ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកបណ្ឌិត ម៉ុឃីសា គីទុយី ចាត់ទុកកម្ពុជា ជាប្រទេស គំរូមួយ សម្រាប់ ប្រទេសផ្សេងៗទៀត ក្នុងការជំរុញ ការអភិវឌ្ឍ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 11:40 ព្រឹក អ្នកអាន 653

នៅថ្ងៃដដែល បន្ទាប់ពីជំនួបជាមួយ នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។
ក្នុងជំនួបនេះលោក ម៉ុឃីសា គីទុយី បានឲ្យដឹងថាលោកបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំរុញការអភិវឌ្ឍ។
លោកក៏បានចាត់ទុកថា កម្ពុជាគឺជាប្រទេសដែលមានឆន្ទះខ្ពស់ ពោលគឺបានប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តទៅមុខទៀត។
លោកថាលោកនឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត។
លោក ម៉ុឃីសា គីទុយី បានមានប្រសាសន៍ ជំរាបជូន សម្តេច ហ៊ុន សែន ថា នៅព្រឹកថ្ងៃទី២៣ តុលា ថ្នាក់ដឹកនាំទាំងអស់ នឹងបានស្តាប់នូវការថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេច ក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។
លោកមានប្រសាសន៍បន្ថែមថា យើងពិតជាបានធ្វើនូវទំនាក់ទំនងដ៏ល្អជាមួយគ្នាកាលពីពេលកន្លងមក ហើយអ្វីដែលលោកមានការសប្បាយបំផុតនោះ គឺវត្តមានរបស់សម្តេចក្នុងការអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទដ៏មានសារៈសំខាន់បំផុតនេះ។
លោកបញ្ជាក់ថា វេទិកាដែលរៀបចំនៅក្នុងឆ្នាំ២០១៨នេះ គឺដើម្បីធ្វើឲ្យប្រទេសទាំងអស់ លើពិភពលោកអាចចែករំលែកគ្នា ពិសេសកម្ពុជាដែលមានបទពិសោធន៍ល្អ លើការអភិវឌ្ឍ ក្នុងនោះសម្តេចតេជោអាចចែករំលែកដោយផ្ទាល់ ជាមួយនឹងបណ្តាមេដឹកនាំដ៏ទៃ ទៀត។
លោកថា វេទិកាក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួមប្រមាណ ៦ពាន់៦០០នាក់ មានប្រធានាធិបតី១០រូប នាយករដ្ឋមន្រ្តី៣រូប។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានការរីករាយដោយបានជួបពិភាក្សាជាថ្មីម្តងទៀត ជាមួយលោកអគ្គលេខា បន្ទាប់ពីជំនួបលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សម្តេចតេជោបន្ថែមថា បើទោះបីជាកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ តាមរយៈនេះ សម្តេចសូមថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែជួយដល់កម្ពុជាកាលពីពេលកន្លងមក និងទាំងក្នុងពេលបច្ចុប្បន្ន។
សម្តេច ហ៊ុន សែន មានប្រសាសន៍ ស្វាគមន៍ចំពោះ ឯកឧត្តមអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,205 នាក់
ម្សិលមិញ : 39,535 នាក់
សរុប : 67,174,026 នាក់