ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បែកធ្លាយ ភាពមិនប្រក្រតី ប្រធានមន្ទីរ សាធារណការ ភ្នំពេញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 06:49 ល្ងាច អ្នកអាន 1455

ភ្នំពេញ៖មានការលើកឡើងថា មន្ត្រីមួយចំនួនធ្វើការ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអំពាវនាវដល់ ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមន្ត្រីចុះអង្កេត និងស្រាវជ្រាវ ទៅលើសកម្មភាព ការងារ របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងបក្ខពួក ដែលមានភាពមិនប្រក្រតី។នេះបើតាមបណ្ដាញសារព័ត៌មានបានចេញផ្សាយនៅថ្ងៃ២២តុលានេះ។

យោងតាមប្រភពបានទម្លាយថា កន្លងមកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានទទួលគម្រោងជាច្រើន លើការងារស្ថាបនា ការងារជួសជុល និងថែរទាំផ្លូវ ពីក្រសួងសាធារណការ និងដឹកជញ្ជូននិងពីសាលារាជធានីភ្នំពេញ តាមរយៈ ការចចារថ្លៃក្នុងមួយឆ្នាំៗមានទឹកប្រាក់សរុបរាប់រយលានរៀល រហូតសឹងពាន់លានរៀល ឬស្មើ រាបសិបលានដុល្លារសហរដ្ឋអាមេរិក។

តួយ៉ាងដូចជាការងារចាក់បេតុងឆ្អឹងដែកកម្រាស់ ២០ស.ម ផ្លូវទំនប់កប់ស្រូវជំហ៊ានទី១ មានបណ្ដោយ១២ ៧៥៩ ម៉ែត្រទទឹង ៩,៧៥ម៉ែត្រ ផ្ទៃក្រឡា១២៥ ៤០០ម៉ែត្រការ៉េ ដាក់លូទំហំ១,៥ម៉ែត្រ កាត់ទទឹងផ្លូវ២កន្លែង ចាក់ដីពង្រីកតួផ្លូវបណ្ដោយ១២ ៧៥៩ម៉ែត្រ ទទឹង ១២ម៉ែត្រ ផ្ទៃក្រឡា ១៥៣.១០៨ម៉ែត្រការ៉េ រៀបសួនច្បារកណ្ដាលទ្រូងផ្លូវទំហំទទឹង ២,៥ម៉ែត្រ បណ្ដោយ១២ ៧៥៩ ម៉ែត្រ និងតម្លើងបង្គោលភ្លើងព្រែកចំនួន៤២៥ដើម ចាប់ពីផ្លូវរថភ្លើងដល់រង្វង់មូលព្រែកព្នៅ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌព្រែកព្នៅ ទទួលបានទឹកប្រាក់ចំណាយរហូតដល់ ៥៨. ០៣៤.០០០.០០០រៀល(ហាសិបប្រាំបីប៊ីលាន សាបសិបបួនលានរៀលគត់) បើគិតជាប្រាក់ដុល្លារ គឺស្មើ ១៤ ៣២៩ ៣៨២ (ដប់បួនលាន ម្ភៃប្រាំបួនពាន់ បីរយប៉ែតសិបពីរដុល្លាអាមេរិក) បើគិត១ដុល្លារស្មើ ៤០៥០រៀល។

ត្រង់ចំណុចនេះ សំណួរសួរថាតើការចំណាយប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ របស់សាលារាជធានីភ្នំពេញ ទៅលើគម្រោងខាងលើតាមរយៈការចចារថ្លៃ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយគណៈកម្មាធិការលទ្ធកម្ម របស់សាលារាជធានីភ្នំពេញ ថាតើតម្លៃខាងលើនេះ មានតម្លៃថ្លៃ ខ្ពស់ ឬថោកជាងឯកជន? ហើយសួរថា តើការចំណាយលើការទិញទំនិញ និងសម្ភារៈ របស់ លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ មានធ្វើលទ្ធកម្មត្រឹមត្រូវដែរឬទេ? ហើយនៅក្នុងលិខិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ព្រមតាមសំណើរបស់ សាលារាជធានីភ្នំពេញ ក្នុងការផ្តល់កិច្ចសន្យាលេខ ១៥៦០ សហវ.អលសា ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ផ្តល់ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកអនុវត្តន៏នោះ សុទ្ធតែបញ្ជាក់ហាមមិនឲ្យប្រគល់កិច្ចសន្យានេះ ប៉ុន្តែតទៅឲ្យក្រុមហ៊ុនឯកជនថែមទៀត។

