រមុខរដ្ឋ , ប្រមុខ រដ្ឋាភិបាល និងថ្នាក់ដឹកនាំអាស៊ាន, ព្រមទាំងអគ្គលេខាធិការ UN, អគ្គលេខាធិការអាស៊ាន, ប្រធានមូល និធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ដែលបានអញ្ជើញចូលរួមវេទិកានៃ ជំនួបថ្នាក់ដឹកនាំកំពូលអាស៊ាន និងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ IMF និង World Bank ឆ្នាំ២០១៨។

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ សម្ដេច ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងវេទិកានៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមប្រធានបទ«ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និងសកល» ដែលជំនួបកំពូលនេះត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងជំនួបប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះទាក់ទងទៅនឹងប្រធានបទខាងលើ ហើយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថាចូលរួមចែករំលែកនូវទស្សនវិស័យដែលមានសារៈសំខាន់ចំពោះអនាគតប្រទេសយើងទាំងអស់គ្នា ជាពិសេសសម្រាប់សហគមន៍អាស៊ានទាំមូល។

នៅថ្ងៃទី១២តុលា ឆ្នាំ២០១៨ព្រឹកមិញនេះ សម្ដេច ហ៊ុន សែន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) - ធនាគារពិភពលោក(World Bank) ដែលបានប្រារព្វពិធីបើកជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និសីទបាលីនូសាឌួ តំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំប្រចាំឆ្នាំនេះ ត្រូវបានការអញ្ជើញចូលរួមពី ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានមូលនិធិរូបិយវត្ថុអន្តជាតិ ប្រធានធនាគារពិភពលោក និងមានការចូលរួមពីប្រតិភូ ប្រមាណ ៣ពាន់៥០០នាក់ មកពី១៨៩ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គការសង្គមស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១ម៉ឺន៥ពាន់នាក់។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេសហ្វាំងឡង់ និងជាប្រធានកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តជាតិ និងធនាគារពិភពលោក និងសុន្ទរកថាឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី បានធ្វើការគូសបញ្ជាក់រួមគ្នាថា កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF - ធនាគារពិភពលោក World Bank នេះគឺពិតជាបានចែករម្លែក នូវទស្សនវិស័យ ផ្ដល់បច្ចុប្បន្នភាព ស្ដីអំពីស្ថានភាព សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការឆ្លុះបញ្ចាំងអំពីទិសដៅអនាគតសម្រាប់អាស៊ាន ដើម្បីបង្ហាញពីភាពដឹកនាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនិកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

នៅរសៀលទី១២ ខែតុលា ឆ្នាំ២០១៨ថ្ងៃមិញនេះ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦ដល់ទី១០ តុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់១២ តុលា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,784 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,457 នាក់