ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ចូលរួម កិច្ចប្រជុំ កំពូល អ្នកដឹកនាំ វិនិយោគសាកល នៃវេទិកា វិនិយោគពិភពលោក ឆ្នាំ2018

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ តុលា ឆ្នាំ​ 2018 ម៉ោង 09:00 ល្ងាច អ្នកអាន 1054

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី23 ខែតុលាឆ្នាំ 2018 នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ 2018 ក្រោមប្រធានបទ«ទស្សនៈវិស័យវិនិយោគក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម» ដែលពិធីនេះ គឺមានការចូលរួមពីអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល
នៃបណ្តាប្រទេសជាច្រើនរូបទៀតផងដែរ។
នៅឱកាសនោះផងដែរ បន្ទាប់ពីសុន្ទរកថារបស់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍រួចហើយនោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះសំខាន់ដែលមានអត្ថន័យថា សម្ដេចតេជោ ពិតជារីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ 2018 ដើម្បីចែករំលែកចក្ខុវិស័យសម្រាប់អនាគតរបស់យើង។ សម្តេចក៏អរគុណដល់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរដ្ឋាភិបាលស្វីសដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់រូបសម្ដេច និងគណៈប្រតិភូកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រផងដែរចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើនតាមរយៈបទអន្តរាគមន៍មុនៗទាក់ទងទៅនឹងការវិនិយោគក្នុងយុគ្គសម័យថ្មីនៃសាកលភាវូបនីយកម្មដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗក្នុងតំបន់ និងពិភពលោក។ ដោយសារតែកម្ពុជាធ្លាប់បានចូលរួមវិភាគទានមួយចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគទាំងក្នុងក្របខណ្ឌតំបន់ និងសាកលលោកនោះ សម្តេចក៏បានចែករំលែកនូវគោលនយោបាយវិនិយោគ និងការអភិវឌ្ឍរបស់កម្ពុជាដូចខាងក្រោម៖
កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ចំពោះគោលនយោបាយសាកលភាវូបនីយកម្មដែលប្រកាន់យកនៅប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្តែពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើនយ៉ាងក្នុងទិដ្ឋភាពនយោបាយសេដ្ឋកិច្ចសង្គម និងអន្តោប្រវេសន្តន៍បណ្តាលមកពីការប្រែប្រួលភូមិសាស្រ្តនយោបាយស្របគ្នាទៅនឹងនិន្នាការគាំពារនិយមនៅក្នុងបណ្ដាប្រទេសជឿនលឿនខ្លះដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយា
កាសវិនិយោគសាកល និងធ្វើឱ្យថមថយការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់គោលនយោបាយបើកចំហដែលធ្លាប់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ 7% ក្នុងមួយឆ្នាំក្នុងរយៈពេលពីរទសវត្សរ៍។ តាមរបាយការណ៍របស់ UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជាមានការកើនឡើង 12 ភាគរយក្នុងឆ្នាំ 2017 ដល់កម្រិតខ្ពស់បំផុត 2,8 billion ដុល្លារ អាមេរិកនៅក្នុងវិស័យហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និងទំនិញកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលធ្វើអោយកម្ពុជាស្ថិតនៅក្នុងចំណោម
ប្រទេសអភិវឌ្ឍន៍តិចតួច 5 លើពិភពលោកទទួលបានកំណើននៃការវិនិយោគខ្ពស់ជាងគេការវិនិយោគដោយផ្ទាល់ពីបរទេសជាពីភពឬវត្ថុដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានកាត់បន្ថយភាពក្រីក្រ 53 ភាគរយក្នុងឆ្នាំ 2004 មកនៅត្រឹម 13,5% នៅឆ្នាំ 2014 ។
រាជរដ្ឋាភិបាលកំពុងខិតខំជំរុញគោលនយោបាយច្បាស់លាស់ក្នុងការទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន កាត់បន្ថយថ្លៃអគ្គិសនី លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍ធនធានមនុស្សការរៀបចំប្រព័ន្ធបច្ចេកទេសព័ត៌មាន ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងការកែទម្រង់ស្ថាប័នគតិយុត្ត។
ជាងនេះទៅទៀត កម្ពុជាកំពុងជំរុញការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់សេវាកម្មប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព។ មកដល់ពេលនេះវិនិយោគិនបានស្នើសុំចុះបញ្ជីបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន 47 ទីតាំង ក្នុងនោះ 19 ទីតាំងកំពុងដំណើរការផលិត និងនាំចេញ ហើយ 10 ទីតាំងផ្សេងទៀតកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។ ជាមួយនឹងសក្តានុពល វិនិយោគលើគ្រប់វិស័យ គោលនយោបាយគាំពារ និងការលើកទឹកចិត្តដល់ការវិនិយោគ កម្លាំងពលកម្មទីផ្សារទូលាយនោះ បច្ចុប្បន្នកម្ពុជា ក៏មានអ្នកវិនិយោគបរទេសជាច្រើន បានផ្លាស់ប្ដូរទីតាំងរោងចក្រមកកម្ពុជា ព្រមទាំងមានការវិនិយោគធំៗផងដែរដូចជា ចិន ជប៉ុន កូរ៉េត្បូងជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា សាកលភាវូបនីយកម្មគឺជានិន្នាការនៃពិភពលោកទាំងមូលដែលជួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ចការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែក៏មានបញ្ហាប្រឈមផងដែរ។ សម្ដេចក៏សូមស្នើឲ្យប្រមុខដឹកនាំទាំងអស់រួមសម្ដែងនូវឆន្ទះ និងការទទួលខុសត្រូវដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកលនេះដើម្បីរក្សាឲ្យបាននូវបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្រ្តនយោបាយក៏ដូចជាបង្កើនទំនុកចិត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យឧស្សាហកម្ម។ ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិមួយប្រកបដោយស្មារតីទទួលខុសត្រូវកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាដៃគូពាក់ព័ន្ធទាំងអស់ដើម្បីការពារតំបន់ពាណិជ្ជកម្មសេរី និងសមត្ថភាពក៏ដូចជាដើម្បីរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះសម្ដេចក៏សូមឲ្យប្រមុខដឹកនាំប្រទេស និងក្រុមហ៊ុន
នានាចូលរួមជាដៃគូវិនិយោគជាមួយកម្ពុជាដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា។ ជាងនេះទៅទៀត សម្តេចក៏គាំទ្រពេញទំហឹងនូវគោលនយោបាយអន្តរជាតិនានាដែលជ្រោមជ្រែងដល់ការវិនិយោគក្នុងតំបន់និងពិភពលោក ព្រមទាំងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍នានា សូមផ្តល់ជំនួយបច្ចេកទេសផ្សេងៗដល់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជួយគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយគាំទ្រកំណើនប្រកបដោយប្រសិទ្ធភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,556 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,229 នាក់