ប្រភពអះអាងថា គម្រោងដែលក្រសួង និងសាលារាជធានី បានប្រគល់ទៅឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ជាអ្នកអនុវត្តន៍នោះ គឺសុទ្ធតែមានតម្លៃខ្ពស់លើសក្រុមហ៊ុនឯកជន ដែលប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន បុគ្គលិកស៊ីប្រាក់ខែផ្ទាល់ខ្លួន និងចំណាយដើមទុន រួមនឹងការបង់ពន្ធជូនរដ្ឋចំនួន១០%បន្ថែមទៀត លើតម្លៃដែលខ្លួនដេញថ្លៃបាន។ ប៉ុន្តែចំពោះ មន្ទីរសាធារណការ រាជធានីភ្នំពេញវិញ គឺបានប្រើសម្ភារៈបច្ចេកទេសរដ្ឋ បុគ្គលិកស៊ីប្រាក់ខែរដ្ឋ និងមិនបង់ពន្ធមួយកាក់មួយសេនទេ ប៉ុន្តែបែរជាទទួលបានគម្រោង ក្នុងតម្លៃថ្លៃខ្ពស់ ជាងក្រុមហ៊ុនឯកជនជាអ្នកទទួលម៉ៅការទៅទៀត។

ដោយឡែក ចំពោះថវិកា ដែលទទួលផលចំណេញ ដែលមន្ទីរសាធារណការរាជធានីភ្នំពេញ សល់ពីការអនុវត្តន៍គម្រោងនោះ តើលោកប្រធានមន្ទីរ សាំ ពិសិដ្ឋ យកទៅណា..? ហើយថា ករណីនេះ តើមានបានធ្វើបញ្ជីរចំណាយច្បាស់លាស់ឬទេ? ដូចជាចំណាយ ទៅលើការងារទិញទំនិញនិងសម្ភារៈសំណង់ ដើម្បីយកមកស្ថាបនា ការងារជួសជុល និងថែទាំផ្លូវដែលខ្លួនទទួលបានគម្រោងទាំងនោះជាដើម..។

ប្រភពព័ត៌មានពីមន្ត្រី នៃមន្ទីរសាធារណការ រាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីខាងលើនេះ គឺជាការចំណាយមិនប្រក្រតី ដោយរាល់ការសម្រេចចិត្ត គឺស្រេចតែលើបបូម៉ាត់ របស់លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ ដោយមានការចូលរួមពី ប្រធានការិយាល័យផែនការគណនេយ្យ លោក ម៉ុម សុខាន – លោក ហេង ងួន និងលោក គន្ធរ៉ា រួមនិងមន្ត្រីជំនិតរបស់លោក សាំ ពិសិដ្ឋ មួយចំនួនទៀត។ ពោលគឺមានន័យថា ប្រាក់ត្រូវចំណាយពិតអស់ប៉ុន្មាន និងចំណេញបានប៉ុន្មាន គឺនៅលើតែបបូម៉ាត់ពួកគាត់ ដោយសារការចំណាយទិញទំនិញនិងសម្ភារៈសម្រាប់អនុវត្តន៍ការងារគេមិនបានធ្វើលទ្ធកម្មនោះឡើយ។

ហេតុដូច្នេះនាំឲ្យ លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ និងមន្ត្រីជំនិត របស់លោកម្នាក់ៗ អាចទទួលបានប្រយោជន៍ក្នុងឆ្នាំៗ មិនតិចលានដុល្លារនោះទេ ចំណែកអ្នកខាតបង់ធ្ងន់ធ្ងរ គឺរាជដ្ឋាភិបាលកម្ពុជា។

ប្រភពព័ត៌មាន បានបន្ថែមថា តាមដឹងអ្វីៗគ្រប់យ៉ាង ចង់អស់ប្រាក់តិចឬច្រើន គឺអាស្រ័យទៅលើការសំរេច របស់លោកប្រធានមន្ទីរ សាំ ពិសិដ្ឋ និងមនុស្សជំនិត្យជាអ្នកកំណត់ ដោយកន្លងមក រាល់គម្រោងនីមួយៗពួកគេអាចបានប្រាក់ចំណេញគ្រប់ទឹក។ បន្ថែមលើសនេះ ក៏នៅមានគម្រោងជាច្រើនទៀត ដោយក្នុងគម្រោងនីមួយៗ មានតម្លៃមហាសាល។

អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកម៉ុម សុខាន ប្រធានការិយាល័យផែនការគណនេយ្យបាននៅឡើយទេរហូតដល់ព្រលប់ថ្ងៃទី២២តុលានេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,009 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,668,868 នាក់