ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេកាំកុងត្រូល ខេត្តបាត់ដំបង អាចជាអ្នក បើកដៃឲ្យឈ្មួញ នាំចូល ទំនិញ ខូចគុណភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 12:37 ល្ងាច អ្នកអាន 1745

ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្នតាមច្រកព្រំដែន ជាច្រើនកន្លែងក្នុងស្រុកសំឡូត ស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង ឈ្មួញអាចនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមី ពីទឹកដីសៀមចូលទឹកដីខ្មែររាប់សិបតោនក្នុងមួយថ្ងៃៗ។
សេចក្ដីរាយការណ៍បានដឹងទៀតថា ការដែលឈ្មួញនាំចូលសាច់មាន់ ឆ្អឹងមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងគោ ខូចគុណភាពនិងប្រហិត ដែលអាចមានលាយសារធាតុគីមី ពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក គឺទំនងដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង ផងដែរ។
បើតាមប្រភពបានលើកឡើងថា កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីពាក់ព័ន្ធបានដុតបំផ្លាញចោលនូវទំនិញជាប្រភេទចំណីអាហារខូចគុណភាពចំនួន៧០គីឡូក្រាមនៅប៉ុស្ដិ៍ភ្នំដី ស្រុកសំពៅលូន។
ប្រភពបានឲ្យដឹងថា ការដែលលោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលរៀបចំឲ្យមានការដុតបំផ្លាញសាច់មាន់ និងឆ្អឹងមាន់ខូចគុណភាពសរុប៧០គីឡូក្រាមនោះ គឺធ្វើឡើងអាចដើម្បីបិទបាំងរឿង ឈ្មួញធំៗនាំចូលទំនិញ ដូចខាងលើរាប់សិបតោន ក្នុងមួយថ្ងៃៗ ហើយយកមកចែកចាយដល់រាជធានីភ្នំពេញ ផងដែរ។
ដូច្នេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម មិនគួរមើលរំលងទង្វើមិនប្រក្រតីរបស់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង នោះទេ។
ប្រភពបានឲ្យដឹងទៀតថា តាមច្រកព្រំដែននិងច្រករបៀងក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ឈ្មួញធំៗអាចនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីរាប់សិបតោនក្នុងមួយថ្ងៃៗ ហើយមិនឃើញកាំកុងត្រូលទប់ស្កាត់ឡើយ។ ប៉ុន្តែនៅពេលពលរដ្ឋទិញទំនិញទាំងនោះបន្តពីឈ្មួញធំៗយកមកលក់រាយតាមទីផ្សារត្រូវបានមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យដកហូតយកទៅកម្ទេចចោលធ្វើឲ្យពួកគាត់រកស៊ីខាតចុងខាតដើមរហូត។ លើសនេះទៅទៀតនៅពេលពលរដ្ឋនាំចូលទំនិញទាំងនោះបន្តិចបន្តួចត្រូវបានមន្ត្រីកាំកុងត្រូលបង្ក្រាបយកស្នាដៃ។ ចំណែកឈ្មួញធំៗអាច នាំចូលរាប់សិបតោនក្នុងមួយថ្ងៃៗធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។
អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានៅឡើយទេ ជុំវិញការរិះគន់នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,120 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,979 នាក់