ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កម្ពុជា អាចនឹង ទិញដីផ្ទះ នៅតួកគី សម្រាប់ បើកស្ថានទូត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 02:29 ល្ងាច អ្នកអាន 1031

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាដើម្បីអោយទំនាក់ទំនងកាន់តែរឹងមាំ កម្ពុជាគឺមិនជួលស្ថានទូតនៅប្រទេសតួកគីទេ គឺចង់មានស្ថានទូតដោយខ្លួនឯង តាមរយៈការទិញដី និងផ្ទះតែម្ដងសម្រាប់ស្ថានទូតកម្ពុជាប្រចាំនៅតួកគីនេះ។ តាមរយៈកិច្ចព្រមព្រៀងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជានឹងខិតខំធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចអោយបាននូវកិច្ចព្រមព្រៀងដោយមិនយកពន្ធត្រួតគ្នាដែលនេះគឺជាចំណែកមួយយ៉ាងសំខាន់សំរាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ។
ថ្លែងបែបនេះ នាពេល អញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៉ីស្តានប៊ុលនៅរសៀលថ្ងៃទី២០តុលាម្សិលមិញ។
សម្ដេចតេជោ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ទន្ទឹមនឹងនេះក៏សូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តម លោកជំទាវ លោកលោកស្រីភ្ញៀវជាតិ និងអន្តរជាតិដែលជាតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមនាពេលនេះ។
កិច្ចព្រមព្រៀងចំនួន 8 នឹងត្រូវចុះអនុស្សារណៈជាមួយគ្នា ដែលក្នុងនោះទាក់ទងនឹងវិស័យអប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និងវិនិយោគ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២១ តុលា ២០១៨នេះ ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធប្រសើរថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា រយៈពេល 5 ឆ្នាំបន្ទាប់ពីការបើកស្ថានទូតសាធារណរដ្ឋតួកគីនៅកម្ពុជាកាលពីឆ្នាំ 2013 កន្លងទៅ កម្ពុជាព្រមនឹងបើកស្ថានទូតនៅប្រទេសតួកគីនៅឆ្នាំ 2019 ខាងមុខនេះដែរ ហើយទាំងនេះជាការរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានឡើងបន្ថែមទៀត។
តាមរយៈកំណើនសេដ្ឋកិច្ចកធ្វើឲ្យកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ 2015 និងស្ថិតនៅលើគន្លងសម្រេចយកបាននូវការដាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ 2030។
បច្ចុប្បន្នចំនួនភ្ញៀវទេសចរណ៍ដែលបានមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ប្រមាណ 5 លាន 6 សែននាក់នៅឆ្នាំ 2017 ហើយក្នុងរយៈពេល 8 ខែក្នុងឆ្នាំ 2018 កម្ពុជាស្វាគមន៍ភ្ញៀវទេសចរមានការកើនឡើងប្រមាណ 12% ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ 2017។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេសកម្ពុជាដូចជា៖
1)កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេសបានធ្វើឲ្យកម្ពុជាស្ថិតនៅលើនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម 7 ភាគរយ។
2)កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រក្នុងប្រវត្តិអាស៊ានដែលជាតំបន់បាននិងកំពុងក្លាយទៅជារោងចក្រនៃអាស៊ានហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាលនៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ចតភ្ជាប់ខ្ពស់ជាងគេ សំរាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិតកម្មនិងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់។
3) កម្លាំងពលកម្មដែលមានភាពសម្បូរបែប ដែលក្នុងនោះដែលមានអាយុត្រឹម35 ឆ្នាំចុះមានចំនួនរហូតដល់ 72 ភាគរយនៃចំនួនពលកម្មសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់នេះ។
4) កម្ពុជាបានបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុង និងអ្នកវិនិយោគបរទេស ហើយបរទេសអាចវិនិយោគបាន100%តែម្តង។
5) ទំនិញផលិតនៅកម្ពុជាមិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺមានការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណជា 250 លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត។
6) កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មនៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀតក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រជាជន។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រីសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជា សូមចាប់ផ្តើមមកវិនិយោគ ហើយសម្ដេចក៏សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,061 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,672,838 នាក់